Connect with us

កីឡា

គ្រូ​ក្មេង​ សៀងហៃ​ សំពះ​លា​ម្ដាយ​ទៅ​បារាំ​ងដូច​លា​ជា​លើក​ចុងក្រោយ​ ខណៈ​បច្ចុប្បន្ន​ម្ដាយបាន​មរណៈ​ភាព​ហើយ

បានផុស

នៅ

គ្រូ​ក្មេង​ សៀងហៃ​ ថា​ការ​សំពះ​លា​ម្ដាយ​មក​ធ្វើ​ការ​នៅ​ឯ​ប្រទេស​បារាំ​ងកាល​ពី​ ៦​ឆ្នាំ​មុន​នេះ​ដូច​ជា​ការ​លា​ជា​លើក​ចុង​ក្រោយ​សម្រាប់​រូប​គេ​ ព្រោះ​បច្ចុប្បន្ន​អ្នក​មាន​គុណ​របស់​ខ្លួន​បាន​ទទួល​មរណៈភាព​ទៅ​ហើយកាល​ពី​ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ។

​គ្រូ​ក្មេង សៀងហៃ​

លោក​ ធីម​ សៀងហៃ​ ហៅ​គ្រូ​ក្មេង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចាក់ចេញ​ពី​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​២០១៩​ រហូត​មក​ដល់​ពេល​នេះ​ជាង​ ៦ឆ្នាំ​មកហើយ​មិន​ទាន់​មាន​ឱកាស​ទៅ​វិញ​ស្រុក​ខ្មែរ​វិញ​នោះ​ទេ។​ អ្វី​ដែល​ចងចាំ​មិន​ភ្លេច​នោះ​ការ​សំពះ​លា​ម្ដាយ​មក​កាន់​ប្រទេស​បារាំង​ដូច​ជា​ការ​លា​គ្នា​លើក​ចុងក្រោយ​អីចឹង​ដែរ។​ ព្រោះ​តែ​ចាប់​ពី​ពេល​នោះ​មក​រូប​គេ​មិន​ដែល​បាន​ជួប​ម្ដាយ​ទៀត​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រូ​ក្មេង សៀងហៃ​

មុន​ពេល​ម្ដាយ​ទទួល​មរណៈ​ភាព​នេះ​គឺ​តែងតែ​ទូរសព្ធ​ហៅ​ខ្លួន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ជា​និច្ច​ ព្រោះ​តែ​ការ​បារម្ភ​ពី​ការ​រស់នៅ​ផង​ និង​ការ​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​មិន​មាន​ភាព​កក់ក្ដៅ​ផង។​ មួយ​វិញ​ទៀត​ដោយ​សារ​ខ្លួន​មាន​មាឌ​តូច​ អាយុ​នៅ​តិច​ ដូច្នេះ​ហើយ​ម្ដាយ​របស់​ សៀងហៃ​ តែងតែ​បារម្ភ​ និង​ចង់​ឲ្យ​កូន​វិល​ត្រឡប់​មក​ខ្មែរ​វិញ​បើ​ជួប​ការ​លំបាក​ដែល​មិន​អាច​ទ្រាំ​បាន។​

​គ្រូ​ក្មេង សៀងហៃ​ និងឪពុកម្ដាយ

នឹក​ដល់​រឿង​នេះ​គ្រូ​ក្មេង​ហាក់​មិនសប្បាយ​​ចិត្ត​នោះ​ឡើយ​ ព្រោះ​តែ​នឹករម្លឹក​ដល់​សម្ដី​ម្ដាយ​ដែល​ចង់​ឲ្យ​កូន​វិល​ត្រឡប់​មក​ខ្មែរ​វិញ។​ ប្រសិន​បើ​រូប​គេ​សម្រេច​វិល​ត្រឡប់​មក​ខ្មែរ​វិញ​ពេល​នោះ​អាច​ជា​ឱកាស​បាន​ជួប​មុខ​ម្ដាយ​ជា​លើក​ចុងក្រោយ​មុន​លា​គ្នា​ជា​រៀងរហូត​បែប​នេះ។​

គ្រូក្មេង​ និង​ម្ដាយ

ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់​ សៀងហៃ​ បាន​ត្រឹម​សុំ​ម្ដាយ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​បន្ត​ខំប្រឹង​បង្ហាត់​សិស្ស​ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ឯ​ប្រទេស​បារាំង​ឲ្យ​មាន​ភាព​ល្បីល្បាញ​ និង​មាន​អ្នក​ស្គាល់។​ ជា​ចុង​ក្រោយ​ការតស៊ូ​នៅ​ទីនោះ​ និង​ការ​ពន្យាពេល​ម្ដង​ហើយ​ម្ដង​ទៀតនេះ​ បាន​​ធ្វើ​ឲ្យរូប​​គេ​មិន​បាន​ជួប​មុខ​ម្ដាយ​ជា​លើក​ចុង​ក្រោយ​ដោយ​សារ​អ្នក​មាន​គុណ​របស់​ខ្លួន​មាន​ជំងឺ​ និង​បាន​ចែក​ឋាន​។​ នឹក​ដល់​ចំណុច​នេះ​ សៀងហៃ​ ហាក់​ស្ដាយ​ក្រោយ​ពិសេស​នោះ​ឱកាស​ចុង​ក្រោយ​ដែល​បាន​ជួប​មុខ​ម្ដាយ​ក៏​មិន​​បាន​ទៅ​ទៀត។​

ឪពុក ម្ដាយ គ្រូក្មេង

ដោយ​សារ​តែ​ការ​ស្រឡាញ់​គុន​ខ្មែរ​ចេញ​ពី​ចិត្ត​ តស៊ូ​ចង់​បង្ហាត់​ផ្សព្វផ្សាយ​ផង​ និង​ដើម្បី​ជីវភាព​រស់នៅ​ផង​ទើប​ធ្វើ​ឲ្យ​រូប​គេ​ចេះ​ពន្យាពេល​រស់នៅ​ឯ​ប្រទេស​បារាំង​នេះ។​

បញ្ជាក់​ដែរ​ថា​ លោក​ ធីម​ សៀងហៃ​ ហៅ​គ្រូ​ក្មេង​ បច្ចុប្បន្ន​នេះ​កំពុង​បង្ហាត់​គុន​ខ្មែរ​នៅ​ក្លឹប​ឯកជន​មួយ​ឯ​ទីក្រុងបុកឌូ​ ប្រទេស​បារាំង។​ រូប​គេ​បាន​ចាកចេញ​ និង​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​តែ​ម្នាក់​ឯង​តាំង​ពី​ឆ្នាំ​២០១៩​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ ចំណែក​ម្ដាយ​របស់​ សៀងហៃ​ បាន​ទទួល​មរណៈភាព​អំឡុង​ឆ្នាំ​២០២៣​៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម