ដំណើរការស្ថាបនាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានធ្វើឲ្យហាងឆេងដីកំពុងឡើងថ្លៃ ទាំងប៉ែកខាងកើតនិងខាងលិចនៃដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។
លោក សុខ ស៊្រុន ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាមបានថ្លែងឲ្យដឹងថា សន្ទុះការអភិវឌ្ឍន៍នឹងកើនឡើង ក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារដាក់ឲ្យដំណើរការ។ ការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រួលការធ្វើដំណើរបានរហ័ស រួមទាំងការដឹកជញ្ជូនផ្សេងៗ អាចបម្រើបានគ្រប់សកម្មភាពនៃចរន្តសេដ្ឋកិច្ច។
លោកបន្តថា គម្រោងអភិវឌ្ឍធំៗចាប់ផ្តើមហូរចូលទៅក្នុងតំបន់ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ និងស្ពានបានតភ្ជាប់ ដែលនាំតម្រូវការប្រើប្រាស់ដីធ្លីមានការកើនឡើង នាំឲ្យហាងឆេងដីហក់ឡើង។
ប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ក៏មើលឃើញកំណើនការអភិវឌ្ឍពីការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។ តែបើតាមថ្នាក់ដឹកនាំគ្រប់គ្រងខេត្តត្បូងឃ្មុំ ហាងឆេងដីឡើងថ្លៃ តែនៅអាចទទួលយកបាន។ ឯកឧត្តមបន្តថា ហាងឆេងមិនទាន់ហក់ខ្ពស់ដូចនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំនោះទេ។ ដីធ្លីឡើងក៏មិនទាន់ឡើងគំហុកនោះដែរ។
ក្រោយការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ រដ្ឋាភិបាលបានបន្តស្ថាបនាផ្លូវជាតិ ៧១C។ ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទៅខេត្តក្រចេះ និងស្ទឹងត្រែង។
ឯកឧត្តម ស៊ាក ឡេងថ្លែងបញ្ជាក់ថា ផ្លូវនេះទើបចាប់ផ្តើមស្ថាបនា បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងឆ្ពោះទៅខេត្តក្រចេះ និងស្ទឹងត្រែង។
ផ្លូវមួយខ្សែនេះ នឹងពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ តភ្ជាប់ទៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា៕