សេដ្ឋកិច្ច
សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ផ្អែកតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អត្រាកំណើនៃការទិញផ្ទះមានការកើនឡើងវិញដែលជាកំណើនច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ថា៖ «ឯកឧត្តម សាយ សំអាល់ ម្សិលមិញដាក់សារមកខ្ញុំ គាត់ថា ឥឡូវកំណើននៃការលក់ផ្ទះ អចលនទ្រព្យកើនឡើងវិញ ហើយ ប៉ុន្តែអត់កើនដូចមុនកូវីដទេ ខ្ញុំថា ត្រូវហើយ កើនដូចមុនកើននៅក្នុងជំនាន់ដែលម្នាក់ៗទិញផ្ទះច្រើនម្នាក់ទិញ១០០ផ្ទះ តែកំណើនពេលនេះគឺកំណើនពិតប្រាកដ»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី កំណើនដែលកើនខ្ពស់ដែលមិនមានមូលដ្ឋាន អាចល្អក្នុងមួយរយៈ ប៉ុន្តែមិនមានភាពធន់ទេ ប៉ុន្តែកំណើនមិនច្រើនក៏ដោយ តែមានមូលដ្ឋានច្បាស់លាស់កំណើនពិតនេះជាកំណើនមានភាពធន់។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៤ ខែមីនានេះថា លោកមិនទាន់អាចអត្ថាធិប្បាយបានទេអំពីកំណើននៃការលក់ផ្ទះនៅដើមឆ្នាំ ២០២៥ ដោយសារលោកមិនទាន់បានសិក្សា ដោយលោកបញ្ជាក់ថា មានភ្ញៀវសួរនាំខ្លះ ប៉ុន្តែការលក់ចេញក៏មិនទាន់ឃើញសញ្ញាវិជ្ជមានដែរគួឱ្យកត់សម្គាល់នោះទេ។

ទីផ្សារបុរី ខុនដូ ទំនងកើនឡើងវិញនៅឆ្នាំ ២០២៥ ខណៈតម្លៃប្រហាក់ប្រហែលឆ្នាំមុន។ លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងកាលពីពេលថ្មីៗនេះថា លោកស្រី គឹម គិនកេសា លើកឡើងថា៖ «យើងមិនគិតថា វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែ ការដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើតឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។
យោងតាម CBRE គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា បានកើនដល់ ៧ ម៉ឺន ២ ពាន់យូនីត និងបុរីចំនួន ១៦ ម៉ឺន ៧ ពាន់យូនីត។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង មានប្រសាសន៍ថា វិបត្តិដែលបានកើតឡើងនៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ ដែលលោកចាត់ទុកថា ជាឆ្នាំចុងក្រោយនៃវិបត្តិ។
លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។
លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញក្នុងកម្រិតមួយដែលថា អាចលក់បានអាស្រ័យលើតម្លៃ»។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ ក៏ធ្លាប់បានលើកឡើងមកកាន់កម្ពុជាថ្មីផងដែរថា ការទិញ-លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។
លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យកឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបានលុយយកទៅប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នកចាប់យកឱកាស នោះទីផ្សារហ្នឹងចាប់ផ្ដើមដំណើរការឡើងវិញ»។
យោងតាម CBRE វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ មានកំណើនប្រមាណ ៦ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


