ព័ត៌មានជាតិ
ទីផ្សារបុរី ខុនដូ ទំនងកើនឡើងវិញនៅឆ្នាំ ២០២៥ ខណៈតម្លៃប្រហាក់ប្រហែលឆ្នាំមុន
លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ គ្មានគម្រោងសាងសង់ចេញថ្មីច្រើននោះទេ ខណៈគម្រោងការិយល័យ Grade A នៅតែបន្ត កើតមាន ហើយផ្សារទំនើបក៏គ្មានដែរ។

លោកស្រីបន្តថា គម្រោងចាស់ៗ ក៏កំពុងតែបញ្ចប់ ហើយក៏មានគម្រោងខ្លះពិបាកក្នុងការបញ្ចប់ដោយសារតែអត្រានៃការជួលមិនទាន់ល្អ ពោលគឺតម្លៃជួល សម្រាប់ អាគារ និងការិយាល័យ និងទីផ្សារតម្លៃមិនទាន់ត្រឡប់មកវិញ ហើយនឹងនៅតែបន្តធ្លាក់ចុះទៀតក្នុងទំហំតិចតួច។
លោកស្រី គឹម គិនកេសា បន្តថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅមានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់គម្រោងគាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។
លោកស្រី គឹម គិនកេសា បានថ្លែងថា ដោយសារតែឆ្នាំ ២០២៤ កន្លងមកនេះ យើងឃើញគម្រោងដែលចេញថ្មីមានតិច ក្នុងឆ្នាំ ២០២៤ យើងឃើញមានតែគម្រោង ៥ ខុនដូ បើកលក់ថ្មី។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោងដែលនៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។

លោកស្រី គឹម គិនកេសា លើកឡើងថា៖ «យើងមិនគិតថា វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែ ការដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើតឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។
យោងតាម CBRE គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា បានកើនដល់ ៧ ម៉ឺន ២ ពាន់យូនីត និងបុរីចំនួន ១៦ ម៉ឺន ៧ ពាន់យូនីត។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង មានប្រសាសន៍ថា វិបត្តិដែលបានកើតឡើងនៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ នេះ ដែលលោកចាត់ទុកថា ជាឆ្នាំចុងក្រោយនៃវិបត្តិ។
លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។

លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់ មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញក្នុងកម្រិតមួយដែលថា អាចលក់បានអាស្រ័យលើតម្លៃ»។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។
លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យកឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបានលុយយកទៅប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នកចាប់យកឱកាស នោះទីផ្សារហ្នឹងចាប់ផ្ដើមដំណើរការឡើងវិញ»។
យោងតាម CBRE វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ មានកំណើនប្រមាណ ៦ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


