ព័ត៌មានជាតិ
មកដល់ពេលនេះ រដ្ឋាភិបាលដាក់ចេញវិធានការ និងជួយគាំទ្រអ្វីខ្លះ រុញឲ្យវិស័យអចលទ្រព្យងើបស្ទុះឡើងវិញ?
រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន ដើម្បីដោះស្រាយការជាប់គាំងលើវិស័យអចលទ្រព្យឲ្យមានសន្ទុះនិងងើបឡើងវិញ តាមរយៈការសម្របសម្រួលនីតិវិធី និងការលើកទឹកចិត្តជាពិសេសការបន្ធូរបន្ថយពន្ធដារ។
តើមកដល់ពេលនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការ និងបានជួយគាំទ្រអ្វីខ្លះ ដើម្បីជំរុញឲ្យវិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជាមានសកម្មភាព និងអាចស្តារឡើងវិញបាន?

>លើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ
កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដូចខាងក្រោម៖
ក. ចំពោះបុគ្គលទាំងឡាយណា ដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូមុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ ២០២៥ ត្រូវទទួលបានលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ ម៉ឺនដុល្លារអាមេរិក។
ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
ខ. ចំពោះបុគ្គលទាំងឡាយណា ដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ ដែលមិនទាន់ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (ក) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ អាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។
គ. ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ដូចមានចែងក្នុងចំណុច (ក) និង (ខ) ត្រូវទិញពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ
ឃ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន។
ចំពោះការទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានទទួលការលើកលែងនិងការអនុគ្រោះពន្ធ ប្រថាប់ត្រាដូចខាងលើនេះដែរ។

>ដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ (Refinance)
ថ្លែងការណ៍ពិសេសពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់អតិថិជន ដែលមានបំណងស្នើសុំឥណទានរៀបចំឡើងវិញ។
ការរៀបចំឥណទានឡើងវិញ ក៏ឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ការលុបចោលប្រាក់ពិន័យ មិនយកកម្រៃសេវាផ្សេងៗ មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានសងទៅជាប្រាក់ដើម ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ទៅតាមវិធានការនៃការរៀបចំឥណទានឡើងវិញ ។
ក្នុងករណីដែលអតិថិជនបង់យឺតយ៉ាវ ឬចង់ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ នឹងលុបចោលប្រាក់ពិន័យ។ ដោយឡែកចំពោះការប្រាក់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចពិចារណាលើកលែងមួយផ្នែកឬទាំងស្រុង ទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាននីមួយៗ
>ផ្ទេរពីការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់បុរីដែលយកការប្រាក់ខ្ពស់ មកបង់តាមគ្រឹះស្ថានធនាគារ
តាមរយៈក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំជាមួយអ្នកធ្វើការពាក់ព័ន្ធលើវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលជាមួយភាគីអតិថិជន ដែលបង់ផ្ទះរំលស់ជាមួយម្ចាស់បុរីដែលមានអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅបង់ជាមួយគ្រឹះស្ថានធនាគារ ក្នុងអាត្រាការប្រាក់ទាប។
តាមរយៈការសម្របសម្រួលនេះ ក៏នឹងជួយដល់ម្ចាស់អភិវឌ្ឍគម្រោងដែលជាប់គាំងទុនបង្វិល បានលុយដុំមកបន្តអភិវឌ្ឍគម្រោងរបស់ខ្លួន ហើយក៏នឹងជួយអតិថិជនទទួលបានឥណទានពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាងលើការបង់ទិញអចលទ្រព្យ។
>បន្ធូរបន្ថយការប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ
តាមរយៈជំនួបពិភាក្សាការងារនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកនៅត្រឹម ៨% ក្នុង ១ ឆ្នាំ ជាការរួមចំណែកក្នុងការជួយសម្រួល និងជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរ និងស្ទុះងើបឡើងវិញ។

ដ្បិតកន្លងមកអត្រាការប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យចន្លោះពី ១២% ទៅ១៨% ក្នុង ១ ឆ្នាំ ហើយការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកត្រឹម ៨% ក្នុងមួយឆ្នាំ នឹងផ្តល់លទ្ធភាពឲ្យពលរដ្ឋអាចទិញលំនៅឋាន រួមទាំងការអនុវត្តកាតព្វកិច្ចសងត្រឡប់កាន់តែមានភាពងាយស្រួល។
ដោយឡែក កាលពីថ្ងៃទី ៨ ខែឧសភាព ឆ្នាំ ២០២៥ មានកិច្ចប្រជុំមួយ ដែលមានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សាយ សំអាល់ និងវិស័យឯកជន ដែលមានតំណាងធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា និងធនាគារចិន (Bank Of China)។
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេស ដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈដែលធនាគារចិន (Bank of China) បានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦,២% ទៅ ៦,៥%។
បើតាមលោករដ្ឋមន្រ្តី ការចូលរួមវិនិយោគក្នុងវិស័យប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ជាកត្តាល្អមួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទិញលំនៅឋានសម្រាប់រស់នៅ ហើយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ គឺអាចមានឱកាសទិញលំនៅឋានបានតាមរយៈប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសមស្របតាមលទ្ធភាពដែលខ្លួនមាន ហើយនេះក៏ជាកត្តាល្អមួយដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានដំណើរការល្អឡើងវិញ ដោយសារប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះ ហើយសំណង់លំនៅឋានដែលនៅសេសសល់នោះក៏អាចលក់អស់និងមិនជាប់គាំងផងដែរ។
>ដោះស្រាយគម្រោងជាប់គាំងតាមបុរី
បញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់គម្រោងអភិវឌ្ឍតាមបុរីមួយចំនួន ទទួលបានផលវិជ្ជមានច្រើន ក្រោយស្ថាប័នជំនាញរបស់រដ្ឋាភិបាល បានបន្តរកដំណោះស្រាយឆ្លើយតបតាមសំណូមពររបស់ពលរដ្ឋ។
បញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់គម្រោងអភិវឌ្ឍបុរី បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែភាគីអតិថិជនដែលទិញគម្រោងបុរីរបស់ម្ចាស់គម្រោងអភិវឌ្ឍ មិនទទួលបានបណ្ណបំបែកក្បាលដីពីភាគីម្ចាស់បុរី ក្រោយដែលម្ចាស់បុរី ជាប់ពាក្យបណ្តឹង និងការចាប់ខ្លួនពីតុលាការ។
តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលដល់ពលរដ្ឋ រៀបចំនីតិវិធីដើម្បីអាចស្នើសុំប្លង់កម្មសិទ្ធិកាន់អចលនទ្រព្យពីគម្រោងអភិវឌ្ឍ។
>បន្តលើកទឹកចិត្តពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុរហូតដល់ឆ្នាំ ២០២៨
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលសម្រេចបន្តការលើកទឹកចិត្តបន្ថែមលើការលើកលែងពន្ធលើអចលនទ្រព្យសម្រាប់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥ ដែលនឹងត្រូវបន្តរហូតដល់ដំណាច់ឆ្នាំ២០២៨។
ការសម្រេចបន្តលើកទឹកចិត្តនេះ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។
ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

>បន្ថែមពីនេះ ការលើកលែងពន្ធក៏ជាយុទ្ធសាស្ត្រ ក្នុងការបង្កើតបរិយាកាសជំរុញការវិនិយោគលើអចលនទ្រព្យ ដែលកន្លងទៅរដ្ឋាភិបាលក៏បានប្រកាសការលើកទឹកចិត្តពន្ធដារលើអចលនទ្រព្យសំខាន់ៗមួយចំនួនដូចជា៖
-ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យមួយចំនួន ជាពិសេសនៅក្នុងគម្រោងបុរី (ការអភិវឌ្ឍលំនៅដ្ឋាន) ដែលមានតម្លៃ ឬក្រោម ៧០,០០០ ដុល្លារ គឺត្រូវបានលើកលែងពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ។ វិធានការនេះ មានគោលបំណងលើកទឹកចិត្តក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប។ ពន្ធផ្ទេរអចលនទ្រព្យស្តង់ដារគឺ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ។
-ការពន្យារពេលលើពន្ធចំណេញមូលធន ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុលើម្ចាស់អចលនទ្រព្យ និងអ្នកអភិវឌ្ឍក្នុងអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច។
-ការលើកលែងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ ទំហំដីក្រោម៥ហិកតា ដែលត្រូវបានលើកលែងពន្ធដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
-ពន្ធលើអចលនទ្រព្យត្រូវបានកំណត់ក្នុងអត្រា ០.១% លើតម្លៃអចលនទ្រព្យលើសពី ១០០ លានរៀល (ប្រហែល ២៥,០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ អចលនទ្រព្យនៅកម្ពុជាដែលមានតម្លៃទាបជាងនេះ ត្រូវបានលើកលែងយោងតាមប្រកាសលេខ ៥៧៦ ដែលមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ២០២៥។
-ការបង់ពន្ធសរុប (Lump-sum payment)៖ ការដាក់ចេញការបង់ពន្ធសរុបសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យជួយសម្រួលដល់ការអនុលោមតាមពន្ធ និងអាចជួយគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អប្រសើរ។ វិធីសាស្រ្តនេះកាត់បន្ថយបន្ទុករដ្ឋបាល និងផ្តល់ភាពច្បាស់លាស់ទាក់ទងនឹងកាតព្វកិច្ចពន្ធ។
-ការអនុគ្រោះសម្រាប់ការមិនប្រកាសពន្ធ៖ អ្នកអភិវឌ្ឍដែលមិនបានប្រកាសពន្ធលើអចលនទ្រព្យអាចទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះទាំងនេះ ប្រសិនបើពួកគេចុះឈ្មោះ និងបង់ពន្ធចំនួនត្រឹមត្រូវត្រឹមខែមិថុនា ឆ្នាំ២០២៥។ នេះលើកទឹកចិត្តឱ្យមានការអនុលោមតាម និង ការកែតម្រូវការប្រកាសពន្ធពីមុនដោយគ្មានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២៣ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


