អត្ថាធិប្បាយ
តើអ្វីទៅជា«លុយខ្មៅ» ហើយការលាង«លុយខ្មៅ»នេះ គេធ្វើតាមរបៀបណា?
យើងគ្រប់គ្នាសុទ្ធតែបានយល់ច្បាស់ហើយអំពីសារៈសំខាន់នៃលុយ។ លុយ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានចរន្ត ហើយលុយ ប្រើសម្រាប់ដោះដូរទំនិញ និងសេវាកម្ម។ វាពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗដែលរស់នៅមិនអាចខ្វះលុយបាន។ ប៉ុន្តែ ដោយសារតែលុយ មនុស្សហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ទោះបីជាត្រូវប្រកបរបរ ឬធ្វើការងារមិនស្របច្បាប់ក៏ដោយ។ អ្នកខ្លះហ៊ានដល់ទៅបង្កើតលុយខ្មៅថែមទៀតផង។

អ្វីទៅជាលុយខ្មៅ?
នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ពាក្យថា លុយខ្មៅ គឺគ្មាននិយមន័យច្បាស់លាស់ឡើយ។ ប៉ុន្តែ គេអាចត្រឹមតែកំណត់បានថា លុយខ្មៅ គឺផ្តោតសំខាន់ទៅលើការមិនបង់ពន្ធជូនរដ្ឋតាមច្បាប់ មានន័យថា រាល់ចំណូលទាំងឡាយដែលរដ្ឋមិនបានដឹងឮ លាក់បាំងពីរដ្ឋ និងមិនបង់ពន្ធ នោះ គឺចាត់ទុកជាលុយខ្មៅហើយ។ នៅពេលដែលប្រទេសមួយពោរពេញទៅដោយលុយខ្មៅ គេចាត់ទុកប្រទេសនោះថា មានប្រព័ន្ធសេដ្ឋកិច្ចខ្មៅ ដែលភាសាបច្ចេកទេសហៅថា Parallel Economy ឬ Black Money។
តើលុយខ្មៅមានប្រភពមកពីណាខ្លះ?
គេកំណត់ថា លុយខ្មៅ ជាលុយដែលបានមកពីប្រភពពីរផ្សេងគ្នា នោះ គឺបានមកពីសកម្មភាពស្របច្បាប់ និងសកម្មភាពមិនស្របច្បាប់។
- លុយខ្មៅដែលបានមកពីសកម្មភាពស្របច្បាប់ គឺសំដៅដល់ការបើកអាជីវកម្មស្របច្បាប់ និងការរកស៊ីមុខរបរ ធ្វើការងារត្រឹមត្រូវ ប៉ុន្តែប្រាក់ចំណូលដែលទទួលបាន គឺមិនបានប្រកាសពន្ធជូនរដ្ឋបានច្បាស់លាស់ ឬក៏មិនបានបង់ពន្ធជូនរដ្ឋតែម្តង។ជាឧទាហរណ៍ ក្រុមហ៊ុនមួយដែលរកចំណូលបានជាង ២០០លានដុល្លារក្នុងមួយឆ្នាំ។ នៅពេលប្រកាសពន្ធទៅរដ្ឋ គឺគាត់ប្រកាសថា ចំណូលទទួលបានត្រឹមតែ ១០០លានដុល្លារប៉ុណ្ណោះ។ មានន័យថា ក្រុមហ៊ុន គឺមិនបានប្រកាសពន្ធត្រឹមត្រូវនោះឡើយជូនរដ្ឋដែលខុសគ្នា ៥០ភាគរយនឹងចំណូលដែលក្រុមហ៊ុនទទួលបាន។ ការនេះ បានធ្វើឱ្យការប្រមូលពន្ធមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យបាត់បង់ចំណូលជាតិ។
- ប្រភពមួយទៀតនោះ គឺទីផ្សារខ្មៅងងឹត ឬសេដ្ឋកិច្ចក្រោមដី។ ក្នុងទីផ្សារខ្មៅងងឹត គឺសំដៅដល់ការជួញដូរអាវុធ គ្រឿងញៀន អំពើភេរវកម្ម និងការជួញដូរមនុស្សជាដើម។បន្ថែមពីនេះ វាក៏ទាក់ទងទៅនិងការលក់ទំនិញក្លែងក្លាយ និងការក្លែងបន្លំកាតឥណទាន ឬលួចទិន្នន័យយកទៅលក់។ លើសពីនោះ ការជួញដូរនៅក្នុងទីផ្សារងងឹត គឺប្រើប្រាស់លុយផ្ទាល់ ដោយគ្មានការទូទាត់តាមគណនីធនាគារឡើយ។

ដំណើរការលាងលុយខ្មៅ
ការលាងលុយខ្មៅ គឺជាដំណើរការបំលែងលុយខុសច្បាប់ឱ្យទៅជាលុយស្របច្បាប់។ ការលាងលុយ គឺមានច្រើនរូបភាពធ្វើឡើងក្រោមទម្រង់ផ្សេងៗគ្នា។ រដ្ឋាភិបាលមិនអាចប្រមូលពន្ធបានដោយសារតែគ្មានទិន្នន័យច្បាស់លាស់ពីការបង់ពន្ធ។ ដូចនេះ មានតែការលាងលុយប៉ុណ្ណោះ ជាវិធីដែលល្អប្រសើរសម្រាប់ការលាក់បាំង។ ការលាងលុយ គឺជាបទឧក្រិដ្ឋហិរិញ្ញវត្ថុដែលមាន៣ ដំណាក់កាល៖
១. ការដាក់លុយចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ (Placement)
ក្នុងដំណាក់កាលនេះ លុយខ្មៅត្រូវបានបំបែកទៅជាចំណែកផ្សេងគ្នាច្រើនហើយយកទៅដាក់ជាបញ្ញើ ឬជាការវិនិយោគនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដូចជាស្ថាប័នហិរញ្ញវត្ថុ កាស៊ីណូ ហាងលក់ទំនិញ ឬអាជីវកម្មតូចធំផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ វាអាចជាការរត់ពន្ធរូបិយប័ណ្ណទៅក្រៅប្រទេស (Currency Smuggling) ការផ្លាស់ប្តូររូបិយប័ណ្ណ (Currency Exchange) ការដាក់លាយបន្លំជាមួយលុយដែលមានក្នុងប្រព័ន្ធស្រាប់ (Blending Fund) និងការទិញទ្រព្យផ្សេងៗដែលមិនត្រូវការសំណុំបែបបទច្បាស់លាស់។ ដំណើរការនេះនឹងធ្វើឱ្យលុយទាំងនោះកាន់តែមានភាពងាយស្រួលក្នុងការបំលែង ឬផ្ទេរតាមរយៈធនាគារ ហើយឧក្រិដ្ឋជន ងាយនឹងបន្តដំណើរការលាងលុយតទៀត។

២. ការក្លែងបន្លំ ឬបំបិទប្រភពរបស់លុយ (Layering)
បន្ទាប់ពីដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ ពួកឧក្រិដ្ឋជន ត្រូវការក្លែងបន្លំ ឬបំបិទប្រភពរបស់លុយ ឬក៏ធ្វើឲ្យប្រតិបត្តិការលុយមានភាពស៊ាំញ៉ាំ ដើម្បីធ្វើឲ្យកាន់តែពិបាករកឃើញប្រភពលុយខ្មៅទាំងនោះ និងដើម្បីលាក់បាំងសកម្មភាពនៃការលាងលុយ។ ដំណើរការនេះ អ្នកលាងលុយប្រតិបតិ្តការក្រោមការវិនិយោគដូចជា មូលបត្រ បំណុល ភាគហ៊ុន និងមូលប្បទានប័ត្ររបស់អ្នកដំណើរ ឬនៅក្នុងគណនីធនាគាររបស់ពួកគេនៅបរទេស។ គណនីនេះ ត្រូវបានបើកជាញឹកញាប់នៅក្នុងធនាគារនៅប្រទេសទាំងនោះ ដោយមិនបង្ហាញពីពត៌មានលម្អិតរបស់ម្ចាស់គណនីឡើយ។ ដូចនេះ ម្ចាស់លុយ និងប្រភពនៅក្នុងដំណើរការនេះ ត្រូវបានលាក់បាំងក្លែងបន្លំ។
៣. ការដកលុយចេញបន្ទាប់ពីលាងរួច (Integration)
ដំណាក់កាលចុងក្រោយនេះ បន្ទាប់ពីលាងស្អាតហើយ លុយត្រូវបានយកមកប្រើប្រាស់ក្នុងប្រព័ន្ធ សេដ្ឋកិច្ច និងហិរញ្ញវត្ថុធម្មតាវិញ ដែលមានលក្ខណៈជាលុយស្របច្បាប់។

ឧទាហរណ៍នៃការលាងលុយ
វាមានវិធីច្រើនក្នុងការលាងលុយ។ នាពេលបច្ចុប្បន្ន ការលាងលុយ ធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា ហ្គេមអនឡាញ កម្ចីអនឡាញ ការចូលលេងកាស៊ីណូ វិនិយោគលើអចលនទ្រព្យ និងការវិនិយោគលើរូបិយបណ្ណឌីជីថល(Cryptocurrency)ជាដើម។ ប៉ុន្តែ វិធីដែលល្អ និងពេញនិយមបំផុតនោះ គឺការបើកក្រុមហ៊ុនក្លែងក្លាយ ដែលហៅថាក្រុមហ៊ុនមានតែសំបក (Shell Company)។ ក្រុមហ៊ុនមានតែសំបក (Shell Company) សម្តែងដូចជាពិតអញ្ជឹង តែនៅក្នុងពិភពពិតប្រាកដ ក្រុមហ៊ុននេះ គឺមិនមានទីតាំងផលិតផលពិតឡើយ។ ជាក់ស្តែង ក្រុមហ៊ុននេះ មានតែនៅលើក្រដាសប៉ុណ្ណោះ។
គួរយល់ថា លុយខ្មៅចំពោះសេដ្ឋកិច្ច គឺមានផលប៉ះពាល់ខ្លាំងដែលជាប្រភពរាំងស្ទះដល់ការអភិវឌ្ឍជាតិ និងធ្វើឱ្យបាត់ទិន្នន័យក្នុងការប្រមូលពន្ធចូលរដ្ឋ។ ការលាងលុយខ្មៅ គឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរដែលមេដឹកនាំជុំវិញពិភពលោកមានការព្រួយបារម្ភ និងប្រឆាំងជាដាច់ខាត៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក