ព័ត៌មានជាតិ
កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំង បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលលាងលុយកខ្វក់។

គួររំលឹកថា ប្រទេសកម្ពុជាធ្លាប់ត្រូវបានអង្គការមួយនេះសម្រេចដាក់ឲ្យស្ថិតនៅក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលលាងលុយកខ្វក់រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។

បើតាមសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុង មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិនិងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


