Connect with us

ជីវិតកម្សាន្ដ

ដំណើរជីវិតចុងក្រោយរបស់សិល្បការិនីមានទេពកោសល្យខ្ពស់អ្នកស្រី ហួយ មាស ឬ នាង មាស មេត្រី

បានផុស

នៅ

មាស មេត្រី ជា​រហស្សនាម និង​ជា​គោរមងារ ប្រចាំ​វិទ្យុជាតិ​កម្ពុជា​របស់​អ្នកស្រី ហួយ មាស ដែល​បាន​ទទួល​នៅ​អំឡុង​ឆ្នាំ ១៩៦៩។ សិល្ប​ការិនី​មាន​ទេពកោសល្យ​ខ្ពង់ខ្ពស់ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ អ្នកស្រី ហួយ មាស មាន​កំណើត​នៅ​ថ្ងៃ​ចន្ទ ខែបុស្ស ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ១៩៤៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ហួយ មាស មាន​វ័យ​ចាស់​ជាង អ្នកស្រី រស់ សេរី​សុទ្ធា ចំនួន ១០ ខែ។ តែ​អ្នកស្រី បាន​ប្រឡង​ជាប់​ចូល​រៀន​អនុវិទ្យាល័យ​មុន​អ្នកស្រី រស់ សេរី​សុទ្ធា ដល់​ទៅ​ពីរ​ឆ្នាំ នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ឪពុក​របស់​សិល្ប​ការិនី​ដ៏​ល្បីល្បាញ​អ្នកស្រី ហួយ មាស មាន​ឈ្មោះ ហួយ យ៉ុត ជា​បុគ្គលិក​ស្ថានីយ​អយស្ម័យយាន​បាត់ដំបង និង​ម្ដាយ​ឈ្មោះ ប៊ុត ជិន ជា​មេផ្ទះ។ អ្នកស្រី ហួយ មាស ជា​កូនស្រី​ពៅ នៃ​បណ្ដា​កូន​ទាំង​បី។ បងប្រុស​ទី​១-ឈ្មោះ ហួយ ស៊ីយឿន និង​បងប្រុស​ទី២-ឈ្មោះ ហួយ ស័យោ។ ចំណែក​សាច់ញាតិ​ដទៃ​ទៀត បាន​ធ្វើ​មរណកាល​យូរ​ទៅ​ហើយ។

យោង​តាម​ក្រុម​ព្រះសុរិយា អ្នកស្រី ហួយ មាស ជា​សិល្បករ​ពហុ​ជំនាញ​ដែល​ប្រកប​ដោយ​ទេពកោសល្យ​ខ្ពង់ខ្ពស់ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ បាន​បម្រើ​វិស័យ​សិល្បៈ​ជាតិ​ ​ស្ទើរតែ​ពេញ​មួយ​ជីវិត។

អ្នកស្រី ហួយ មាស មាន​រហស្សនាម​ប្រចាំ​ថា «នាង មាស មេត្រី» ដែល​គេ​ដឹង​ថា ក្រៅពី​ជា​អ្នក​ចម្រៀង​ប្រកប​ដោយ​ទឹកដម​សំនៀង​ផ្អែម​ត្រជាក់ នាង​ជា​សិល្បករ​ផ្នែក​ល្ខោន​និយាយ​ដ៏​មាន​ទេពកោសល្យ ជាទី​ស្នេហា នៃ​មហាជន​ទៀត​ផង។

ក្រៅពី​នេះ សិល្ប​ការិនី​មាន​ទី​កំណើត​នៅ​ទឹកដី​នៅ​ស្រុក​ចម្ការ​សំរោង ខេត្ត​បាត់ដំបង អាច​បញ្ចូល​សំឡេង​ភាពយន្ត អត្ថាធិប្បាយ ធ្វើ​ពិធី​ករ ឬ រៀបចំ​កម្មវិធី​ផ្សាយ​ផ្សេងៗ ក្នុង​វិទ្យុជាតិ​កម្ពុជា ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត ក្នុង​ការ​ចែករំលែក​គំនិត​ល្អៗ ទៅកាន់​មិត្ត​អ្នក​ស្ដាប់​ទៀត​ផង។

មុន​ឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស មាន​ការងារ​មមាញឹក​ណាស់ ក្រៅពី​ជា​អ្នកចម្រៀង នាង​ត្រូវ​បំពេញ​កិច្ច​ការងារ​ជាច្រើន​នៅ​ក្នុង​វិទ្យុជាតិ​កម្ពុជា។

នាង មាស មេត្រី ឬ អ្នកស្រី ហួយ មាស បាន​បំពេញ​ការងារ​នៅ​ក្នុង​នាទី​ជា​ច្រើន​ដូចជា ៖

១-នាទី​ចម្រៀង​យុទ្ធជន​

២-នាទី​ចម្រៀង និង​តន្ត្រី​ទំនើប​

៣-នាទី​ល្ខោននិយាយ​

៤-នាទី​សិក្សាអប់រំ​ជាដើម​..។

អ្នកស្រី ហួយ មាស «សៀវភៅ​ល្អ ជា​ឱសថ​កែ​ចិត្ត​គំនិត និង​ចរិយា​របស់​មនុស្ស​ឲ្យ​បាន​ប្រសើរ។ សៀវភៅ​ល្អ ជា​មគ្គុទ្ទេសក៍​ដឹកនាំ​អ្នកអាន​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​សុភមង្គល។ អាន​សៀវភៅ​ល្អ​ច្រើន ចេះ​ចាំ​ច្រើន ចម្រើន​ពិត នេះ​ជា​ពាក្យ​ទូន្មាន​មួយ​ដែល​សិស្ស​គួរ​ចងចាំ។ ផ្ទុយទៅវិញ សៀវភៅ​អាក្រក់ ជា​ពិសពុល ជា​មេរោគ​កំណាច​ដែល​ធ្វើ​ឲ្យ​អ្នកអាន​ដើរ​ខុសផ្លូវ ឲ្យ​ខាតបង់​ប្រាក់កាស និង​ពេលវេលា ឲ្យ​ប្រាសចាក​សីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។

មរតក​ស្នាដៃ​របស់​សិល្ប​ការិនី​ពហុ​ជំនាញ​អ្នកស្រី ហួយ មាស នៅតែ​បម្រើ​សិល្បៈ​ខ្មែរ និង​ពេញ​និយម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ត្រឡប់​ទៅ​រក​អតីតកាល​ដ៏​​សែន​រន្ធត់ នា​ព្រឹត្តិការណ៍​ថ្ងៃ​រំដោះ​ប្រជាជន​ចេញពី​រដ្ឋធានី​ភ្នំពេញ

ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស និង​កូន ០២ នាក់ គឺ វណ្ណ​លី ដា​លី មាន​អាយុ ០៥ ឆ្នាំ និង​កូនពៅ ឈ្មោះ វណ្ណ​លី ដូ​ដូ អាយុ ០៣ ឆ្នាំ កំពុង​ស្ដាប់​ស្ថានការណ៍​ស្រុកទេស និង​រង់ចាំ​ដំណើរ​វិលត្រឡប់​មកវិញ នៃ​ស្វាមី​របស់​នាង គឺ នាយ​ប៉ូលិស​ជាតិ​ក្រុងភ្នំពេញ លោក វណ្ណលី កេសរោ ក្នុង​គេហដ្ឋាន​ដ៏​តូច​ច្រឡឹង ដែល​មាន​ទីតាំង​នៅ​តំបន់​ទួលគោក ទល់មុខ​បឋមសិក្សា​ទួលគោក។

សិល្ប​ការិនី​ដ៏​ល្បីល្បាញ​អ្នកស្រី ហួយ មាស ខកខាន​បំពេញ​ការងារ ០២ ទៅ ០៣ ថ្ងៃ​មក​ហើយ ដោយសារ​ស្ថានភាព នៃ​ប្រទេស​កម្ពុជា កាន់តែ​ដុនដាប​ខ្លាំង កងទ័ព​សាធារណរដ្ឋ​ខ្មែរ បាក់​ទ័ព​គ្រប់​ទីកន្លែង។

វិទ្យុ​ក្រុងភ្នំពេញ ភ្លាមៗ​នោះ បាន​ប្រកាស​អំពី​ជោគជ័យ នៃ​បដិវត្ត​ខ្មែរក្រហម ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ និង​កិច្ច​ការ​ចរចា​រវាង​ខ្មែរក្រហម និង​សាធារណរដ្ឋ​ខ្មែរ។

អ្នកស្រី ហួយ មាស មាន​បំណង​ចេញ​ទៅ​វិទ្យុជាតិ តែ​ចៃដន្យ មាន​កូនចៅ​ស្វាមី​របស់​នាង មក​ប្រាប់​ថា ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ រក្សា​កូន​ទាំងពីរ នៅ​ផ្ទះ​ឲ្យ​ស្ងៀម កុំ​ចេញ​ទៅ​ក្រៅ ហើយ​ស្ដាប់​ទិសដៅ​ផែនការ​របស់​របប​ថ្មី​សិន។

ម៉ោង​ប្រមាណ​ជាង ៨ កន្លះ​ព្រឹក កង​រំដោះ​ដែល​មាន​ពាក់​អាវ​ខ្មៅ លើក​ទង់​ជ័យជម្នះ​នៅ​ទូទាំង​រដ្ឋធានី​ភ្នំពេញ មិនបាន​ប៉ុន្មាន​ផង ប្រជារាស្ត្រ​ខ្មែរ​រាប់​ម៉ឺន​នាក់ បាន​ចាកចេញ​ពី​គេហដ្ឋាន​តាម​ការ​ជម្លៀស​ស្រែក​បញ្ជា​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​រយៈពេល ០៣ ថ្ងៃ​សិន ព្រោះ អាមេរិក នឹង​ទម្លាក់​គ្រាប់​បែក។

អ្នកស្រី ហួយ មាស និង​កូនៗ​ទាំងពីរ រួម​ទាំង​អ្នក​នៅ​ជាមួយ​ពីរ​នាក់ បាន​រៀបចំ​សម្ភារៈ​មួយ​ចំនួន​ចាក​ចេញ​ពី​ផ្ទះ ទៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ តាម​ទិសដៅ​ដែល​ខ្មែរក្រហម​ដាក់​ទិស​ចុះ​មក។

នៅ​តាម​ផ្លូវ​មាន​សាក្សី​ជា​ច្រើន​បាន​ឃើញ​អ្នកស្រី ហួយ មាស និង​កូនៗ​របស់​នាង ក្នុង​ទឹកមុខ​ព្រួយ​បារម្ភ ដូច​ប្រជាជន​ខ្មែរ​ដទៃ​ទៀត​ដែរ មិន​ដឹង​ថា តើ​ជោគវាសនា​របស់​នាង នឹង​ទៅ​ជា​របៀប​ណា​? បាន​ប៉ុន្មាន​ថ្ងៃ អង្គការ​បដិវត្ត រៀបចំ​ចុះ​ឈ្មោះ​ប្រជាជន​ទាំងនោះ ដោយ​ចូល​ស្ថានការណ៍​មិន​ស្រួល អ្នកស្រី ហួយ មាស ព្យាយាម​លាក់បាំង​ប្រវត្តិ​ពិត​របស់​នាង ដោយ​ប្រាប់​អង្គការ​បដិវត្ត​ថា នាង​ឈ្មោះ លុង នាង​ឈ្មោះ លុក ជា​អ្នក​រកស៊ី​ម្នាក់ ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់។ ទោះបី​ជា​ព្យាយាម​លាក់​បាំង​យ៉ាង​ណា​ក៏ដោយ ក៏​លាក់​ពុំ​ជិត​ដែរ ខ្មែរក្រហម ស្គាល់​អ្នកស្រី ហួយ មាស ច្បាស់​ណាស់ ហើយ​ក៏​បញ្ជូន​នាង និង​កូនៗ តាម​រថភ្លើង​មក​កាន់​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

មក​ដល់​ទីនោះ អ្នកស្រី ហួយ មាស រស់​យ៉ាង​ស្ងៀមស្ងាត់ ស្ដាប់​ការ​ដាក់​ទិស​របស់​អង្គការ​ដោយ​ពុំ​ហ៊ាន​ងាករេ​អ្វី​ឡើយ។

បន្ថែម​នោះ មក​ដល់​តំបន់​នោះ អ្នកស្រី ហួយ មាស បាន​ជួប​អតីត​ប្អូន​ថ្លៃ​របស់​នាង គឺ នាង អ៊ុំ សុផាន់​ណា​រ័ត្ន និង​កូនស្រី​ទី ១ របស់​នាង គឺ អ៊ុំ សោមាវត្តី ដែល​បែក​គ្នា​តាំងពី​ឆ្នាំ ១៩៧០ ក្រោយ​ពេល​នាង​លែងលះ​ជាមួយ​ស្វាមី​ទី ១ ជាមួយ​លោក អ៊ុំ សុ​ផា​នុ​រក្ស ហៅ យែ​ល ជា​តន្ត្រីករ។ ការ​ជួប​នេះ ពុំ​អាច​រស់នៅ​ជាមួយគ្នា​បាន​នោះ​ទេ នាង អ៊ុំ សុផាន់​ណា​រ័ត្ន ត្រូវ​បែក​ចេញ​ទៅ​កង​នារី។ កូនស្រី​របស់​អ្នកស្រី ហួយ មាស ត្រូវ​រស់នៅ​ក្នុង​កងកុមារ។ ចំណែក​អ្នកស្រី ហួយ មាស ត្រូវ​រស់នៅ​ក្នុង​កង​មេម៉ាយ។

ការ​រស់នៅ​ដោយ​វេទនា កម្សត់ មិន​ដែល​ជួប​ប្រទះ អ្នកស្រី ហួយ មាស ព្យាយាម​ហែល​ឆ្លង​ដោយ​ក្ដី​សង្ឃឹម​ជានិច្ច។ អ្នកស្រី តែង​ប្រាប់​មិត្ត​នារី​ដែល​ធ្វើការ​ជិតដិត​ជាមួយ​ខ្លួន​ថា នា​ថ្ងៃ​ណាមួយ អ្នកស្រី នឹង​បាន​ទៅ​ក្រុង​ភ្នំពេញ​វិញ ហើយ​បាន​បម្រើ​វិស័យ​សិល្បៈ​បន្ត​រហូត​ដល់​ជីវិត​សូន្យ។

ចុង​ឆ្នាំ ១៩៧៦ អ្នកស្រី ហួយ មាស ជាមួយ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​ទៀត ត្រូវ​បាន​ខ្មែរក្រហម​ដាក់​ទិស​ឲ្យ​លើក​ទំនប់ទឹក​មួយ​ឈ្មោះ​ថា ទំនប់​រាមគុន ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

សិល្ប​ការិនី​ពហុ​ជំនាញ ហួយ មាស ទទួល​បាន​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ពី​ប្រជាជន​នៅ​មូលដ្ឋាន​នោះ ដោយ​នាង​ជា​មនុស្ស​អំណត់ ព្យាយាម តស៊ូ និង​និយាយ​យ៉ាង​ពីរោះ​ផ្អែមល្ហែម​ជាប់​ចិត្ត​នេះ​ហើយ នៅ​ពេល​លើក​ទំនប់​ម្តងៗ ប្រជាជន​នៅ​ទីនោះ​តែងតែ​សំណូមពរ​នាង​ឲ្យ​ច្រៀង​ចម្រៀង​អង្គការ​កំដរ​ការ​នឿយហត់។ នាង មាស មេត្រី ឬ ហួយ មាស ច្រៀង​បណ្ដើរ ធ្វើការ​បណ្ដើរ រហូត​ដល់​កងឈ្លប​ខ្មែរក្រហម ២ , ៣ នាក់ ចាប់ផ្ដើម​កើត​ចិត្ត​មិនល្អ​លើ​នាង។

នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៧ ជា​ខួប​រំលឹក​ជោគជ័យ​បដិវត្ត​លើក​ទី ២ នៃ​អង្គការ​ខ្មែរក្រហម គ្រប់គ្រង​បាន​ប្រទេស​កម្ពុជា​ទាំងមូល។ អង្គការ អនុញ្ញាត​ឲ្យ​ទាសករ​ទាំងអស់​សម្រាក​មួយថ្ងៃ ដោយ​អាច​ទៅ​ជួបជុំ​បងប្អូន​នៅ​មូលដ្ឋាន​ផ្សេងៗ​បាន តែ​ពេលនោះ នាង ហួយ មាស ពុំបាន​ទៅ​ទីណា​ទាំងអស់ នាង​បាន​សុំ​សម្រាក​នៅ​ក្នុង​ខ្ទម​របស់​នាង ពេលនោះ មាន​នារី​កងឈ្លប​ខ្មែរក្រហម​ម្នាក់ និង​យោធា​ក្មេង ៣ ៤ នាក់ នាំ​នាង​ចេញពី​ខ្ទម​ទៅ ដោយ​ពួកគេ​បាន​ប្រាប់​នាង​ថា ពួកគេ​បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​រក​ឃើញ​ថា នាង​គឺជា​អតីត​អ្នកបម្រើ​របប​ចាស់ ហើយ​ស្វាមី​របស់​នាង​គឺជា​នាយ​ប៉ូលិស​បម្រើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដែល​ប្រឆាំង​នឹង​ខ្មែរក្រហម​ទៀត​ផង​។ ពួកគេ ក៏បាន​បណ្ដើរ​នាង​ចេញ​ទៅ ពេល​បណ្ដើរ​ចេញទៅ នាង​ព្យាយាម​ជជែក​តវ៉ា​រក​យុត្តិធម៌​ពី​ក្រុម​ខ្មែរ​ក្រហម​ទាំងនោះ ប៉ុន្តែ​ក្រុម​បិសាច​មច្ចុរាជ​ទាំងនោះ ពុំ​មាន​សតិសម្បជញ្ញៈ​អ្វី​ឡើយ រឹងរឹត​តែងតែ​ប្រើ​ភាសា​ចម្លែក សម្លុត គំរាម លើ​រូប​នាង​ថែមទៀត។

មក​ដល់​របង​មន្ទីរ​កែប្រែ​ភ្លាម នារី​មេកង​នោះ ក៏​ប្រគល់​រូប​នាង ហួយ មាស ឲ្យ​ទៅ​កងឈ្លប ៣ , ៤ នាក់ នោះ ចាត់ការ​តាម​ចិត្ត ដោយ​គេ​បាន​ដឹង​ថា ពួកវា​បាន​រំលោភ​នាង​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​សម្លាប់​នាង​ចោល​នៅ​ក្រោយ​វត្ត​ធម្ម​យុទ្ធ​នោះ​តែម្ដង។ អ្នកស្រី ហួយ មាស បាន​ស្រែក​ជេរ​កងឈ្លប​ទាំងនោះ ដែល​កំពុង​រំលោភ​នាង ហើយ​ពួកវា​ក៏​យក​កាំភ្លើង​បាញ់​នាង​តែម្ដង។

រឿង​មួយ​ទៀត​ដែល​មហា​សែន​រន្ធត់ គឺ​ពួកវា​វះ​យក​ថ្លើម​របស់​អ្នកស្រី ហួយ មាស មក​មើល ហើយ​លើក​ពាក្យ​ថា តើ​ថ្លើមធំ​ប៉ុណ្ណា ហ៊ាន​តវ៉ា​នឹង​អង្គការ។ ចាប់ពី​ថ្ងៃ​នោះ​មក ប្រជាពលករ​នៅ​ស្រុក​មោងឬស្សី តំបន់​រាម​គុន លែង​ឃើញ​វត្តមាន​នាង ហួយ មាស ជា​រៀង​រហូត ដោយ​ក្ដី​អាណិត និង​អាឡោះអាល័យ​បំផុត។

ក្រោយ​ថ្ងៃ​រំដោះ ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩ ប្រជាជន​នៅ​មូលដ្ឋាន​នោះ ​បាន​រៀបចំ​មន្ទីរ​កែប្រែ វត្ត​ធម្ម​យុទ្ធ ហើយ​បាន​ជីក​កកាយ​សាកសព​រក​ឆ្អឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់​ចោល​នៅ​ទីនោះ។

ការ​បាត់បង់​សិល្បករ​សិល្ប​ការិនី​ពហុ​ជំនាញ​ដែល​ប្រកប​ដោយ​ទេពកោសល្យ​ និង​ចំណេះដឹង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សែន​អាឡោះអាល័យ ​រក​អ្វី​ប្រៀប​ពុំបាន​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម