ជីវិតកម្សាន្ដ
ប្រវត្តិត្រួសៗរបស់តារាកំប្លែងជំនាន់ដើមលោកតា ព្រួញ មាស
តារាកំប្លែងជំនាន់ដើមលោកតា ព្រួញ មាស ដែលគេចាត់ទុកថា ជាផ្កាយកំប្លែងមួយរូបដែលមានទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងចំណោមផ្កាយកំប្លែងដទៃ។ តារាកំប្លែងរូបនេះ មានកាយវិការរស់រវើក សម្ដីសំដៅពីរោះ មុខក៏ស្រស់ កម្ពស់ក៏ខ្ពស់ ប៉ុន្តែមានរាងស្គមកំព្រឹង។ ក្នុងចំណោមផ្កាយកំប្លែងល្បីៗ ផ្កាយកំប្លែង ព្រួញ មាស ក៏មានឈ្មោះបោះសំឡេងមិនធម្មតាដែរ។

យោងតាម «ក្រុមព្រះសុរិយា» ដែលបានខិតខំស្រាវជ្រាវជាច្រើនឆ្នាំមកយ៉ាងលំបាកបានឲ្យដឹងថា ផ្កាយកំប្លែង ព្រួញ មាស មានរហស្សនាមថា «សត្វត្រចៀកកាំអភ័ព្វ»។ ព្រួញ មាស ឬ សត្វត្រចៀកកាំអភ័ព្វ មានឈ្មោះដើមថា «កែវ នាង» កើតនៅឆ្នាំ ១៩៣៨ នាភូមិបវេល ស្រុកបវេល ខេត្តបាត់ដំបង។ លោកកើតក្នុងត្រកូលគ្រួសារក្រីក្រ ដែលមានឪពុកឈ្មោះ កែវ ញូង ជាកម្មករសាធារណការ និងម្ដាយឈ្មោះ នាង លឹម ជាកសិករ។ ផ្កាយកំប្លែង ព្រួញ មាស មានបងប្អូនបង្កើតចំនួនពីរនាក់ គឺ មានប្អូនស្រីនាម កែវ ងារ។
សត្វត្រចៀកកាំអភ័ព្វ មានជីវិតក្នុងកុមារភាព និងយុវវ័យ ពោរពេញដោយរឿងរ៉ាវកម្សត់ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយនៅអាយុ ៧ ឆ្នាំ ម្ដាយរបស់លោកបានលាចាកលោកទៅដោយជំងឺ។ លុះអាយុ ១១ ឆ្នាំ ឪពុករបស់លោក ក៏ទទួលមរណភាពទៀត។ លោក ព្រួញ មាស ត្រូវទៅរស់នៅជាមួយលោកយាយ និងព្រះសង្ឃ ជ្រកក្រោមដំបូលវត្តដំរីស។
លោក កែវ នាង ឬ ព្រួញ មាស ជាមនុស្សតស៊ូណាស់។ ត្បិតមានជីវិតជាក្មេងវត្តឆ្អែតមួយពោះ រស់មួយពេល តែលោកតស៊ូគ្រាន់បានរៀនសូត្របន្តិចបន្តួចពីព្រះសង្ឃ ដើម្បីជាត្រួយជីវិត។
ផ្កាយកំប្លែង ព្រួញ មាស បើទោះបីរៀនគ្មានសញ្ញាប័ត្រក៏ពិតមែន តែការសិក្សារៀនសូត្រ គ្រាន់នឹងអាចចេះអានអក្សរខ្មែរ និងបារាំងបាន។ ផ្កាយកំប្លែងរូបនេះ ព្យាយាមរៀនអានសាត្រា អានកាសែត រហូតមានចំណេះដឹង និងមានប្រាជ្ញាខ្លះៗ ដើម្បីផ្សំជាមួយវោហារសព្ទពីធម្មជាតិរបស់លោកឲ្យមហាជនស្រលាញ់ និងចូលចិត្ត។
នៅឆ្នាំ ១៩៥៦ ចម្រើនវ័យកំលោះ ១៨ ឆ្នាំ ដោយមាននិស្ស័យកំណើតខាងកំប្លែង និងរូបសម្បត្តិរបស់លោកផងនោះ មិត្ត និងព្រះសង្ឃ បាននាំលោក ព្រួញ មាស ឲ្យចូលទៅក្នុងវង្សល្ខោនបាក់ស្រេង ប្រចាំខេត្តបាត់ដំបង។
ផ្កាយកំប្លែង ព្រួញ មាស បានហាត់រៀនបន្ថែមពីរៀមច្បងក្នុងវង្សល្ខោននោះ។ លោក ព្រួញ មាស បានព្យាយាមអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាតួត្លុកដ៏សំខាន់មួយរូប។
ដើមឆ្នាំ ១៩៦០ ផ្កាយកំប្លែងមុខស្រស់ កម្ពស់ខ្ពស់ ត្រូវគេហៅឲ្យមករស់នៅក្នុងរាជធានីភ្នំពេញវិញ ដោយជ្រកក្រោមក្រុមល្ខោនបាសាក់ នលក្ខណ៍សុខុម របស់ព្រះម្នាងនលក្ខណ៍យិនតា នៅម្ដុំផ្សារស៊ីលិប។ វង្សល្ខោនដ៏ល្បីល្បាញមួយនេះ បាននាំលោកឲ្យស្គាល់គ្រប់ខេត្តនៅជុំវិញប្រទេសកម្ពុជា ហើយក៏បានបង្ហាញវត្តមានរបស់លោកនៅឆាកកំប្លែងជាតួត្លុកទៀតផង។
នាមសិល្បៈថា «ព្រួញ មាស» ក៏បានកើតឡើងនាពេលនោះដែរ គឺកើតឡើងពេលលោកធ្វើដំណើរទៅសម្ដែងល្ខោនបាសាក់នៅខេត្តកំពង់ចាម ដោយមានបុរសម្នាក់ឈ្មោះ វ៉ាគី ជាមន្ត្រីស័ក្ដិ ៣ ប៉េអិម បានមកមើលការសម្ដែងល្ខោនបាសាក់ ហើយក៏ឃើញលោក មាននិស្ស័យនឹងគ្នា ក៏សុំលោក ធ្វើជាប្អូនធម៌តែម្ដង។
នៅល្ងាចមួយ បងធម៌របស់លោក ព្រួញ មាស បាននាំលោកទៅទទួលទានអាហារនៅមាត់ទន្លេបិទ ពេលនោះស្រាប់តែឃើញកាណូតមួយយ៉ាងលឿនដែលមានឈ្មោះថា «ព្រួញមាស» បានបរលើផ្ទៃទន្លេបិទ។ ជាមួយនោះ ស្រាប់តែបងធម៌របស់លោកនិយាយថា «អានាង កាយវិការហែង រហ័សរហួន រស់រវើក ដូចអាកាណូតព្រួញមាស អញ្ចឹង»។ តាំងពីពេលនោះមក បងធម៌របស់លោក ហៅលោកថា «ព្រួញមាស ព្រួញមាស» រហូតឈ្មោះនេះបានល្បីពេញវង្សល្ខោនបាសាក់ ហើយគេគ្រប់គ្នាក៏ហៅលោកថា «ព្រួញមាស» រហូតតែម្ដង។
នៅឆ្នាំ ១៩៦១ កេរ្តិ៍ឈ្មោះរបស់លោក ចាប់ផ្ដើមមានបន្តិចម្តងៗ។ ផ្កាយកំប្លែង ព្រួញ មាស ត្រូវបានផលិតករខ្សែភាពយន្តនាំលោកចូលសម្ដែងជាលើកដំបូងបង្អស់ ពេលនោះហើយដែលលោកបានបម្រើវិស័យសិល្បៈជាតួកំប្លែង និងជាតួឪពុក ឬជាតួបន្ទាប់បន្សំដទៃទៀត។
ខ្សែភាពយន្តល្បីៗដែលលោក កែវ នាង «ព្រួញ មាស» បានសម្ដែងរួមមាន ៖
រឿងព្រះល័ក្ខសិនវង្ស នាងព្រាហ្មណ៍កេសរ ,រឿងពុទ្ធិសែននាងកង្រី ,រឿងសព្វសិទ្ធិ៍ ,រឿងព្រះវេស្សន្តរ ,រឿងក្រៃថោង និងក្រពើឆារ៉ាវ៉ាន់ ,រឿងនាងល្វាចេក ,រឿងនាងកែវណាម៉ា ,រឿងកាកី ,រឿងឆ្នាំអូន ១៦ ,រឿងចំណងដៃទឹកភ្នែក ,រឿងឯណាប្រពន្ធខ្ញុំ និង រឿងផ្កាត្របែកព្រៃជាដើម…។
កំឡុងឆ្នាំ ១៩៦២ ក្នុងពិធីសមាជជាតិ លោក ព្រួញ មាស ត្រូវបានគេជ្រើសរើសយកមកសម្ដែងនៅវាលមេនជាមួយនឹងអ្នកកំប្លែងល្បីៗឯទៀតដូចជា លោក ស៊ុយ ,លោក ម៉ុង ដូលីន ,លោក ចាន់ក្តិប ,លោក ឡាសិន ជុយ ,នាង ណូ យ៉ា ,នាង មុត សំអឿន ជាដើម…។ នៅពេលនោះ ផ្កាយកំប្លែង ព្រួញ មាស ក៏បានទទួលកូនសិស្សជាច្រើនមកហាត់រៀនជាមួយលោក។ ក្នុងនោះ កូនសិស្សរបស់លោកម្នាក់ មានឈ្មោះល្បីល្បាញខ្លាំងណាស់ គឺ «លោក ត្រង់ ដឺ»។
ជីវភាពធូរធារល្អប្រសើរហើយ នៅឆ្នាំ ១៩៦៣ លោក ព្រួញ មាស ក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនាងកញ្ញា វាន់ សុខុម ដែលលោកចិញ្ចឹមចិត្តស្រលាញ់តាំងពីនៅកំពង់ចាម ដោយទទួលបានបុត្រីមួយរូបជាចំណងដៃ។ ប្រពន្ធលោក ព្រួញ មាស ជាកូនស្រីអ្នកកំពង់ចាម។
នៅដើមទសវត្សឆ្នាំ ៧០ ជាអកុសល ភរិយារបស់លោកក៏បានទទួលមរណភាពដោយជំងឺ។ លោក ព្រួញ មាស ក៏បានរៀបមង្គលការជាលើកទី ២ នៅឆ្នាំ ១៩៧២ ជាមួយនាងកញ្ញា បាន មុន្នី ហៅ វាន់ ឌុក ហើយមានកូនប្រុស-ស្រី ដល់ទៅ ៦ នាក់។
សត្វត្រចៀកកាំអភ័ព្វ «ព្រួញ មាស» បានក្លាយជាទាសករ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយលោកមានសំណាងរួចផុតពីការកាប់សម្លាប់ បន្តជីវិតសិល្បៈរបស់លោកទៀត នៅក្រោយថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
ក្នុងយុគមាស នៃភាពយន្តខ្មែរ មានផ្កាយកំប្លែងជាច្រើន បានរះបំភ្លឺវិថីសិល្បៈ ដែលញ៉ាំឲ្យសង្គមសិល្បៈមានរសជាតិកាន់តែពិសេស និងសំបូរបែប។
ការសម្ដែងឈុតឆាកកំប្លែង ឬ ពាក្យកំប្លែងទាំងឡាយ សុទ្ធតែមានសីលធម៌ សុជីវធម៌ និងមានតម្លៃអប់រំ ដែលធ្វើឲ្យសង្គមជាតិមួយមានសេចក្ដីថ្លៃថ្នូរផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ថា ទោះឃ្លាតច្រើនឆ្នាំ តែក្ដីស្រលាញ់ចំពោះបុរសម្នាក់នោះនឹងមិនប្រែប្រួល