Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់-ជប៉ុន ចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីចំនួន​២ ខណៈមានភាពតានតឹងខ្លាំងជាមួយចិន

បានផុស

នៅ

កោះ​តៃវ៉ាន់ និង​ប្រទេស​ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលថ្មី និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគយ កាលពីថ្ងៃព្រហស្បតិ៍​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២៥ ដែលជាចលនាមួយដែលត្រូវ​គេមើលឃើញថាបញ្ជាក់ពីការតម្រឹមគ្នាកាន់តែខ្លាំងឡើងរបស់ពួកគេ ស្របពេលដែលមានជម្លោះការទូត និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Nikkei Asia កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានបញ្ចប់នៅក្នុងសន្និសីទពាណិជ្ជកម្ម និងសេដ្ឋកិច្ចតៃវ៉ាន់-ជប៉ុនលើកទី៤៩ នៅទីក្រុងតៃប៉ិ ដែលត្រូវបានធ្វើឡើងរវាងសមាគមទំនាក់ទំនងតៃវ៉ាន់-ជប៉ុន (TJRA) និងសមាគមផ្លាស់ប្តូរជប៉ុន-តៃវ៉ាន់ (JTEA) ដែលបម្រើការជាបេសកកម្មការទូត​របស់ភាគីទាំងពីរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដែលបានធ្វើបច្ចុប្បន្នភាពនេះ ពង្រីកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ២០១៣ និងនាំយកក្របខ័ណ្ឌនេះ​ឲ្យ​ស្របតាមស្តង់ដារអន្តរជាតិបច្ចុប្បន្ន។ វាបានរួមបញ្ចូលបទប្បញ្ញត្តិស្តីពីការបញ្ជូនតាមអេឡិចត្រូនិកឆ្លងដែនដោយមិនយកពន្ធគយ, លំហូរទិន្នន័យគ្មានការរឹតត្បិត, ពាណិជ្ជកម្មឌីជីថល, ការការពារ​​ឯកជនភាព និងទិន្នន័យ, សន្តិសុខបណ្តាញ និងការការពារអ្នកប្រើប្រាស់សម្រាប់ប្រតិបត្តិការអនឡាញ។

អនុស្សរណៈនៃការយោគយល់គ្នាដាច់ដោយឡែកមួយស្តីពីកិច្ចសហប្រតិបត្តិការគយក្នុងតំបន់ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលមានគោលបំណងជំរុញការសម្របសម្រួលរវាងកំពង់ផែ Kaohsiung និងកំពង់ផែ Kobe ដើម្បីសម្រួលនីតិវិធីនៃការបោសសម្អាតគយ។

ការចុះហត្ថលេខានេះបានកើតឡើង ខណៈដែលជប៉ុន និងចិននៅតែជាប់គាំងនៅក្នុងជម្លោះដែលកំពុងតែកើនឡើង ដែលបង្កឡើងដោយការលើកឡើងនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់នឹងបង្កើតជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ជាភាសាដែលអាចបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិកម្មយោធាក្រោមច្បាប់សន្តិសុខរបស់ទីក្រុងតូក្យូ។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងអ្វីដែលមន្ត្រីតៃវ៉ាន់បានពិពណ៌នាថាជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច រួមទាំងការហាមឃាត់ផលិតផលសមុទ្ររបស់ជប៉ុន, ការចេញសេចក្តីណែនាំធ្វើដំណើរឡើងវិញ និងការធ្វើសមយុទ្ធយោធានៅជិតប្រទេសជប៉ុន។ មន្ត្រីមកពីទីក្រុងតៃប៉ិ និងទីក្រុងតូក្យូបានសង្កត់ធ្ងន់លើតម្លៃប្រជាធិបតេយ្យរួមរបស់ពួកគេ និងបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងការប៉ុនប៉ង «ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយឯកតោភាគី» តាមរយៈសម្ពាធយោធា ឬសេដ្ឋកិច្ច៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម