Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ម៉ិកស៊ិក ​យក​ជម្រើស​​​អត់ធ្មត់​ក្នុងសម្ពាធ​ពី​ លោក ត្រាំ

បានផុស

នៅ

បន្ទាប់ពីការស្លាប់របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ពីររូប ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋ ​Chihuahua ភាគខាងជើងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ប្រធានាធិបតីម៉ិកស៊ិក ​លោក​Claudia Sheinbaum បាន​ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ​ ក្នុងការ​ប្រឈម​ជាមួយ​នឹងសម្ពាធពី ​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ នៅក្នុងសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន។

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ជំនួសឲ្យការបង្ហាញការ​តតាំង​ដោយ​​​​​​​​កំហឹង និងការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះអ្វីដែលត្រូវបានគេមើលឃើញថាជា «ការរំលោភលើអធិបតេយ្យភាព» នេះ លោកស្រី Sheinbaum បានជ្រើសរើសយកភាពអត់ធ្មត់ជាមួយនឹង​រដ្ឋបាល​សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters

ជាក់ស្ដែង លោកស្រីប្រធានាធិបតី មិនបានរិះគន់ជាសាធារណៈនោះទេ ដោយ​​គ្រាន់តែបានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតអាមេរិក ដើម្បីសម្តែងនូវការភ្ញាក់ផ្អើល និងស្នើសុំការបំភ្លឺ ហើយបានបង្វែរការវាយប្រហារទៅលើអភិបាលរដ្ឋ Chihuahua (ដែលមកពីគណបក្សប្រឆាំង) ចំពោះការ «សហការជាមួយប្រទេសក្រៅ» ដោយមិនឆ្លងកាត់រដ្ឋាភិបាលកណ្ដាល។

ការដោះស្រាយបែបនេះបង្ហាញពីការលំបាកដែលលោកស្រី កំពុងជួបប្រទះក្នុងទំនាក់ទំនងជាមួយអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ។ យោងតាមអ្នកអត្ថាធិប្បាយរបស់កាសែត WSJ លោក Santiago Perez និងលោក Michael Amon បានឲ្យដឹងថា រាល់ជម្រើសដែលម៉ិកស៊ិកសម្រេចចិត្តនៅពេលនេះ មិនថាតែក្នុងរូបភាពទន់ភ្លន់ ឬរឹងត្អឹងនោះទេ សុទ្ធតែអាចនាំមកនូវតម្លៃដែលត្រូវសងទាំងផ្នែកនយោបាយ និងយុទ្ធសាស្ត្រ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីមានការរិះគន់ពីសេតវិមានថា ម៉ិកស៊ិកខ្វះការអាណិតអាសូរដល់អ្នកស្លាប់ លោកស្រីក៏បានថ្លែងសារចូលរួមរំលែកទុក្ខជាថ្មី ដើម្បីបង្ហាញពីភាពទន់ភ្លន់ក្នុងទំនាក់ទំនងទ្វេភាគី។

ថ្វីដ្បិតតែបែបនេះក្ដី ព្រឹត្តិការណ៍វិវត្តន៍ជាបន្តបន្ទាប់បានបង្ហាញថា កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ម៉ិកស៊ិក មិនមែនមានន័យថាសម្ពាធពីមេរិកត្រូវបានកាត់បន្ថយនោះទេ។ លោកត្រាំ បានព្រមានដដែលៗអំពីសកម្មភាពយោធារបស់អាមេរិក ប្រសិនបើម៉ិកស៊ិកមិនកម្ចាត់ក្រុមជួញដូរគ្រឿងញៀននៅតាមព្រំដែនឲ្យអស់នោះទេ។

លោកនៅតែមិនទាន់ពេញចិត្តនៅឡើយទេ ដោយបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ម៉ិកស៊ិកត្រូវតែពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងក្រុមបងធំ និងគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។ ក្រោយមក លោកស្រី Sheinbaum បានច្រានចោលការព្រមាននេះ ប៉ុន្តែក្នុងពេលជាមួយគ្នា គាត់ក៏បានបន្ធូរបន្ថយការព្រួយបារម្ភរបស់អ្នកជិតខាង ដោយការផ្តល់ធនធានបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសជាក់ស្ដែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​ការស្លាប់​ភ្នាក់ងារស៊ើបការណ៍​ CIA ២រូប​របស់​អាមេរិក​នៅ​​ម៉ិកស៊ិក ធ្វើឲ្យ​ជម្លោះ​កាន់តែក្តៅ​​​



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម