Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​ កំពុង​​ធ្វើចត្តាឡីស័ក​ មនុស្ស​ ២​នាក់ ព្រោះសង្ស័យ​ឆ្លង Hantavirus​

បានផុស

នៅ

ប្រទេសសិង្ហបុរី ក៏កំពុងធ្វើតេស្តមនុស្ស២នាក់ និងដាក់ឲ្យពួកគេធ្វើចត្តាឡីស័កដែរ ដើម្បីពិនិត្យរកមើលវីរុស​ Hantavirus ដោយសង្ស័យឆ្លងមេរោគនេះ បន្ទាប់ពីវិលត្រឡប់ ពីដំណើរកម្សាន្តនៅលើនាវា MV Hondius។

(រូប៖ Reuters)

តាមការផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកទាំងពីរ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅ មជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងសិង្ហបុរី (NCID) ដើម្បីរង់ចាំលទ្ធផលតេស្ត។

អ្នកទាំងពីរ សុទ្ធតែធ្លាប់ជិះនាវា MV Hondius ដែលកំពុងផ្ទុះការឆ្លង Hantavirus ហើយក៏ធ្លាប់ជិះយន្តហោះជាមួយគ្នាដែរ។ បុរសម្នាក់វ័យ ៦៩ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី ២ ខែ ឧសភា ហើយឥឡូវ គាត់ចេញរោគសញ្ញាហៀរសំបោរ ចំណែកម្នាក់ទៀត មានវ័យ ៦៥ឆ្នាំ មកដល់សិង្ហបុរី នៅថ្ងៃទី៦ ខែឧសភា។

(រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរី អំពាវនាវឲ្យពលរដ្ឋ កុំព្រួយបារម្ភ និងភិតភ័យឲ្យសោះ ព្រោះថា ហានិភ័យ ឆ្លងរាលដាលនៅមានកម្រិតទាប ហើយអង្គការសុខភាពពិភពលោក (WHO) ក៏ប្រកាសដែរថា Hantavirus មិនទាន់ត្រូវបានចាត់ថ្នាក់ ជាជំងឺរាតត្បាតទេ។

នៅប្រទេសអង់គ្លេសឯណោះ មនុស្ស២នាក់ ក៏កំពុងធ្វើចត្តាឡីស័កផងដែរ ព្រោះតែហានិភ័យឆ្លងមេរោគនេះ។ ពួកគេកំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះខ្លួនឯង ប៉ុន្តែមិនចេញរោគសញ្ញាអ្វីទេ គ្រាន់តែមានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលផ្ទុះ Hantavirus នៅលើនោះ។

(រូប៖ Reuters)

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម