Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសឲ្យជនបរទេស ស្រូតចេញពីទីក្រុង កៀវ, ការវាយប្រហារ ទ្រង់ទ្រាយធំ ជិតកើតឡើង ទៀតហើយ

បានផុស

នៅ

រុស្ស៊ី ជំរុញឲ្យជនបរទេស និងអ្នកការទូតទាំងអស់ ស្រូតចាកចេញពីទីក្រុងកៀវ ព្រោះថា ខ្លួននឹងបើកការវាយប្រហារជាប្រព័ន្ធ បន្ថែមទៀត លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។

(រូប៖ Reuters)

ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ផ្សាយបន្តដោយ BBC នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងមូស្គូ បញ្ជាក់ថា ការវាយប្រហាររលកថ្មីនេះ នឹងកំណត់គោលដៅលើ មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការដ្ឋាន រួមជាមួយនឹងរោងចក្រផលិតដ្រូន ផងដែរ។

ដូច្នេះហើយ រុស្ស៊ី បានអំពាវនាវឲ្យជនបរទេស និងមន្ត្រីការទូត ចាកចេញពីទីក្រុងកៀវ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយព្រមានដល់ ប្រជាពលរដ្ឋអ៊ុយក្រែន សូមនៅឲ្យឆ្ងាយ ពីអគាររដ្ឋបាល និងទីតាំងយោធា។

(រូប៖ Reuters)

ការព្រមាននេះកើតឡើង បន្ទាប់ពី រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនរាប់រយគ្រឿង និងបាញ់មីស៊ីលជិត ១០០គ្រាប់ ស្រោចលើទូទាំងប្រទេសអ៊ុយក្រែន។

ទីក្រុងមូស្គូ បញ្ជាក់ថា ខ្លួនបានប្រើមីស៊ីលទំនើបៗ ក្នុងនោះ មានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ​Oreshnik ផងដែរ ហើយនេះគឺជាលើកទី៣ ដែលខ្លួន បាញ់មីស៊ីលប្រភេទនេះ ដាក់អ៊ុយក្រែន។

(រូប៖ Reuters)

ក្នុងសេចក្តីប្រកាស របស់ក្រសួងការពារជាតិរុស្ស៊ី ដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥​ ខែឧសភា ឆ្នាំ២០២៦, មិនត្រឹមតែមីស៊ីល Oreshnik ទេ, ទីក្រុងមូស្គូ ក៏ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និង Zircon, មីស៊ីលបាលីស្ទិក Iskander, មីស៊ីលបាញ់ចេញពីសមុទ្រ ដីគោក និងអាកាស ព្រមទាំងដ្រូនផងដែរ ក្នុងការបាញ់ស្រោច យ៉ាងសន្ធាប់ទៅលើអ៊ុយក្រែន។

ប្រតិបត្តិការនេះ គឺដើម្បីសងសឹកទីក្រុងកៀវ ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ដែលបណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ និងរបួស ៤២នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម