Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ចាប់ផ្ដើមលេងធម៌ក្ដីព្យួរអាជ្ញាប័ណ្ណគ្រូពេទ្យដែលបន្តធ្វើបាតុកម្មជិត ៥ ពាន់នាក់

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមដំណើរការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់គ្រូពេទ្យចំនួន ៤,៩០០ នាក់ដែលបានលាលែងពីតំណែង និងឈប់ធ្វើការដើម្បីតវ៉ានឹងកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋាភិបាល ដែលបង្កឲ្យមានភាពវឹកវរផ្នែកថែទាំសុខភាពពេញទីក្រុងសេអ៊ូល ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី​​១១ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូពេទ្យវ័យក្មេងជិត ១២,០០០ ដែលស្មើនឹង ៩៣ ភាគរយនៃកម្លាំងសិក្ខាកាមសរុប មិនបានចូលធ្វើការងារនោះទេ ចាប់តាំងពីមានការតវ៉ាមក បើទោះបីជារដ្ឋាភិបាលបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ និងគំរាមកំហែងតាមផ្លូវច្បាប់ក៏ដោយ ដោយបង្ខំឲ្យទីក្រុងសេអ៊ូលប្រមូលពេទ្យយោធា និងប្រាក់បម្រុងរដ្ឋរាប់លានដុល្លារដើម្បីជួយទប់ទល់ ។

យោងតាមលោក Chun Byung-wang ប្រធានផ្នែកគោលនយោបាយសុខភាព និងវេជ្ជសាស្ត្រនៅក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានថា គិតត្រឹមថ្ងៃទី៨ ខែមីនា គ្រូពេទ្យជាង ៤,៩០០ នាក់ត្រូវបានព្យួរអាជ្ញាប័ណ្ណ ហើយនេះជាជំហានដំបូងដែលរដ្ឋាភិបាលធ្វើបែបនេះ បន្ទាប់ពីពួកគេបានផ្គើននឹងបទបញ្ជាដែលប្រាប់ឲ្យត្រឡប់ទៅធ្វើការវិញ ។

ការដើរក្បួនតវ៉ាដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែកុម្ភៈ គឺមានគោលបំនងឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធថែទាំសុខភាពជាជាងបន្ថែមចំនួនវេជ្ជបណ្ឌិត ជាពិសេសពួកគេទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះលក្ខខណ្ឌការងារលំបាកៗ រួមទាំងប្រាក់ខែតិច ប៉ុន្តែម៉ោងធ្វើការច្រើន ។

ផែនការរបស់រដ្ឋាភិបាលដែលបានប្រកាសកាលពីខែកុម្ភៈនឹងបង្កើនចំនួនសិស្សចូលរៀននៅសាលាពេទ្យចំនួន ២,០០០ នាក់ដោយចាប់ផ្តើមនៅឆ្នាំសិក្សា ២០២៥ ដែលនឹងនាំឲ្យចំនួនសិស្សសរុបឈានដល់ ៥,០០០ នាក់ក្នុងមួយឆ្នាំ ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា គោលការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការថែទាំសុខភាពក្នុងប្រទេសដែលមានវ័យចំណាស់លឿនបំផុតមួយរបស់ពិភពលោកមួយនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម