Connect with us

ព័ត៌មានអន្ដរជាតិ

៥ប្រទេសក្នុងអាស៊ាន អនុវត្តច្បាប់​កាតព្វកិច្ច​យោធារួចហើយ រួមទាំងថៃ ផងដែរ

បានផុស

នៅ

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា ​ចាប់​ពី​ឆ្នាំ២០២៦​ទៅ កម្ពុជា​នឹង​​អនុវត្តច្បាប់​កាតព្វកិច្ច​យោធាដែល​នឹង​ជួយ​ដល់​ការ​បង្កើន​បរិមាណ​ និងប្រសិទ្ធភាព​កង​ទ័ព​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ​សម្ដេច​ក៏​ណែនាំឱ្យ​​ធ្វើ​វិសោធនកម្មច្បាប់​ឲ្យបន្ថែមរយៈពេល​បំពេញ​កាតព្វកិច្ចដល់​២ឆ្នាំ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីអបអរខួប​ទី​៣២​ទិវា​កង​រាជអាវុធហត្ថកាលពីព្រឹក​ថ្ងៃទី​១៤ខែ​កក្កដាឆ្នាំ២០២៥​ នៅ​មណ្ឌល​ហ្វឹកហ្វឺនភ្នំ​ជុំសែនរីករាយ ស្រុក​សាមគ្គីមាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង សម្ដេច​ធិបតី​ ថ្លែង​ថានេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​កម្លាំង​ទ័ព​នៅ​កម្ពុជា​ ដែល​នឹង​ជួយឲ្យមាន​យោធិន​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ការងារ និងជួយ​កសាង​កម្លាំង​ធនធាន​ដែល​មាន​វិន័យ​ចូល​ក្នុង​សង្គម​ផងដែរ។

យ៉ាងណា ជុំវិញច្បាប់​កាតព្វកិច្ច​យោធានេះ មិនមែនតែកម្ពុជាឡើយ ពោលគឺប្រទេស៥ទៀតក្នុងតំបន់អាស៊ានក៏បានអនុវត្តច្បាប់កាតព្វកិច្ចយោធា ឬការចុះឈ្មោះបម្រើកងទ័ពជាកំហិត រួចទៅហើយ ក្នុងនោះរួមទាំងថៃផងដែរ៖

1. ថៃ

    កាតព្វកិច្ចយោធាគឺជាកាតព្វកិច្ចជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថៃតាំងពីឆ្នាំ១៩០៥មកម្ល៉េះ។ ការអនុវត្ត គឺផ្តោតជាចម្បងលើបុរសដែលមានអាយុលើសពី២១ឆ្នាំ ដែលមិនបានបញ្ចប់ការបណ្តុះបណ្តាលបម្រុង។

    ប្រទេសថៃប្រើប្រាស់ប្រព័ន្ធចាប់ឆ្នោត បើបុរសចាប់បានពណ៌ខ្មៅគឺត្រូវលើកលែង ប៉ុន្តែបើចាប់បានពណ៌ក្រហមគឺត្រូវបំពេញកាតព្វកិច្ច។ រយៈពេលបម្រើការអាចប្រែប្រួលពី ៦ខែទៅ២ឆ្នាំ អាស្រ័យលើកត្តាផ្សេងៗដូចជាការស្ម័គ្រចិត្ត ឬកម្រិតអប់រំជាដើម។

    2. វៀតណាម

      វៀតណាមបានអនុវត្តការចុះឈ្មោះបម្រើកងទ័ពជាកំហិតតាំងពីឆ្នាំ១៩៧៥មកម្ល៉េះ។ ពលរដ្ឋភេទប្រុសដែលមានអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ គឺតម្រូវឲ្យបំពេញកាតព្វកិច្ចយោធា។

      ជាទូទៅរយៈពេលបម្រើការគឺ២ឆ្នាំ យ៉ាងណាភេទស្រីមិនតម្រូវជាចាំបាច់ទេ ប៉ុន្តែអាចចូលរួមដោយស្ម័គ្រចិត្តបាន។

      3. សិង្ហបុរី

        ក្រោមច្បាប់ Enlistment Act ពលរដ្ឋសិង្ហបុរីភេទប្រុសនិងអ្នករស់នៅអចិន្ត្រៃយ៍ទាំងអស់ (លើកលែងតែករណីមួយចំនួន) គឺតម្រូវឲ្យចូលបម្រើកងទ័ព។ ពួកគេតម្រូវឲ្យចុះឈ្មោះនៅអាយុ១៦ឆ្នាំកន្លះនិងចូលបម្រើការនៅអាយុ១៨ឆ្នាំ។

        រយៈពេលបម្រើការពេញម៉ោងគឺចន្លោះពី២២ខែទៅ២ឆ្នាំ បន្ទាប់មកត្រូវបន្តបម្រើការបម្រុង (Operationally Ready National Service – ORNS) រហូតដល់អាយុ៤០ឬ៥០ឆ្នាំ។

        4. ឡាវ

          យោងតាមច្បាប់ស្តីពីសេវាយោធា អាយុនៃការចុះឈ្មោះបម្រើកងទ័ពនៅឡាវ ជាទូទៅគឺចាប់ផ្តើមពី១៨ ឆ្នាំ។ ពលរដ្ឋឡាវភេទប្រុសទាំងអស់ដែលមានកាយសម្បទារឹងមាំ គឺតម្រូវឲ្យបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេលដែលអាចប្រែប្រួល ប៉ុន្តែជាធម្មតាប្រហែល១៨ខែ។

          5. មីយ៉ាន់ម៉ា

            ច្បាប់សេវាយោធាប្រជាជន (People’s Military Service Law) ដែលតម្រូវឲ្យចុះឈ្មោះចូលបម្រើកងទ័ព ត្រូវបានអនុម័តតាំងពីឆ្នាំ២០១០មក ប៉ុន្តែចាប់អនុវត្តជាផ្លូវការដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤។

            ពលរដ្ឋមីយ៉ាន់ម៉ាជាភេទប្រុសដែលមានអាយុពី១៨ដល់៣៥ឆ្នាំ និងភេទស្រីដែលមានអាយុពី១៨ដល់២៧ឆ្នាំ គឺតម្រូវឲ្យបំពេញកាតព្វកិច្ចយោធា។

            អ្នកជំនាញដូចជាវេជ្ជបណ្ឌិតនិងវិស្វករភេទប្រុស មានអាយុរហូតដល់៤៥ឆ្នាំ និងភេទស្រីអាយុ៣៥ឆ្នាំ ក៏អាចតម្រូវឲ្យចូលបម្រើកងទ័ពផងដែរ។ រយៈពេលបម្រើការរហូតដល់២៤ខែ ហើយអាចបន្តដល់៣៦ខែសម្រាប់អ្នកជំនាញ ឬ៥ឆ្នាំក្នុងគ្រាអាសន្ន៕

            អត្ថបទ៖ សុខ សុវណ្ណ

            ចុចអាន៖ កម្ពុជានឹង​ចាប់​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ចាប់ពី​ឆ្នាំក្រោយ​ទៅ

            Helistar Cambodia - Helicopter Charter Services
            Sokimex Investment Group
            Sokha Hotels

            ព័ត៌មានពេញនិយម