ព័ត៌មានជាតិ
ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ
ភ្នំពេញ ៖ ស្របនឹងការផ្សព្វផ្សាយស្តីពីការធ្វើទុក្ខបុកម្នេញនៅប្រទេសថៃចំពោះពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀតនៅថ្ងៃទី២២ ខែកក្កដានេះ ទៅដល់ពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយស្វែងរកឱកាសការងារក្នុងស្រុកជំនួស។

ការអំពាវនាវជាថ្មីនេះ គឺធ្វើឡើងស្របពេលដែលមានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនថា ពលរដ្ឋខ្មែរ ដែលមិនមានឯកសារគ្រប់គ្រាន់ត្រូវបានថៅកែក្នុងប្រទេសថៃ ធ្វើទុក្ខបុកម្នេញដូចជា ផ្តាច់ការផ្គត់ផ្គង់ទឹក-ភ្លើង និងមិនបើកប្រាក់ខែឱ្យជាដើម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការដោយគ្មានការធ្វើបាប ឬរំលោភបំពានឡើយ។

លោក ស៊ុន មេសា បញ្ជាក់ថា “ឱកាសការងារនៅកម្ពុជាមានប្រមាណជាង ២៥ម៉ឺនកន្លែងជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ”។

បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនោះឡើយក្នុងខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។
សូមរំលឹកផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានរៀបចំចែកខិតបណ្ណឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង។ បន្ថែមពីនេះ សម្រាប់ពលករដែលវិលមកដល់ស្រុកកំណើត ក្រសួងការងារ បានដឹកនាំវិស័យឯកជន និងភាគីពាក់ព័ន្ធ ចុះផ្តល់ព័ត៌មានពីឱកាសការងារដល់ស្រុកភូមិដើម្បីធានាថា បងប្អូនពលករទទួលបានព័ត៌មានស្តីពីឱកាសការងារគ្រប់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


