Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ លោក ត្រាំ បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ឥណ្ឌា ដើម្បី​ដាក់សម្ពាធរុស្ស៊ី​ឲ្យ​បញ្ចប់សង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

សេតវិមានបាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើង​ពន្ធថ្មីយ៉ាងសន្ធឹកសន្ធាប់លើប្រទេសឥណ្ឌា គឺជាសកម្មភាពយុទ្ធសាស្ត្រមួយ ដែលរៀបចំឡើងដើម្បីដាក់សម្ពាធលើរុស្ស៊ី ​ឲ្យ​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក ណារិនដ្រា ម៉ូឌី និង​លោក ដូណាល់ ត្រាំ (រូបថត៖ India Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ India Today នា​ថ្ងៃ​ទី​២០​ខែ​សីហាឆ្នាំ​២០២៥ អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា លោក ត្រាំ បានបង្កើនអត្រាពន្ធរបស់ឥណ្ឌាទ្វេដង​​​ឡើង​ដល់ ៥០ភាគរយ។ វា​ជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីអនុវត្ត«សម្ពាធបន្ទាប់បន្សំ»លើទីក្រុងមូស្គូ ដោយកំណត់គោលដៅ​លើ​ប្រទេស​ណា​ដែលរក្សាពាណិជ្ជកម្មជាមួយរុស្ស៊ី។

លោកស្រី Leavitt បានបន្ថែម​ថា «ប្រធានាធិបតីបានដាក់សម្ពាធសាធារណៈយ៉ាងខ្លាំងដើម្បីនាំ​ឲ្យ​សង្គ្រាមនេះ​បញ្ចប់។ គាត់បានចាត់វិធានការដូចដែលអ្នកបានឃើញ ការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា និងសកម្មភាពផ្សេងទៀតផងដែរ» ដោយសង្កត់ធ្ងន់លើភាពបន្ទាន់របស់លោក ត្រាំ ដើម្បីបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនាពេលថ្មីៗនេះរបស់លោក ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលមេដឹកនាំទាំងពីរបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចចរចាត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ លោកស្រី Leavitt បានបញ្ជាក់ថា រដ្ឋបាល​លោក ត្រាំ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយសម្រួលដល់កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងការអះអាងដាច់ដោយឡែកមួយ អ្នក​នាំ​ពាក្យ​សេតវិមាន​បានរំលឹកឡើងវិញនូវការអះអាងរបស់​លោក​ប្រធានាធិបតី ត្រាំ ដែល​ថា លោកបានប្រើប្រាស់ឥទ្ធិពលពាណិជ្ជកម្ម ដើម្បីជួយដោះស្រាយជម្លោះនាពេលថ្មីៗនេះ រវាងឥណ្ឌា និងប៉ាគីស្ថាន ដោយបញ្ជាក់ថា «គាត់បានប្រើប្រាស់ពាណិជ្ជកម្មក្នុងវិធីដ៏មានឥទ្ធិពលជាអានុភាពដើម្បីនាំជម្លោះនោះឈាន​ដល់ទីបញ្ចប់»។ ទោះបីជាយ៉ាងណាក៏ដោយ កន្លង​មក រដ្ឋាភិបាលឥណ្ឌាបានបដិសេធយ៉ាងខ្ជាប់ខ្ជួននូវរឿងនេះ ដោយបញ្ជាក់ថា គ្មានមេដឹកនាំបរទេសណាមួយពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ឈប់សកម្មភាពយោធានោះទេ៕

ដោយ៖ ឈាង

ចុចអាន៖ លោក ម៉ូឌី ជួបជាមួយអ្នកការទូតកំពូលរបស់ចិន បន្ទាប់ពីអាមេរិកដាក់ពន្ធបន្ថែមលើឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម