Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

បានផុស

នៅ

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ សម្តែង​ការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​យោធា​កម្ពុជា ពុំបាន​ផ្ដល់​ភាព​ពេញ លេញ​ដល់​ដំណើរ​ទស្សនកិច្ច​របស់ អនុព័ន្ធយោធា​អាមេរិក​ទៅកាន់​មូលដ្ឋាន​សមុទ្រ​រាម កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​អ្នកនាំពាក្យ ក្រសួងការពារជាតិ​បាន​យកចិត្តទុកដាក់ រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច តាម​សេចក្តីសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សន្យា​ជាមួយ​លោក Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ និង​ស្របតាម​សំណើ​របស់​អនុព័ន្ធយោធា​អាមេរិក​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បញ្ជាក់ថា នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ច​នៅ​មូលដ្ឋា​ន​សមុទ្រ​រាម ក្រុមការងារ​សម្រប សម្រួល បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក ដោយ​អនុលោម ទៅតាម​គោលការណ៍ ដែល​បាន​កំណត់ និង​ការ​ព្រមព្រៀងគ្នា​។ សកម្មភាព​សំខាន់ៗ​មួយចំនួន រួមមាន ជំនួប​ពិភាក្សា​ការងារ ដែល​ស្នើ​ដោយ​ភាគី​អាមេរិក មាន​រយៈ ពេល​ជាង​មួយ​ម៉ោង​, ការចុះទៅ​ពិនិត្យមើល​អាគារ​សង់​ថ្មី ពីរ​ខ្នង​សម្រាប់​ការ​ស្នាក់នៅ​របស់​កម្មក​រ​សំណង់​, ដំណើរ​ពិនិត្យមើល​ផែ និង​នាវា​របស់​កងទ័ព ជើង​ទឹក​, ការ​ទស្សនា​រោង​ជាង​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ការ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ និង​ការ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​សំណង់​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​កោះ​ព្រាប​។ ដំណើរ​ទស្សនកិច្ច​ទាំងមូល ដែល​ចាប់ផ្តើម​ពី​ម៉ោង​៩​កន្លះ បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង​។​

​តែ​ទោះជា​ដូច្នេះ​ក្តី ក្រៅពី​ទីកន្លែង​ទាំង ប៉ុន្មាន​ខាងលើ ដែល​បានស្នើ និង​បាន​ឯកភាពគ្នា ភាគី​អាមេរិក​បាន​បង្កើត​ស៊ីណា​រី​យ៉ូ​ថ្មី​ភ្លាមៗ ដោយ​ទាមទារ​ចូលទៅ​មើល​កន្លែង​ផ្សេងទៀត ដែល​ពុំមាន​ការស្នើសុំ​ពីមុនមក​។ ដោយ​មើលឃើញ​ភាពមិនប្រក្រតី និង​យល់ឃើញ​អំពី​ការមិន​គោរព ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា និង​ចេតនា​ធ្វើជា​មិន​យល់​អំពី​លក្ខណការណ៍​របស់​កង​ទ័ព ក្រុមការងារ​បាន​បដិសេធ​ចំពោះ​សំណើ​ថ្មី​នេះ​។ លើសពីនេះ​ទៅ ទៀត អនុព័ន្ធយោធា​អាមេរិក ហាក់ បង្ហាញ​អំពី​ភាព​មានៈ នៅក្នុង​ការ​ជំនះ​ចូលទៅ​កាន់​ទីនោះ ប៉ុន្តែ​នៅតែ​មិន​ត្រូវបាន​អនុញ្ញាត។​

​ផ្អែកលើ​កត្តា​ទាំងអស់​ខាងលើ ក្រសួងការពារជាតិ ចាត់ទុក​ប្រតិកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ជាការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត ដែល​នាំ​ឲ្យ មាន​ភាពល្អក់​កករ​កា​ន់​តែ​ខ្លាំង​ឡើង ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​។

ក្រសួងការពារជាតិ ចាត់ទុក​ចំណាត់ ការ​របស់​ក្រុមការងារ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច មាន​ភាព​ត្រឹមត្រូវ និង​ប្រកប ដោយ វិជ្ជាជីវៈ ក្រសួងការពារជាតិ​ស្នើសុំ​ដោយ​ទទូច​ដល់​សហរដ្ឋអាមេរិក ឲ្យ​បញ្ឈប់​ការបង្កើត​ស៊ីណា​រី​យ៉ូ​ថ្មីៗ ដែល​នាំមក​នូវ​ភាពអវិជ្ជមាន និង​សូម​ឲ្យ​គោរព​ដល់​អធិបតេយ្យ និង​លក្ខការណ៍ កងទ័ព របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​សំណើ​ធ្វើ​ទស្សនកិច្ច​នា​ពេល​អនាគត ក្រសួងការពារជាតិ នឹង​ពិចារណា​យ៉ាង​ហ្មត់ចត់ តាម​ករណី​នីមួយៗ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​បញ្ជាក់ថា សកម្មភាព​ទាំងឡាយ​នៅក្នុង​បរិវេណ​មូលដ្ឋាន​កងទ័ព ដែល​បានទទួល​ការអនុញ្ញាតិ គឺជា​ការធ្វើ​ទស្សនកិច្ច ពុំមែន​ជាការ​ទៅធ្វើ​ការត្រួតពិនិត្យ ឬ​ឆែកឆេរ នោះឡើយ​។​

​សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អះអាងថា ក្នុងពេល​បំពេញ​ទស្សនកិច្ច មន្ត្រី​យោធា​កម្ពុជា​មិនបាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា ទៅ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះទេ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម