ព័ត៌មានជាតិ
ក្រសួងការពារជាតិ ថាថៃចង់ប្រើហិង្សាលើពលរដ្ឋខ្មែរ ព្រោះឃើញខ្មែរបង់កក្រមាប៉ាក់រូបទង់ជាតិកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតា បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ក្នុងពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។

លោកស្រី ម៉ាលី សុជាតា វាយតម្លៃថាអាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថាក្រោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។

លោកស្រី ម៉ាលី សុជាតា បន្ថែមថាបន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។
កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


