Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ដំណឹងនៃដំណើរទស្សនកិច្ចមកកម្ពុជារបស់លោករដ្ឋមន្ត្រី Hegseth ត្រូវបានទម្លាយឱ្យដឹងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសទាំងពីរ ក្នុងជំនួបនៅភ្នំពេញ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាងឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោក Andrew Byers កាលពីថ្ងៃទី២៤ ខែមិថុនា គឺបានពិភាក្សាលម្អិតអំពីការត្រៀមសម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ថា ភាគីកម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាម៉េរិក។ នេះបើយោងតាមខ្លឹមសារដែលចុះផ្សាយដោយក្រសួងការពារជាតិកម្ពុជា។

គម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រី Hegseth គឺកើតឡើងខណៈទំនាក់ទំនងកម្ពុជា និងអាម៉េរិក បាននិងកំពុងចាប់ផ្ដើមល្អប្រសើរឡើង ពិសេសការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរតែម្ដង។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអះអាងអំពីការចាប់ផ្ដើមវិវត្តន៍ជាវិជ្ជមាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោយពីមានដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកជាបន្តបន្ទាប់កន្លងមក ហើយនឹងបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយគ្នាឱ្យកាន់តែរីកចម្រើនទៅមុខ។

លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាជំហរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជានិច្ចជាមួយអាម៉េរិក និងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រតិភូប្រទេសទាំងពីរទៅវិញទៅមកនៅគ្រប់កម្រិតជាបន្តបន្ទាប់ថែមទៀត។ 

ឆ្លើយតបនឹងភាគីកម្ពុជា លោក Andrew Byers ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងនេះ នឹងជាចំណែកមួយក្នុងការពង្រឹងថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេទាំងពីរ។ ហើយនេះក៏ជាជំនួប ដើម្បីពិភាក្សាលម្អិតពីការត្រៀមសម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក។

ជាមួយនឹងគម្រោងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Hegseth ក៏មានដំណឹងនូវការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជាផងដែរ។ នេះបើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក។

គួរជម្រាបថា ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Andrew Byers ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា បានជួបឧត្តមសេនីយ៍យោធាកម្ពុជាជាច្រើនរូបរួមមានឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិ ឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម។ បន្ថែមពីនេះ លោក Andrew Byers បានជួបលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម