ព័ត៌មានជាតិ
សកម្មភាពស្ថាបនាគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាបបានជិត៨០%
ទោះបីកម្ពុជាកំពុងទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ចំពោះកិច្ចអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមិនបានបន្ធូរបន្ថយនោះឡើយ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជាក់ស្តែងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃនាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបន្តសកម្មភាពស្ថាបនាបានជិត៨០%។

នៅការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប គិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ កំពុងដំណើរការក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការដែលបានគ្រោងទុក។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី២៥ ខែសីហា លទ្ធផលដែល អនុវត្តបានលើគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែង ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិការាជរដ្ឋាភិបាលចំនួន ១៤៩លាន២១៦ពាន់៥៩៥ដុល្លាសហរដ្ឋអាមេរិក ដោយមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន ០៩ក្រុម និងអង្គភាពរដ្ឋបានអនុវត្តចំនួន ០៨អង្គភាព ហើយសម្រេចបាន ជាលទ្ធផល ៧៥,៥២%។

ក្នុងនោះលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ទាំង ៣៨ខ្សែ បាន ៧៥,៩៤% និង ការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង មានប្រវែងសរុប ៣៤,៤២២គីឡូម៉ែត្រ ស្មើ ៩៧,៨០% និង ការងារ ដំឡើងបរិក្ខាផ្លូវថ្នល់ បាន ៧៥,៥២%។
ក្នុងសកម្មភាពការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង បានចុះត្រួតពិនិត្យ លើការពិសោធន៍គុណភាព គំរូសំណាកសម្ភារៈសំណង់ ដែលយកមកប្រើប្រាស់នៅការដ្ឋាន ព្រមទាំងការសាងសង់ប្រេព័ន្ធលូបង្ហូរ និងការតភ្ជាប់លូទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ។ ក្នុងនោះក៏បានពិនិត្យកម្រិតកម្ពស់តួថ្នល់គ្រប់ស្រទាប់គ្រឹះផ្លូវ និងរកភាពហាប់ និងសម្រុតរបស់ស្រទាប់គ្រឹះថ្នល់ ព្រមទាំងគំរូសំណាកបេតុង ការងារផ្លូវ ស្ពាន លូ និងពិនិត្យការរៀបចំផ្លូវប្រសព្វផ្លូវខ្នែង។ ម៉្យាងទៀតបានធ្វើការពិនិត្យការរៀបចំខឿងចិញ្ចើមផ្លូវ និងគម្រោងផ្លូវថ្មើរជើង។ ជាក់ស្តែងក្រុមការងារក៏បានយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យការធ្វើ (Mix Design) សម្រាប់បេតុងកៅស៊ូ (AC ) ស្រទាប់បនី្ស Binder Course និង Wearing Course។ ក្នុងសកម្មភាពនោះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទៅលើគុណភាពល្បាយកៅស៊ូបេទីម និងកម្រិតកម្តៅកៅស៊ូ ព្រមទាំងស្ថានភាពនៃតួផ្លូវ មុនពេលធ្វើការចាក់អ៊ុតកៅស៊ូ ដើមី្បធានាឱ្យបានគុណភាព ដែលតម្រូវឱ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដារក្នុងការសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងពេលវេលាទៀតផង។

ក្នុងគម្រោងផ្លូវទាំង ៣៨ខ្សែនេះ ចំពោះផ្លូវចាក់បេតុងការសាងសង់ជិតបានរួចរាល់ និងបានកំពុងធ្វើការរៀបចំខឿន ចិញ្ចើមផ្លូវ ក្រាលម៉ាតផ្លូវថ្មើរជើង។ ចំពោះផ្លូវចាក់អ៊ុតកៅស៊ូបេទីម ក្រុមការងារបច្ចេកទេស បានធ្វើការចាក់សាកល្បង លើគម្រោងផ្លូវ WN-03 ដើមី្បពិនិត្យទៅលើគុណភាព និង តេស្តលើល្បាយកៅស៊ូបេទីម៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


