Connect with us

ព័ត៌មានជាតិ

មកស្គាល់សារមន្ទីរ ៣ នៅក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

សារមន្ទីរ គឺជាកន្លែងមួយសម្រាប់ដាក់តម្កល់ និងរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ បេតិកភណ្ឌជាតិ ក៏ដូចជា ឯកសារប្រវត្តិសាស្រ្តសំខាន់ៗជាច្រើនសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ដោយឡែក នៅក្នុងរាជធានីភ្នំពេញ មាននូវសារមន្ទីរចំនួន៣ផ្សេងៗគ្នា ដែលត្រូវបានថែរក្សាតាមផ្នែកផ្សេងៗសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សា។

១.សារមន្ទីរជាតិ

សារមន្ទីរជាតិ គឺជាសារមន្ទីរមួយដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានតម្កល់ទុកសម្បត្តិវប្បធម៌ជាតិ និងប្រវត្តិសាស្ត្រខ្មែរជាច្រើន។ សារមន្ទីរជាតិ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ កំឡុងពេលសម័យអាណានិគមនិយមបារាំង ដោយមានលោក George Groslier ជាស្ថាប​និកសាងសង់តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរនៅលើទឹកដីខ្មែរនាសម័យនោះ។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារមន្ទីរជាតិ មានបណ្ដោយ ៥៤ម៉ែត្រ និង ជម្រៅ ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ ដាក់សម្ពោធដំណើរការ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ តាំងពីចាប់ផ្តើមដំណើរការសារមន្ទីរនេះមក គឺមានការផ្លាស់​ប្តូរឈ្មោះ​ និងរបបអ្នកដឹកនាំជាបន្តបន្ទាប់ តាមសម័យកាលនីមួយៗរហូតមានឈ្មោះជាប់ជាផ្លូវការថា “សារមន្ទីរជាតិ” សព្វថ្ងៃនេះ។

សារមន្ទីរជាតិ បានរក្សាទុកនូវសម្បត្តិវប្បធម៌ជាតិជាច្រើន ឯកសារប្រវត្តិសាស្ត្រនានា គ្រប់សម័យកាល គិតតាំងពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ រហូតដល់សម័យកាលក្រោយៗទៀត ដើម្បីរក្សាសម្រាប់កូនចៅជំនាន់ក្រោយ និងភ្ញៀវទេសចរអន្តរជាតិបានសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្មែរ។ នៅក្នុងនោះ មានដូចជារូបសំណាក សិលាចារឹក និងភស្តុតាងប្រវត្តិសាស្រ្តកម្ពុជាផ្សេងៗទៀតប្រមាណ ១ម៉ឺន ៤ពាន់ តាំងតម្កល់នៅទីនោះ។

សារមន្ទីរដ៏ចំណាស់មួយនេះ មានទីតាំងស្ថិតនៅក្បែរព្រះបរមរាជវាំង បើកទទួលភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិចូលទស្សនា គឺម្នាក់ត្រឹមតែ ៥,០០០៛ ប៉ុណ្ណោះ រីឯ ភ្ញៀវបរទេសវិញ ម្នាក់ ២០,០០០៛។ ក្នុងនោះ ក៏មានផ្តល់នូវសេវាមគ្គុទេសក៍ដល់ភ្ញៀវទេសចរមាន៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ជប៉ុន និងបារាំងផងដែរ។

២.សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ)

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ឬ ហៅកាត់ថា សារមន្ទីរ ស.ស.រ ជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា និងបើកសម្ពោធដំណើរការក្នុងឆ្នាំ ២០១៩។ សារមន្ទីរ ស.ស.រ ជាសារមន្ទីរដែលសាងសង់ឡើងមកក្នុងគោលបំណង បង្ហាញដល់សាធារណជនទូទៅឱ្យបានស្គាល់ និងស្វែងយល់ពីទិដ្ឋភាព និងទំនាក់ទំនង សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាគ្រប់សម័យកាល តាំងពីសម័យហ្វូណន រហូតដល់សម័យបច្ចុប្បន្ន។

ជាមួយគ្នានេះ សារមន្ទីរ ស.ស.រ ក៏មានជាការពន្យល់បង្ហាញពីទំនាក់ទំនងរូបិយវត្ថុ ស្ថាប័ន និង សង្គមជាមួយនឹងប្រវត្តិសេដ្ឋកិច្ច និងគោលនយោបាយ​របស់កម្ពុជាតាំងពីសម័យហ្វូណនមក។ អ្វីកាន់តែពិសេសនោះ គឺនៅសារមន្ទីរ ស.ស.រ មានសាលពិព័រណ៍ចំនួន១២ ព្រមទាំងបានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបៗ សម្រាប់បង្ហាញដល់សាធារណជន។

នៅក្នុងសារមន្ទីរ ស.ស.រ ក៏មានដាក់តាំងជាល្បែងកម្សាន្តផ្សេងៗ ជាប្រភែទល្បងប្រាជ្ញាសម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិ អាចសាកល្បងប្រាជ្ញាផ្សេងៗតាមរយៈការតាំងជាល្បែងនានានៅលើប្រព័ន្ធបច្ចេកវិទ្យា។ សារមន្ទីរមួយនេះ មានទីតាំងស្ថិតនៅលើរុក្ខវិថី ព្រះមហាក្សត្រីយានីកុសុមៈ (១០៦) នៅជិតវត្តភ្នំ។

សារមន្ទីរ ស.ស.រ បើកទទួលភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃចន្ទ និងថ្ងៃបុណ្យប៉ុណ្ណោះ វេលាម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិតម្លៃ ៤,០០០៛សម្រាប់មនុស្សម្នាក់ ២,០០០៛ សម្រាប់សិស្ស និស្សិត និងក្មេងៗ។ ចំណែកភ្ញៀវបរទេសវិញ គឺក្នុងម្នាក់តម្លៃ២០,០០០៛។

៣.សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទូលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬ គេច្រើនហៅថា សារមន្ទីរទួលស្លែង ជាសារមន្ទីរបែបប្រវត្តិសាស្រ្ត ដែលរៀបរាប់ និងបង្ហាញពីរូបភាពនៃការដាក់ទោសមនុស្សនៅក្នុងសម័យខ្មែរក្រហម ដែលអូសបន្លាយរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងបណ្តាលឱ្យមនុស្សរាប់សែននាក់បានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍នេះ។

សារមន្ទីរទួលស្លែងនេះ ជាអតីតមន្ទីរសន្តិសុខ២១ ហៅកាត់ថា ស.២១ ជាទីកន្លែងសម្រាប់ធ្វើទារុណកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងនោះមានបង្ហាញពីកន្លែងឃុំឃាំង ឧបករណ៍ធ្វើទារុណកម្មដ៏កាចសាហាវផ្សេងៗ ព្រមទាំងការដាក់តម្កល់គ្រោងឆ្អឹងរបស់ប្រជាជនដែលបានបាត់បង់ជីវិតមួយចំនួន។

នៅក្នុងបន្ទប់ឃុំឃាំង មានទំហំតូចខ្លាំងដែលអាចឱ្យមនុស្សចូលបានត្រឹមតែមួយតួខ្លួនប៉ុណ្ណោះ នៅក្នុងបន្ទប់ជាប់ឃុំនោះ មានកន្លែងគេង កន្លែងហូប និងបន្ទោបង់ដ៏តូចចង្អៀត។ នៅបរិវេណអគារនីមួយៗ ត្រូវបានហ៊ុំព័ទ្ធដោយបន្លាលួស ជៀសវាងកុំឱ្យមានអ្នករួចរត់ និងធ្វើអត្តឃាតកំឡុងពេលឃុំឃាំង។

ដោយឡែកនៅទីនោះមានបែងចែកច្រើនអគារ និងតាមឋានៈផ្សេងៗ ចំពោះអគារ “ក” ជាអគារសម្រាប់ឃុំកម្មាភិបាលដែលត្រូវចោទប្រកាន់ថា ជាអ្នកប្រឆាំងអង្គការបដិវត្តន៍ ក្នុងបន្ទប់មានទំហំ ៦មx៤ម ដែលមានបង្អូចរឹងមាំ និងមានកញ្ចក់ហ៊ុំព័ទ្ធជិតឈឹង ដើម្បីកុំឱ្យលឺសម្លេងស្រែករបស់ជនរងគ្រោះ ចេញទៅខាងក្រៅនៅពេលធ្វើទារុណកម្ម។ ចំពោះអគារ “ខ, គ, ឃ” នៅជាន់ក្រោមជាបន្ទប់តូចៗខណ្ឌជាប់គ្នាសាងសង់ដោយឥដ្ឋ ជាន់ទី២ សាងសង់អំពីឈើ ហើយជាន់ទី៣ គឺជាបន្ទប់ឃុំឃាំងរួមគ្នា។

សារមន្ទីរនេះ ប្រសិនជាអ្នកដើរចូលដំបូងនឹងឃើញមានផ្នូរចំនួន១៤ ដែលផ្នូរទាំងនោះ គឺជាផ្នូររបស់សាកសពជនរងគ្រោះ១៤នាក់ ក្នុងនោះមាននារីម្នាក់ ដែលពួកខ្មែរក្រហមបានសម្លាប់ចុងក្រោយបង្អស់ មុនពេលដែលពួកគេបានគេចខ្លួនទៅ។

ទីកន្លែងចងចាំព្រឹត្តិការណ៍គួរឱ្យឈឺចាប់ និងកន្លែងប្រវត្តិសាស្រ្តមួយនេះ មានទីតាំងនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើកដំណើរការឱ្យប្រជានជនកម្ពុជាគ្រប់រូប និងជនបរទេសចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ ជាមួយគ្នានេះ  សម្រាប់ប្រជាជនកម្ពុជា អាចចូលទស្សនាបានដោយសេរី មិនគិតប្រាក់ឡើយ ប៉ុន្តែ ជនបរទេស ចាប់ពីអាយុ១០ឆ្នាំ ដល់១៨ឆ្នាំ តម្រូវបង់ប្រាក់១២,០០០៛ ហើយអាយុចាប់ពី១៨ឆ្នាំឡើងទៅ បង់ប្រាក់ ២០,០០០រៀល។ រីឯ មគ្គុទេសក៍ជាសម្លេងសម្រាប់ជនជាតិខ្មែរ ៤,០០០៛ ជនបរទេសតម្លៃ ២០,០០០៛ ដោយមាន១១ភាសាគឺ ភាសាខ្មែរ វៀតណាម ចិន កូរ៉េ ជប៉ុន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៉ីតាលី និងហូឡង់។

សូមជម្រាបថា ចំពោះក្មេងៗដែលមិនទាន់គ្រប់អាយុ គឺមិនលើកទឹកចិត្តឱ្យចូលទស្សនាតាមបន្ទប់ឃុំឃាំងនីមួយៗឡើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម