ព័ត៌មានជាតិ
អាជីវកម្មបន្លំបង់ពន្ធមិនគ្រប់ មន្រ្តីពន្ធដារប្រាប់បច្ចេកទេសពិនិត្យតាមដាន
ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់មកកាន់ «កម្ពុជាថ្មី» ជុំវិញនីតិវិធីក្នុងការកៀរគរចំណូលពន្ធនៅតាមបណ្តាសហគ្រាសអាជីវកម្ម។
លោកស្រី ប៊ុន នារី មានប្រសាសន៍ថា ពាក់ព័ន្ធការប្រមូលចំណូលពន្ធតាមសហគ្រាសអាជីវកម្ម ត្រូវបានអនុវត្តតាមរបបស្វ័យប្រកាស ពោលមិនមែនពន្ធដារជាអ្នកកំណត់ផ្ទាល់នោះទេ ដូច្នេះមានន័យថា សហគ្រាសឬរូបវន្តបុគ្គលជាអ្នកកំណត់និងគណនានូវប្រាក់ពន្ធ ប្រាក់ចំណូលរបស់ខ្លួនឯងមកកាន់រដ្ឋបាលសារពើពន្ធ។

ចំពោះសំណួរដែលលើកឡើងថា នៅពេលដែលអ្នកជាប់ពន្ធបានដាក់លិខិតប្រកាសពន្ធមិនសមស្របតាមទំហំជាក់ស្ដែងនៃផលរបរ តើរដ្ឋបាលសារពើពន្ធត្រូវមានកាតព្វកិច្ចយ៉ាងដូចម្តេច?
ជុំវិញសំណួរលើកឡើងខាងលើនេះ បើតាមលោកស្រី ប៊ុន នារី បានពន្យល់ថា «យន្តការនៅក្នុងកិច្ចការបច្ចេកទេសពន្ធដារត្រូវត្រួតពិនិត្យរាល់លិខិតប្រកាសរបស់អតិថិជនថាតើទំហំសហគ្រាសរបស់អតិថិជនមានទំហំប៉ុណ្ណឹង ចរន្តអាជីវកម្មប៉ុណ្ណឹង គាត់បានប្រកាសពន្ធតូចមួយ ឬគាត់ប្រកាសខាតសមស្របដែរឬទេ? បើគាត់ប្រកាសខាតជាង ១០ ឆ្នាំមកហើយ មិនដែលដួលទៅណាសោះ ដូច្នេះពេលហ្នឹងវាចូលទៅដល់កម្រិតហានិភ័យមួយ ដែលពន្ធដារមានប្រព័ន្ធនៅក្នុងការវិភាគតាមដាន»។
លោកស្រីបន្តថា ការធ្វើសវនកម្មត្រូវតែធ្វើឡើងដើម្បីធានាបានថា ការបង់ពន្ធបានត្រឹមត្រូវ។ ដូច្នេះហើយ រដ្ឋបាលសារពើពន្ធនឹងចុះវាយតម្លៃក៏ដូចជាធ្វើការណែនាំដល់សហគ្រាស ការប្រកាសពន្ធរបស់សហគ្រាសមិនឆ្លើយតបពីភាពជាក់ស្តែងពីទំហំនិងផលរបរអាជីវកម្ម។
បើតាមមមន្រ្តីពន្ធដារ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារក៏តែងតែចុះទៅពន្យល់អំពីកាតព្វកិច្ចនិងច្បាប់ស្តីពីសារពើពន្ធ និងចុះទៅណែនាំអំពីរបៀបនិងវិធីសាស្រ្តនៅក្នុងការប្រកាសពន្ធដល់សហគ្រាសនិងអង្គភាពអាជីវកម្មនានា។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ បានចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់ជា ៣ ប្រភេទ៖
១- អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែល៖
ក- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១០០០ លានរៀល សម្រាប់វិស័យ កសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១ ៦០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
គ- មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ឃ- រំពឹងថាមានផលរបរក្នុងរយៈពេល បី ខែជាប់គ្នាខាងមុខ ចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ង- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។
២- អ្នកជាប់ពន្ធមធ្យមគឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
ឃ- ជាសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
ង- ជាស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សមាគមឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
ច- ជាបេសកកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
៣- អ្នកជាប់ពន្ធធំគឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក- មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
ង- ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាស មិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែងរបស់អ្នកជាប់ពន្ធទេនោះ អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖
១- អ្នកជាប់ពន្ធតូច៖
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ១ ០០០ លានរៀល សម្រាប់ វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។
២- អ្នកជាប់ពន្ធមធ្យម
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ១០០០ លានរៀល ដល់ ២០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល ដល់ ៤ ០០០ លានរៀលសម្រាប់វិស័យឧស្សាហកម្ម។
៣- អ្នកជាប់ពន្ធធំ
ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។
អត្ថបទ៖ ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ