សេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងរឹងមាំក្នុងរយៈពេល៣ឆ្នាំចុងក្រោយ
លោក អូន ព័ទ្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរ លើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិជាសកលនានាដែលបានកើតឡើង និងកំពុងកើតឡើង ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកលយ៉ាងណាក្តី។

ក្នុងពិធីបើក ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ថិតក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាបន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសការរក្សាបានយ៉ាងល្អ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ពោលគឺ កម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាកំណើន ជាមធ្យមជាង ៧ ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ នៃដំណាក់កាលមុនវិបត្តិនៃជំងឺកូវីដ-១៩។
លោក ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖« ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកលូតលាស់នៃមូលដ្ឋានគ្រឹះនៃសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ និងការអភិវឌ្ឍសង្គម-ប្រជាសាស្ត្រ (Socio-demographic Development) ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងការរីកចម្រើននៃសន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) ទាំងកម្រិតជីវភាព ការអប់រំ និងសុខុមាលភាពរបស់ប្រជាជន»។

«ការណ៍នេះ បានរុញច្រានឱ្យកម្ពុជាចេញផុតពីឋានៈជាប្រទេសមានចំណូលទាប និងបានប្រែក្លាយទៅជា «ប្រទេសមានចំណូលមធ្យមកម្រិត ទាប» ចាប់ពីឆ្នាំ ២០១៥ មកម៉្លេះ ហើយបច្ចុប្បន្ន កម្ពុជាក៏កំពុងត្រៀមខ្លួនចាកចេញពី «ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច» នៅឆ្នាំ ២០២៩ ខាងមុខផងដែរ ស្របតាមសន្ទុះជាក់ស្តែងនៃការអភិវឌ្ឍរបស់ខ្លួន»។ លោក អូន ព័ទ្ធមុន្នីរ័ត្ន បន្ថែមបែបនេះ។
កាលពីពាក់កណ្តាលខែឧសភា ធនាគារពិភពលោក (WB) បានកាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា ត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ពីការព្យាករណ៍កាលពីដើមឆ្នាំ២០២៥ ក្នុងអត្រា៥,៣% ក្នុង២០២៥ និង ៥% ក្នុងឆ្នាំ២០២៦ ដោយសារបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៤។ សម្រាប់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ១១,៨០ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ កើនឡើង ១៩,៧%។។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា