ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ «ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា» មិនអាចខ្វះបាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា «ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា» មិនអាចខ្វះបានឡើយសម្រាប់សង្គមជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃសៅរ៍ ៣ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈ ការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីទាញយកសក្តានុពលពីវិស័យទេសចរណ៍ឲ្យបានក្នុងកម្រិតខ្ពស់នោះ គឺត្រូវផ្តើមចេញពី «ម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម» គឺសូមឲ្យអង្គភាពចំណុះក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់លើកកម្ពស់ឱ្យបានផុសផុលបន្ថែមទៀត ពិសេសមន្ត្រីរាជការជាស្ត្រីក៏ត្រូវពង្រឹងខ្លួនយើងផងដែរ»។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ប្រធានបទនេះ ក៏មានគោលបំណងគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាព នៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប ៣០ ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រី។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារយ៉ាងច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគដែលជាប្រភពបង្កើតចំណូល និងឱកាសការងារ។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកស្រី សុង ធីតា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រី គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


