Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្តល់យុទ្ធសាស្ត្រ ៤ ចំណុច សំខាន់ៗ ដល់សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ បានផ្តល់ផែនការយុទ្ធសាស្ត្រ ៤ ចំណុច សំខាន់ៗ ដល់ សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់នូវផែនការយុទ្ធសាស្ត្រសំខាន់ៗ នោះ ខណៈពេល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ» ដែលបានរៀបចំឡើងនៅរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦។

យោងតាមរបាយការណ៍របស់ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ បានលើកឡើងថា ចាប់តាំងពីសមាគមបានកកើតឡើងក្នុងឆ្នាំ ២០០០ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទើបឈានចូលសហស្សវត្សរ៍ថ្មី។ ការបង្កើតសមាគមនេះឡើង ស្ថិតក្នុងបរិបទដែលកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញ និង ឯកភាពជាតិទាំងស្រុង ក្រោមនយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ ១៩៩៨ ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន។

លោកស្រី បន្តថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ អាចសម្រេចបានដោយសារតែសមាគមបានដាក់ចេញផែនការយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវ និង ដាក់ចេញនូវសសរស្តម្ភចំនួន ៤ រួមមាន ៖ ទី១.ពង្រឹងសមភាពយេនឌ័រ និង ការផ្តល់ភាពអង់អាចដល់ស្ត្រី។ ទី២.ផ្តោតលើការវិនិយោគលើយុវជន។ ទី៣.ផ្តោតលើមនុស្សចាស់សកម្ម និង ទី៤.ផ្តោតលើការបែប្រួលអាកាសធាតុ។

ឆ្លៀតឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និង កោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែង និង ការគាំទ្ររបស់ លោកជំទាវ ឯកឧត្តម ដែលបានរួម ចំណែកបម្រើឲ្យគោលនយោបាយប្រជាជន និង ការអភិវឌ្ឍ ក៏ដូចជា ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និង ដៃគូអភិវឌ្ឍន៍ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលបានរួម សហការជាមួយសមាគមរហូតសម្រេចបានលទ្ធផលជាទីមោទនៈ។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា តាមរយៈពិធីផ្សព្វផ្សាយសៀវភៅស្តីពី សកម្មភាពការងាររយៈពេល ២៥ ឆ្នាំ របស់សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ជំរុញអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ធ្វើឲ្យសម្រេចនូវរបៀបវារៈអន្តរជាតិ ជាពិសេសកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និង ការអភិវឌ្ឍ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ និង ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិដែលពាក់ព័ន្ធ សូមបន្តចូលរួមជាមួយសភាកម្ពុជាជារួម និង ដោយឡែកជាមួយសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្ត និង ការអភិវឌ្ឍ ដើម្បីបន្តរួមចំណែកធ្វើឲ្យសម្រេចទស្សនវិស័យ គឺការលើកកម្ពស់សមភាពយេនឌ័រ ផ្តល់ភាពអង់អាចដល់ស្ត្រី និង យុវជន កាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរស់នៅ និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម