Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋម​ន្រ្តី គន់ គីម ស្នើសមាជិកអាស៊ានរួមគ្នាដោះស្រាយគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ រញ្ជួយដី

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្នើសមាជិកអាស៊ានរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយក្នុងតំបន់ដែលកំពុងប្រឈមដូចជាករណី គ្រោះទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗ។

សំណើរនេះ ត្រូវបានលើកឡើងនាឱកាសលោក គន់ គីម ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥  កាលពីថ្ងៃទី ២២ ខែកក្កដា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគន់ គីម មានប្រសាសន៍ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន ពិសេសរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពជាតិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបន្តថា លំហាត់សមយុទ្ធនេះនឹងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មដល់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

លោកបន្តទៀតថា៖« តំបន់អាស៊ានគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗទេ គ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត ការរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូច្នេះបញ្ហាប្រឈមទាំងនេះទាមទារនូវវិធីសាស្រ្តរួមគ្នា និងទូលំទូលាយ ដែលលើសពីសមត្ថភាពរបស់ប្រទេសណាមួយតែឯង»។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការតំបន់គឺជាកត្តាចាំបាច់ ហើយកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អ៊ែតម៉ែ) ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៥ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់យើងក្នុង តំបន់។ លោកបន្តថា អ៊ែតម៉ែ បានផ្ដល់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រៀមបង្ការ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ដោយបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យរួមរបស់យើងក្នុងការកសាងសហគមន៍អាស៊ានមួយដែលមិនគ្រាន់តែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយផងដែរ។

ក្នុងពិធីនេះ លោកលើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre) ដែលជាអង្គភាពប្រតិបត្តិការសំខាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរបស់អាស៊ាន និងការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាផងដែរ។

លោកបញ្ជាក់ថា លំហាត់សមយុទ្ធ ARDEX-25 ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្ត អ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការ សង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន (SASOP)។

តាមរយៈលំហាត់សមយុទ្ធនេះ អាស៊ាននឹងអាចកំណត់បាននូវ ចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាការឆ្លើយតបរបស់ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសម្របសម្រួលបានល្អបំផុត ស្របតាមទស្សនៈវិស័យ អាស៊ានមួយ ការឆ្លើយតបមួយ។

លោកទេសរដ្ឋម​ន្រ្តី គន់ គីម សង្ឃឹមយ៉ាងមុតមាំថា លំហាត់សមយុទ្ធនេះ នឹងផ្ដល់នូវមេរៀនដ៏មានតម្លៃ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អបន្ថែមនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិ គឺជាគន្លឹះឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពធន់ ដើម្បីធានាថាធនធាន សមត្ថភាព និងនីតិវិធីទាំងអស់មានលក្ខណៈគ្រប់គ្រាន់ និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើង រួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពរុករក និងសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ ការវាយតម្លៃរួមគ្នា និងការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា ពិធីបើកលំហាត់សមយុទ្ធនេះ មានការអញ្ជើញចូលរួមពីលោក កៅ គីមហ៊ួន អគ្គលេខាធិការអាស៊ាន, លោក គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥, លោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, ព្រមទាំង ក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ដៃគូសន្ទនាអាស៊ាន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

ទេសរដ្ឋម​ន្រ្តី គន់ គីម ស្នើសមាជិកអាស៊ានរួមគ្នាដោះស្រាយគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ រញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

វៀតណាម ប្រមូល​គ្រឿង​សម្អាង​មកបំផ្លាញចោល ក្រោយរកឃើញថា បំពាន​លើ​រូបមន្ត

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ជនជាតិប៉ាឡេស្ទីន១៥​នាក់ទៀត​ស្លាប់​ព្រោះអត់ឃ្លាន​ ខណៈ​ហ្គាហ្សា​រងការ​វាយ​ប្រហារពីអ៊ីស្រាអែល​កាន់​តែ​ខ្លាំង

កីឡា៥ នាទីutes មុន

គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ចង់​ឃើញ​​ការ​ប្រកួត​របស់​យុវជន​​កាន់​តែ​ច្រើន​នៅ​កម្ពុជា​

កីឡា១៧ នាទីutes មុន

អ៊ូច​ ធារិទ្ធ​ សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កីឡាករ​ចេះ​ជួយ​គ្នា​ពេល​មាន​របួស​

Sokha Hotels

ព័ត៌មានពេញនិយម