ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា រតនគិរី តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលមានទំហ៊ំ ២០,៨ ម៉ែត្រ x១១ម៉ែត្រ មានទីតាំងនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (អតីតព្រលានយន្តហោះចាស់)។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្ដី បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ក្នុងនោះ សមាគមអតីតយុទ្ធជនខេត្តរតនគិរី ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ហើយទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងបញ្ជាក់ថា «ការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា បងប្អូនអតីតយុទ្ធជន មានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា»។

លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជន ដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឱ្យអតីតយុទ្ធជន អាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះ ក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាព ដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ព បន្តវេនពីឪពុកម្តាយផងដែរ។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែមិនភ្លេចឡើយ ចំពោះបងប្អូនដែលជាអតីតយុទ្ធជន។ ព្រមទាំងបានចែកអំណោយ ជូនគ្រួសារអតីតយុទ្ធជន ចំនួន៥១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ទឹកត្រី១យួរ ត្រីខ១យួរ ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ មី១កេសតូច អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ