Connect with us

កីឡា

ចូល​វគ្គ ៨ ក្រុមយប់​នេះ បារាំង នៅ​តែ​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឈ្នះ​ជើង​ឯក World Cup 2026

បានផុស

នៅ

នៅ​ក្នុង​ចំណោម ៨ ក្រុម​ចុង​ក្រោយ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បារាំង មាន​ភាគ​រយ​ខ្ពស់​ជាង​គេក្នុង​ការ​ឈ្នះ​ជើង​ឯក​​ពិភព​លោក World Cup ឆ្នាំ ២០២៦ ដោយ​ផ្អែក​លើ​សមត្ថភាព បទ​ពិសោធ និង​កីឡាករ​បច្ចុប្បន្ន។

នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ បារាំង​  អេស្ប៉ាញ អាហ្សង់ទីន និង ​អង់គ្លេស ស្ថិត​នៅ​លំដាប់​កំពូល​ទាំង ៤ ខណៈ  ម៉ារ៉ុក ន័រវែស បែលហ្ស៊ិក​ និង ស្វីស ក៏​ជា​ក្រុម​មិន​អាច​មើល​រំលង​បាន​ឡើយ។

បារាំង

ក្រុម បារាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​មាន់​គក​បារាំង ជា​ម្ចាស់​ជើង​ឯកពីរ​សម័យ គឺឆ្នាំ ១៩៩៨ និង​ ឆ្នាំ ២០១៨ ព្រម​ទាំង​​រង​ជើងឯក ឆ្នាំ ២០២២។ ពួក​គេ​មានជា​ក្រុម​មាន​គុណភាព​គ្រប់​តំបន់ និង​មាន​បទ​ពិសោធ​ច្រើន។ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe និង Ousmane Dembele គឺ​ជា​ទ័ព​ជួរ​មុខ​គ្រោះ​ថ្នាក់​បំផុត ប្រៀប​ធៀប​ធៀប​នឹង​ក្រុម​ផ្សេង​ៗ​ទៀត។ យោង​តាម​ការ​ព្យាករ បារាំង មាន ៣៣ % ដែល​អាច​ឈ្នះ​ជើង​ឯក។

អេស្ប៉ាញ

ក្រុម អេស្ប៉ាញ

អេស្ប៉ាញ ដែលជា​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ ២០១០ និង​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប ឆ្នាំ ២០៤ ត្រូវ​បាន​គេ​ព្យាករ​មាន ១៩ % ​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក ឆ្នាំ​នេះ។ ពួក​គេ​ជា​ក្រុម​ដែលលាយ​បញ្ចូល​គ្នា​រវាង​កីឡាករ​ដែល​មាន​បទ​ពិសោធ និង​កីឡាករ​វ័យ​ក្មេង​មាន​ទេពកោសល្យ។ ពួក​គេមាន​តំបន់​ការពារ​រឹង​មាំ​ដោយ ៥ ប្រកួត​ចុងក្រោយ​មិន​របូត​គ្រាប់​បាល់​សោះ។ គន្លឹះ​សំខាន់​របស់​ពួក​គេ​គឺ​យុវជន Lamine Yamal​ ជា​អ្នក​បង្កើត​ហានិភ័យ និង​​តំបន់​បម្រើ​ដ៏មាន​ប្រសិទ្ធភាព។​

អាហ្សង់ទីន

ក្រុម​ អាហ្សង់ទីន

ម្ចាស់​​ជើង​ឯក ៣ សម័យ និង​ជា​ម្ចាស់​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់ គឺ អាហ្សង់ទីន មាន​ភាគ​រយ​ខ្ពស់​មែន​ទែន​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​មាន​ ១៨ % សម្រាប់​ការ​ឈ្នះ​ជើង​ឯក។ កីឡាករ Lionel Messi ជា​នៅ​តែ​បង្ហាញ​ទម្រង់​លំដាប់​កំពូល​ដដែល។ រូប​គេ​នេះ​ហើយ​ជា​អ្នកទ្រទ្រង់​លំនឹង​លេង​របស់​ក្រុម​ទាំង​មូល។ កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធ ការ​លេង​ប្រកប​ដោយ​តុល្យភាព និង​មិន​តក់​ស្លត់​គឺ​ជា​ភាពខ្លាំង​របស់​​អាហ្សង់ទីន។

អង់គ្លេស

ក្រុម អង់គ្លេស

តោ​កំណាច​អង់គ្លេស ស្ថិត​លំដាប់​លេខ ៤ ដែល​មាន ១៤.៨ %​ ក្នុង​ការ​ឈ្នះ​ជើង​ឯក។ ពួក​គេ​ជា​ក្រុម​ដែល​មាន​តម្លៃ​ខ្ពស់ និង​គួរឲ្យ​ចាប់​អារម្មណ៍ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​នាំ​លេង​ដោយ​ប្រធាន​ក្រុម Harry Kane។ តំបន់​ជួរ​មុខ​ដ៏​គ្រោះ​ថ្នាក់​នៅ​ពេល​រួម​ដៃ​គ្នា​រវាង Jude Bellingham,  Bakayo Saka និង Harry Kane។

កីឡាករ Kylian Mbappe របស់ បារាំង

ជា​មួយ​គ្នា​នេះ ម៉ារ៉ុក និង ន័រវែស ក៏​ជា​បេក្ខភាព​មិន​អាច​មើល​រំលង​បាន​ឡើយ។ ន័រវែស កំពុង​ក្លាយ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ពួក​គេ​ទម្លាក់ ប្រេស៊ីល នៅ​វគ្គ ១៦ ក្រុម​ និង​បាន​ឡើង​វគ្គ ៨ ក្រុម។ ខ្សែ​ប្រយុទ្ធ Erly Haaland ជា​គ្រាប់​ពេជ្រ​របស់​ពួក​គេ។

កីឡាករ Lionel Messi របស់ អាហ្សង់ទីន

ម៉ារ៉ុក ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ពួក​គេ​បាន​បង្កើត​ការភ្ញាក់​ខ្លាំង​កាល​ពី​ឆ្នាំ ២០២២។ ជា​ក្រុម​ដែល​មិន​សូវ​ល្បី​ឈ្មោះ​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​បើ​និយាយ​ពី​ទម្រង់​លេង​នៅ​លើ​ទី​លាន ពួក​គេនឹង​ន៎​ណាស់។ រាប់​ចាប់​តាំង​ពី​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ​ គឺ​ស្រុះ​​ជើង​គ្នា​ល្អ។​ ជា​មួយ​គ្នា​នេះ ស្វីស បាន​បង្ហាញ​ពី​ការ​លេង​ជា​ក្រុម​យល់​ចិត្ត​គ្នា ហើយ បែលហ្ស៊ិក ជា​ក្រុម​មាន​បទ​ពិសោធ​ពោរពេញ​ដោយ​គុណភាព៕

កីឡាករ Romelu Lukaku របស់ បែលហ្ស៊ិក

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយចាប់​ផ្តើម​ពី​យប់​ថ្ងៃ​ទី​៩ ខែ​កក្កដា នេះ​ហើយ។

  • បារាំង vs ម៉ារ៉ុក (ថ្ងៃ​ទី​៩ កក្កដា នៅ​អាមេរិក)
  • អេស្ប៉ាញ vs បែលហ្ស៊ិក (ថ្ងៃទី​១០ កក្កដា នៅ​អាមេរិក)
  • អង់គ្លេស vs ន័រវែស (ថ្ងៃ​ទី​១១ កក្កដា នៅ​អាមេរិក)
  • អាហ្សង់ទីន vs ស្វីស (ថ្ងៃទី១១ កក្កដា នៅ​អាមេរិក)
ក្រុម ស្វីស

អត្ថបទ​៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម