កីឡា
រឿងសំខាន់៦ចំណុចត្រូវដឹងពីលីគកំពូលកម្ពុជារដូវកាលថ្មី
ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។ សម្រាប់រដូវកាលថ្មីមានកំណែទម្រង់ធំៗចំនួន៦ ដែលនឹងកាន់តែធ្វើឲ្យល្អប្រសើរឡើងសម្រាប់វិស័យបាល់ទាត់កម្ពុជា។

ក្នុងពិធីចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានរៀបរាប់ និងពន្យល់អំពីកំណែទម្រង់នីមួយៗ ហើយទទួលបានការពេញចិត្តពីក្លិបទាំង១០ដែលបានចូលរួមប្រកួត។
១. ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីនឹងចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០២៣ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤។ ចំណុចនេះគឺផ្តោតសំខាន់លើកាលវិភាគការប្រកួតស្របទៅតាមការប្រកួតរបស់លីគនានាក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក។ ការផ្លាស់ប្តូរពេលវេលានេះបានធ្វើឲ្យក្លិបនីមួយៗងាយស្រួលក្នុងការដោះដូរកីឡាករ ហើយកីឡាករក៏ស្រួលទាំងចេញ-ចូល និងកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិរបស់ខ្លួន។

២. ការបំពាក់ភ្លើងបំភ្លឺពេលយប់នៅកីឡដ្ឋាន សម្រាប់ក្លិបទាំង១០ដែលចូលរួមរដូវកាលថ្មី។ ការប្រកួតធ្វើឡើងនៅពេលយប់ ត្រជាក់ស្រួល និងងាយស្រួលដល់អ្នកគាំទ្រ។ រហូតដល់ពេលនេះកីឡដ្ឋានរបស់ក្លិបស្ទើរតែទាំងអស់អាចរៀបចំការប្រកួតពេលយប់បាន ហើយមានតែសមាជិកថ្មី ព្រៃវែង មិនទាន់មានភ្លើងបំភ្លឺ។ យ៉ាងណា តំណាងក្លិបព្រៃវែងបានបញ្ជាក់ថា ភ្លើងនឹងដាក់ឲ្យរួចរាល់នៅដើមឆ្នាំ២០២៤។

៣. ការបង្កើនចំនួនដល់១០សម្រាប់ការប្រកួតរដូវកាលថ្មី។ ក្លិបទាំង១០ក្លិបភាគច្រើនមានអាជ្ញាប័ណ្ណពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ សម្រាប់សមាជិកថ្មីដែលទើបឡើងមកលីគកំពូលគឺ ព្រែវៃងអេហ្វស៊ី និង អាយអេសអាយ ដង្កោសែនជ័យ ក៏មានសមត្ថភាពគ្រប់គ្រាន់ និងរៀបចំបានល្អដែលធ្វើឲ្យការប្រកួតលីគកាន់តែមានគុណភាព។

៤. រូបមន្តនៃការប្រកួតឆ្នាំថ្មីនេះគឺវិលជុំសន្សំពិន្ទុ៣ជុំ និងជ្រើសរើសយក៤ក្រុមចុងក្រោយ (Top4) សម្រាប់ការប្រកួតសន្សំពិន្ទុទៀត ប៉ុន្តែក្រុមណាដែលមិនបានធ្វើម្ចាស់ផ្ទះពេលប្រកួតជុំទី៣ ត្រូវធ្វើជាម្ចាស់ផ្ទះនៅវគ្គ៤ក្រុមចុងក្រោយ។ ចំណុចនេះមានន័យថា ក្រុមណាដែលបានធ្វើម្ចាស់ផ្ទះនៅជុំទី៣ហើយគឺមិនធ្វើម្ចាស់ផ្ទះនៅវគ្គ៤ក្រុមចុងក្រោយទេ ដូច្នេះគឺស្មើភាពគ្នា។ សរុបពិន្ទុទាំង៣ជុំ និងវគ្គ៤ក្រុមចុងក្រោយ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក។
៥.ការកំណត់កូតាកីឡាករអាស៊ាន។ ចាប់ពីរដូវកាលថ្មីនេះទៅ ក្លិបនីមួយៗត្រូវមានកូតាកីឡាករអាស៊ានម្នាក់ក្នុងចំណោមកីឡាករបរទេសចំនួន៦រូប។ សម្រាប់ការដាក់ឲ្យលេងនៅលើទីលានគឺបានកីឡាករបរទេស៥នាក់ក្នុងនោះត្រូវមានកីឡាករអាស៊ាន១នាក់ អាស៊ី១នាក់ និងកីឡាករបរទេសផ្សេ៣នាក់ទៀត។

៦. ពាក់ព័ន្ធជាមួយប្រាក់រង្វាន់សម្រាប់រដូវកាលថ្មីគឺមានការកើនឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែក្រុមហ៊ុន CPL មិនប្រាប់ឲ្យដឹងពីចំនួនដែលត្រូវបានបង្កើននោះទេ។ លោក Satoshi Saito បានបញ្ជាក់ថា ប្រាក់រង្វាន់នឹងកើតជាងឆ្នាំមុន ហើយក៏មានពានរង្វាន់សម្រាប់កីឡដ្ឋានដែលរៀបចំបានល្អជាងគេ និងពានរង្វាន់សម្រាប់ការធ្វើម្ចាស់ផ្ទះដែលមានអ្នកចូលរួមចូលទស្សនាច្រើនជាងគេដែរ។

លោក Satoshi Saito បានបញ្ជាក់ថា សម្រាប់កំណែទម្រង់ទាំង៦ធំៗនេះពិតជាផ្ដល់នូវផលវិជ្ជាមានជាច្រើនដល់លីគបាល់ទាត់កម្ពុជា ដូច្នេះសម្រាប់រដូវកាលថ្មីសង្ឃឹមថា បងប្អូនដែលជាអ្នកគាំទ្រលីគបាល់ទាត់កម្ពុជា សូមបន្ត និងជំរុញការគាំទ្រតែកាន់តែខ្លាំងថែមទៀត។ បើលីគបាល់ទាត់កម្ពុជារីកចម្រើន វាក៏ជាកម្លាំងចលករមួយដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជារីកចម្រើនដែរ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


