Connect with us

កីឡា

លោក Muñoz៖«មិននឹកស្មាន ការ​ប្រកួតផ្តាច់ព្រ័ត្រ ពានសម្តេចតេជោអស្ចារ្យយ៉ាងនេះ»

បានផុស

នៅ

លោក Josep Muñoz គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​​ដឹក​នាំ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​គ្រង​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ រដូវ​កាល​២០២៣-២៤ សម្រាប់​រដូវ​កាល​ដំបូង​របស់​លោក​ក្នុង​ការ​ដឹក​នាំ​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​លើ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ បាន​ប្រើ​ពេល​រហូត​ដល់​១២០​នាទី​ទើប​រក​ឃើញ​ក្រុម​ជ័យជម្នះ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcus Haber ស៊ុត​ជើង​ឆ្វេង​នៅ​នាទី​១០៩​ដ៏​អស្ចារ្យ​តាមរយៈ​​​បច្ចេកទេស​ទប់​បាល់​នៅ​លើ​ទ្រូង បន្ទាប់​ពី​ទទួល​បាល់​ពី​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Gabriel Silver ​ដែល​បាន​ក្លាយ​ជា​គ្រាប់​បាល់ជ័យជម្នះ​តែ​មួយ​គត់​ក្នុង​ការ​ប្រកួត​នេះ។

​លោក Josep Muñoz បានផ្តល់​បទ​សម្ភាស​ក្រោយ​ការ​ប្រកួត​ថា ​លោក​ពិត​ជា​កោត​សរសើរ​ដល់​ក្រុម​ទាំង​ពីរ​គឺ​ព្រះ​ខ័ន​រាជស្វាយរៀង និង​ភ្នំពេញ​ក្រោន​ធ្វើ​បាន​ល្អ​​ដូច​គ្នា។ ទាំង​ការ​គ្រប់​គ្រង​បាល់ ការការពារ ការ​បញ្ជូន​បាល់​ តំបន់​ប្រយុទ្ធ និងអាជ្ញា​កណ្តាលសុទ្ធ​តែ​បំពេញ​ការងារ​បាន​ល្អ​ដូច​គ្នា។ លោក​ពិត​ជារំភើប​រីក​រាយ​ដែល​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​បែប​នេះ។

អ្វី​ដែល​លោក​រឹត​តែ​ស្ញប់​ស្វែង​ទៀត​នោះ ​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​យ៉ាង​ច្រើន​កុះករ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​រៀបចំ​​​បាន​ល្អ​ ​ស្មៅក៏​ស្អាត​ និង​កៅអី​អង្គុយ​ក៏​ល្អ​គឺ​ជាទិដ្ឋភាព​ដ៏​អស្ចារ្យ​ដែល​លោក​ធ្លាប់​បាន​ឃើញ​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​នៅ​ពេល​លោក​ឃើញ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។

លោក Josep Muñoz បាន​បន្ថែម​ថា ការ​ឈ្នះ​ជើង​ឯក​សម្តេចតេជោ ហ៊ុន សែន គឺ​សមិទ្ធផល​ដ៏​ធំ​មួយ​ក្នុង​អាជីព​ជា​​គ្រូ​បង្វឹក​របស់​លោក បន្ទាប់​ពី​លោក​ធ្លាប់​ដឹក​នាំ​ក្រុម​យុវជន​ Barcelona នៅ​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​ចិន។

លោក​បាន​និយាយ​ថា ៖«ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ​គឺ​ជា​រឿង​ដ៏​ពិបាក ​មិន​ងាយ​ស្រួល​នោះ​ទេ ហើយ​សមិទ្ធផល​នេះ​គឺ​​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ជើង​ឯក​លីគ​បន្ត​ទៀត​»។

នេះ​ជា​លើក​ទី​៥​ហើយ​ដែល​​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​ធ្លាប់​បាន​ឈ្នះ​៤​កន្លង​មក និង​ធ្លាប់​ទទួល​បាន​ជើង​ឯក​រង​៤​ដង។

ជយលាភី​

  • ជើងឯក៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បានពាន មេដាយ​មាស និង​ប្រាក់​១៥០​លាន​រៀល
  • លេខ​២៖ ភ្នំពេញ​ក្រោន ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​១០០​លាន​រៀល
  • លេខ​៣៖ វិសាខា ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​៧០​លាន​រៀល
  • ក្រុម Fair Play​៖ ភ្នំពេញ​ក្រោន ទទួល​បាន១០​លាន​រៀល
  • ក្រុម​អាជ្ញា​កណ្តាលល្អ៖ លោក ឃួន វីរៈ, លោក គីមស៊ី ពិសាល, លោក ស៊ុន ច័ន្ទភារិទ្ធ និង​លោក ជី សាមឌី ទទួល​បាន៨​លាន​រៀល
  • គ្រូ​បង្វឹក​ឆ្នើម៖ លោក Josep Muñoz ទទួល​បាន​៥​លាន​រៀល
  • កីឡាករ​ឆ្នើម៖ សារ៉េត គ្រីយ៉ា ទទួល​បាន​៥​លាន​រៀល
  • អ្នក​ចាំ​ទី​ឆ្នើម៖ វីរៈ ដារ៉ា ទទួល​បាន​៥​លាន​រៀល​
  • កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ៖ Jonata ទទួល​បាន​៥​លាន​រៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម