Connect with us

កីឡា

Patrick និង Kwame ​យល់​ចិត្ត​គ្នា​លឿន​ដូច​លេង​រាប់​ឆ្នាំ​​ជា​មួយ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Patrick Robson និង Kwame Peprah មិន​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ដើម្បី​សម្រប​ខ្លួន​នៅ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឡើយ ដោយ​ពួក​គេ​បាន​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​បាន​យ៉ាង​ល្អ។

Kwame Peprah និង Patrick អបអរជា​មួយ​មិត្តរួមក្រុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​កីឡាករ​ប្រេស៊ីល Pablo និង Gabi បាន​ចាក​ចេញ​ទៅ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី​ Patrick Robson សញ្ជាតិ​ប្រេស៊ីល និង Kwame Peprah សញ្ជាតិ​ហ្គាណា។ ជា​ទូទៅ​ កីឡាករ​​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​សម្រប​ខ្លួន​នឹង​ទឹក​ដី​ថ្មី មុន​ពេល​​លេង​យល់​ចិត្ត​គ្នា​ជា​មួយ​មិត្ត​រួម​ក្រុម ប៉ុន្តែ​សម្រាប់​កីឡាករ​ថ្មីទាំង​ពីរ​នេះ​បាន​យល់​គ្នា​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​មិត្ត​រួម​ក្រុម។ ៣​​ប្រកួត​ដំបូង កីឡាករ​ទាំង​ពីរ​នាក់​រក​បាន ៣ គ្រាប់​ដូច​គ្នា​នៅ​លីគ​កំពូល​កម្ពុជា ហើយក៏​រក​បាន​​គ្រាប់​បាល់ ក្នុង​ការ​ប្រកួត​អន្តរជាតិ​ដែរ។

ខ្សែ​ប្រយុទ្ធ Patrick Robson បំពេញ​តួនាទី​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង ខណៈ Kwame Peprah បំពេញ​តួនាទី​ប្រយុទ្ធ​កណ្តាល ខណៈ​ស្លាប​ស្តាំ​ត្រូវ​បាន​គេ​មើល​ឃើញ​​ខ្សែ​ប្រយុទ្ធ​ខ្មែរ សៀង ចន្ធា និង ញាន សុខស៊ីដាន។​ Patrick តែង​តែ​ត្រូវ​បាន​ខ្សែ​បម្រើ​កណ្តាល​​មាន យូឌៃ អូកាវ៉ា ឬ Ryo Fujii បោះ​បាល់​ពីចម្ងាយ​ឲ្យ​យ៉ាង​ល្អ។ ទី​បំផុត​រូប​គេ​រក​បាន​គ្រាប់​ស្ទើរ​គ្រប់​ការ​ប្រកួត​​ ក្នុង​ចំណោម​ ៥​ប្រកួត​ផ្លូវ​ការ។

Patrick លេង​ទល់​នឹង បឹងកេត

ចំណែក​កីឡាករ Kwame Peprah ហាក់​ដូច​យល់​ចិត្ត​គ្នា​ខ្លាំង​មែន​ទែន​ជា​មួយ​ខ្សែ​បម្រើ មិន រតនៈ និង គឹម សុខយុទ្ធ។ រូប​គេ និង​ខ្សែ​បម្រើ​តែង​តែ​ក្រឡុក​​​តំបន់​បម្រើ​ឆ្ពោះ​ទៅ​ប្រយុទ្ធ​របស់​ដៃគូ។ ជា​ស្តែង​ការ​ប្រកួត​ជា​មួយ បឹងកេត Kwame មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក ហើយ​រក​បាន​ ២ គ្រាប់​ពី​ការ​បញ្ជូន​បាល់​ឲ្យ​របស់ មិន រតនៈ។

បច្ចុប្បន្ន ក្លិបព្រះ​ខ័នរាជ​ស្វាយរៀង ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ពី​ចង្វាក់​លេង​យល់​ចិត្ត​គ្នា​ដ៏​មាន​ប្រសិទ្ធភាព ​ទាំង​នៅ​តំបន់​ការពារ តំបន់​បម្រើ និង​តំបន់​ប្រយុទ្ធ ព្រម​ទាំង​អ្នក​ចាំទី​ល្អ​ថែម​ទៀត។ មិន​ថា កីឡាករ​ខ្មែរ ឬ​កីឡាករ​បរទេស​គឺ​សុទ្ធ​តែ​លេង​​ដោយ​បច្ចេកទេស​ និងសហការ​គ្នាល្អ។

Kwame Peprah

សូម​បញ្ជាក់​ថា Patrick Robson អាយុ ២៧ ឆ្នាំ ធ្លាប់លេងនៅក្លិបជាច្រើនក្នុងតំបន់ អាស៊ី និងអឺរ៉ុប។ មុនពេល​រូបគេផ្លាស់មកកាន់ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង រូប​គេបានលេងនៅក្លិប Hatta Club នៃលីគរបស់ អារ៉ាប់រួម។ រូប​គេ​ធ្លាប់លេងនៅក្លិប KF Tirana នៃលីគកំពូល អាល់បានី បាន ២ រដូវកាល, ក្លិប FK Gabala នៃលីគកំពូលប្រទេស អាស៊ែបៃហ្សង់, ក្លិប Admira Wacker ស្ថិតនៅលីគទី ២ និងក្លិប SV Horn ស្ថិតនៅលីគទី ៣ ប្រទេស អូទ្រីស និងនៅក្លិបក្នុងប្រទេស ប្រេស៊ីល មួយចំនួនទៀត។

កីឡាករ​អបអរ

ចំណែក កីឡាករ Kwame ​បានលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Kerala Blasters រយៈពេល ២ រដូវកាល។ រូប​គេធ្លាប់លេងនៅក្លិប Hapoel Hadera ក្នុងលីគទី ២ របស់​ប្រទេស​អ៉ីស្រាអែល, ក្លិប Orlando Pirates និង Maritzburg UTD នៃលីគ អាហ្វ្រិកខាងត្បូង និង ក្លិប King Faisal ក្នុងលីគប្រទេស ហ្គាណា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម