KPT+
វិធានការគ្រូបង្រៀន ចំពោះការប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា
សិស្សប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា នៅតែជាបញ្ហាមិនទាន់អាចដោះស្រាយបានទាំងស្រុង និងត្រូវបន្តវិធានទប់ស្កាត់ជាប់ជាបន្ត តាមការដាក់វិន័យរបស់សាលា និងចំណាត់ការរបស់លោកគ្រូអ្នកគ្រូក្នុងមួយសិស្សានីមួយៗ។

លោក ចំរើន សាម៉េត ជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្ថិតនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចំពោះនៅសាលាដែលលោកបង្រៀនគឺកម្រនឹងមានសិស្សលួចលេងទូរសព្ទក្នុងគោលបំណងមិនល្អនៅម៉ោងរៀនណាស់។ ភាគច្រើនសិស្សានុសិស្សលេងទូរសព្ទនៅម៉ោងទំនេរ ឬ ម៉ោងដែលគ្រូមិនរៀន ព្រោះនៅសាលាមានច្បាប់ និងវិន័យបានកំណត់ច្បាស់លាស់។

លោកគ្រូ ចំរើន សាម៉េត មានប្រសាសន៍ថា៖ “ប៉ុន្តែប្រសិនបើក្នុងករណីដែលគ្រូឃើញ ហើយណែនាំ តែសិស្សមិនស្តាប់ គឺគ្រូចាប់ទូរសព្ទយកទៅទីចាត់ការទុក ២ ទៅ ៣ថ្ងៃ រួចសិស្សឱ្យធ្វើកិច្ចសន្យា នោះសិស្សនឹងមិនហ៊ានប្រព្រឹត្តទៀតទេ។ ខ្ញុំសូមសំណូមពរទៅ សិស្សានុសិស្សទាំងអស់គ្នា គួរតែប្រើប្រាស់ទូរសព្ទក្នុងផ្លូវដែលមានប្រយោជន៍សម្រាប់ការរៀនសូត្រ ជាជាងប្រើទូរសព្ទក្នុងផ្លូវមិនល្អ រហូតដល់ថ្នាក់វក់ ឬញៀនពេក ដូចជាការលេងហ្គេម ឬ តិកតុជាដើម អាចធ្វើឱ្យការសិក្សាការធ្លាក់ចុះ”។
ចំណែកអ្នកគ្រូ ភោគ ផលរ័ត្ន ជាគ្រូបង្រៀនមុខវិជា្ជ ភាសាខ្មែរថ្នាក់ទី៨ នៃវិទ្យាល័យឥន្ទ្រទេវី បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការប្រើប្រាស់ទូរសព្ទរហួសដែនកំណត់របស់សិស្ស អាចបណ្តាលឱ្យការសិក្សាធ្លាក់ចុះ ខួរក្បាលស្ពឹក ឈឺត្រចៀក ព្រោះស្តាប់កាសច្រើន។ ក្នុងនោះក៏មានសិស្សប្រហែល១០% លួចលេងទូរសព្ទកំលុងពេលសិក្សា ហើយការលួចលេងនេះគឺមានសឹងតែគ្រប់ថ្នាក់រៀន យូរៗទៅអាចធ្វើឱ្យសិស្សគ្មានអារម្មណ៍ចង់រៀនបន្ត ព្រោះពួកគេញៀនលេងទូរសព្ទពេក។

អ្នកគ្រូ ភោគ ផលរ័ត្ន មានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំឃើញថា មានអ្នកលេងទូរសព្ទនៅម៉ោងរៀន ខ្ញុំនឹងចាត់វិធានការជាបីករណី។ ទី១ ខ្ញុំនឹងហៅមកណែនាំ ប្រាប់ឱ្យទុកទូរសព្ទក្នុងការតាប។ ទី២ បើនៅតែឃើញយកមកលេង ប៉ុន្តែមនុស្សផ្សេងគ្នា គឺចាប់ដាក់លើតុ ពេលចេញទៅផ្ទះទើបឱ្យវិញ។ ចំណែកទី៣ចុងក្រោយ បើនៅតែបំពានទៀត គឺខ្ញុំនឹងយកទៅទីចាត់ការឱ្យនាយកដោះស្រាយ ទោះបីជាមនុស្សផ្សេងគ្នាក៏ដោយ ព្រោះខ្ញុំបានណែនាំប្រាប់រួចមកហើយ”។
រីឯលោកគ្រូ អ៊ូច ប៊ុនថន គ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងខេត្តព្រៃវែង បានឱ្យ “កម្ពុជាថ្មី” ដឹងថា សិស្សនៅតែបន្តលួចលេងទូរសព្ទ នៅកំលុងពេលសិក្សាជារើយៗ ប៉ុន្តែមិនច្រើននោះទេ។ ការលួចលេងនេះ ក៏ជះឥទ្ធិពលអាក្រក់ចំពោះការសិក្សាខ្លាំង អាចឱ្យការសិក្សារបស់ពួកគេធ្លាក់ចុះខ្លាំង ជាពិសេសសុខភាពពួកគេក៏ប៉ះពាល់។

លោកគ្រូ ប៊ុនថន បានមានប្រសាសន៍ថា៖ “បើក្នុងម៉ោងខ្ញុំ គឺមិនសូវឃើញទេ ព្រោះជាម៉ោងគណិត ខ្ញុំដាក់លំហាត់ និង ធ្វើសកម្មភាពទៅវិញទៅមកជាមួយសិស្ស ហើយដើរមើល និងត្រួតពិនិត្យ ដូច្នេះពួកគេមិនហ៊ានលេងនោះទេ។ តែបើឃើញ គឺត្រូវចាត់វិធានការមិនហួសហេតុ ដោយគ្រូអាចនិយាយណែនាំជាមួយនឹងភាសាល្អៗ កុំឱ្យប៉ះពាល់អារម្មណ៍សិស្ស”។
លោក អ៊ូច ប៊ុនថន បានបន្តថា៖ “ការធ្វើបែបនេះ សិស្សមិនដែលតមាត់ ឬឌឺអ្វីនោះទេ ព្រោះយើងនិយាយឱ្យពួកគេល្អនិយាយដោយមានហេតុផល ពេលម៉ោងក្រោយៗក៏មិនឃើញមានលេងទៀតដែរ។ បើពួកគេខឹង យ៉ាងច្រើនមិនចូលរៀនម៉ោងហ្នឹង តែត្រឹមមួយថ្ងៃ ពីរថ្ងៃអី ពួកគេចូលរៀនវិញហើយ”។
ការប្រើប្រាស់ទូរសព្ទរបស់សិស្សមានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ ស្របគ្នាជាមួយនឹងបច្ចេកវិទ្យាជឿនលឿនជាលំបាប់ ប៉ុន្តែក៏មិនអាចហាមសិស្សមិនឱ្យប្រើប្រាស់ទូរសព្ទនោះទេ ព្រោះពួកគេមានការរៀនសូត្រពីចម្ងាយតាមបច្ចេកវិទ្យាទំនើប សំខានគឺពួកគេប្រើយ៉ាងណាឱ្យចំគោលដៅ និងចេះគ្រប់គ្រងរបៀបប្រើប្រាស់ដោយខ្លួនឯង ទើបមិនជះឥទ្ធិពលអាក្រក់ដល់ខ្លួនឯង និងសង្គមជាតិ៕
អត្ថបទ៖ អុន ស្រីមាន

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច