ព័ត៌មានជាតិ
អ្នកស្ម័គ្រចិត្តអន្តរជាតិមកពីអូស្ត្រាលី ១៥០ នាក់ ជួយសង់ផ្ទះថ្មី ១៣ ខ្នង ជូនពលរដ្ឋខ្វះខាតនៅជាយរាជធានីភ្នំពេញ
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា សហការជាមួយអ្នកស្ម័គ្រចិត្តអន្តរជាតិមកពីប្រទេសអូស្ត្រាលីចំនួន ១៥០ នាក់ បានជួយសាងសង់ផ្ទះថ្មីចំនួន ១៣ ខ្នង ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានចូលរួមចំណែកក្នុងការធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋមានភាពប្រសើរឡើង។

ថ្លែងក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍អ្នកស្ម័គ្រចិត្តដ៏ធំបំផុតប្រចាំឆ្នាំ និងប្រគល់ផ្ទះថ្មីចំនួន ១៣ ខ្នង ជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី ២២ ឧសភានេះ លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា មានប្រសាសន៍ថា អង្គការលំនៅឋានកម្ពុជាពិតជាមានមោទនភាពក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តអន្តរជាតិជាង ១៥០ នាក់ ដែលបានធ្វើដំណើរឆ្លងទ្វីបមកសង់ផ្ទះជូនពលរដ្ឋកម្ពុជាដោយពួកគាត់បានធ្វើការសង់ផ្ទះដោយផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ដែលផ្ទះទាំងអស់នេះគឺជាក្តីសង្ឃឹម តំណាងឱ្យសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការចាប់ផ្តើមថ្មីសម្រាប់គ្រួសារទាំង ១៣។

លោក ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិគឺជាដៃគូសហការគ្នាក្នុងការងារលំនៅឋានជាច្រើនឆ្នាំមកហើយ ហើយមកទល់នឹងពេលនេះ ពួកយើងនៅតែមានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍន៍វិស័យលំនៅឋានក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា អ្នកស្ម័គ្រចិត្តអូស្ត្រាលីមកសង់ផ្ទះជូនពលរដ្ឋខ្មែរ នេះគឺជាសកម្មភាពដែលមានអត្ថន័យណាស់សម្រាប់គ្រួសារកម្ពុជា ព្រោះតាមសាសនារបស់ខ្មែរ ការផ្តល់ជូនផ្ទះគឺជាការធ្វើបុណ្យមួយដ៏ធំធេងណាស់។ ដូចនេះសូមអរគុណចំពោះអ្នកស្ម័គ្រចិត្តអូស្ត្រាលីដែលបានជួយសង់ផ្ទះជូនពលរដ្ឋកម្ពុជាខ្វះខាត។

គួរបញ្ជាក់ថា ការប្រគល់ផ្ទះចំនួន ១៣ ខ្នង ជូនដល់គ្រួសារគោលដៅ គឺជាផ្នែកមួយ នៃគម្រោងរបស់ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ អង្គការ បានសាងសង់ និងជួសជុលផ្ទះជាង ១៥០ ខ្នង នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលគម្រោងទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង ខណៈជារៀងរាល់ឆ្នាំ អង្គការលំនៅឋានកម្ពុជា ទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ប្រមាណ ១ ០០០ នាក់ ដើម្បីធ្វើការរួមគ្នាសាងសង់ផ្ទះ និងក្តីសង្ឃឹមជូនពលរដ្ឋកម្ពុជា៕
អត្ថបទ ៖ សំអឿន





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


