ព័ត៌មានជាតិ
សម្ដេចធិបតី ណែនាំឲ្យក្រសួងសាធារណៈការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តបែបចង្វាក់ភ្លេង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត បែបចង្វាក់ភ្លេង ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងការបង្ការគ្រោះថ្នាក់ដល់យុវជន និងក្មេងៗ។

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីសម្ដេចបានឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មេងៗតែម្តង។

ជាការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
សម្ដេចធិបតី ក៏បានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាក្មេងៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕
អត្ដបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


