ព័ត៌មានជាតិ
ជាអតីតប្រមុខការទូតដ៏ឆ្នើម លោក ហោ ណាំហុង ទទួលបានងារជា «សម្តេចឥស្សរវិទេសបញ្ញា»
លោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា»។ ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» គឺដោយសារលោក ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតរបស់កម្ពុជា។

យោងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា «ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតនៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា»។

ព្រះមហាក្សត្រ ទ្រង់បានយល់ទៀតថា ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» ដល់អតីតប្រមុខការទូតរូបនេះ គឺដោយសារបានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជាតិកម្ពុជា។
ពិសេសនោះ គឺលោក ហោ ណាំហុង បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើនទទួលបានជោគជ័យ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ។

យោងខ្លឹមសារក្នុងព្រះរាជក្រឹត្យដដែល ក៏បានលើកពីស្វាមីភក្តិរបស់លោក ហោ ណាំហុង ចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៅកម្ពុជា។
គួរជម្រាបថា លោក ហោ ណាំហុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសកម្ពុជាចំនួនពីរលើក គឺលើកទី១ នៅឆ្នាំ១៩៩២ និងលើកទី២ ចាប់ពីឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២ រហូតដល់ឆ្នាំ២០១៦។ នៅក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺលោក ហោ ណាំហុង ក្នុងនាមជាប្រមុខការទូតកម្ពុជា និងជាអ្នកនយោបាយចាស់វស្សា១រូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាប្រកបដោយស្មារតីមោះមុតសម្រាប់បុព្វហេតុបម្រើជាតិមាតុភូមិ ជាពិសេសលើការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការទូតជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ និងពិភពលោក។

កិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា គឺលោក ហោ ណាំហុង បានដឹកនាំប្រតិភូកម្ពុជា តទល់ក្ដីជាមួយភាគីប្រទេសថៃលើបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេ ប្រទេសហូឡង់ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២។ រហូតតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចក្ដីឱ្យភាគីកម្ពុជាឈ្នះលើភាគីថៃ ហើយបានប្រកាសថា ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។
បច្ចុប្បន្ន ក្នុងវ័យ ៩០ឆ្នាំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង មានតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក