ព័ត៌មានជាតិ
នគរបាលពីររូប ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយទទួលសំណូកជាង៧៧ម៉ឺនដុល្លារ
មន្ត្រីនគរបាលពីររូប ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយរកឃើញបានពាក់ព័ន្ធនឹងការទទួលសំណូកជាង៧៧ម៉ឺនដុល្លារ ដើម្បីឱ្យមានការដោះលែងជនជាតិថៃដែលសមត្ថកិច្ចបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។

មន្ត្រីនគរបាលទាំងពីររូបនេះ ដែលក្នុងនោះ ម្នាក់មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីដោះលែងជនជាតិថៃ ជាថ្នូរលុយរាប់ម៉ឺនដុល្លារនេះ។
ក្រោយការស៊ើបសួរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួនជនជាប់ចោទទាំងពីរនាក់ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភានេះ ថា ជនជាប់ចោទទី១ ឈ្មោះ វ៉ន វាសនា តួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល និងជនជាប់ចោទទី២ ឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង តួនាទីជាជំនួយការអគ្គនាយករងម្នាក់នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានឃុបឃិតគ្នាប៉ុនប៉ងរត់ការសូកប៉ាន់ប្រាក់ចំនួន៧៧៤ ០០០ដុល្លារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅ និងធ្វើការខុសច្បាប់។
បើតាមអ្នកនាំពាក្យរូបនេះ ទង្វើជនជាប់ចោទខាងលើ គឺមានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ)។ ដោយឡែក ឈ្មោះ វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលលោក អះអាងថា ជាធាតុផ្សំនៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

លោក សយ ច័ន្ទវិចិត្រ ក៏បានទម្លាយឱ្យដឹងពីប្រតិបត្តិការរបស់ក្រុមការងារចម្រុះ នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចុះពិនិត្យនិងវាយតម្លៃចំពោះការស្នាក់នៅ និងធ្វើការរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពេលនោះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិថៃចំនួន ៤៣នាក់ ដែលស្នាក់នៅនិងធ្វើការដោយខុសច្បាប់។ ក្រោយមកពីថ្ងៃទី៤-៦ ខែឧសភា ជនជាប់ចោទទាំងពីរខាងលើ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានឃុបឃិតគ្នាយកប្រាក់ចំនួន ៧៧៤.០០០ដុល្លារ រត់ការសូកប៉ាន់ ដើម្បីឱ្យមានការដោះលែងអ្នកទាំង ៤៣ ដែលបានឃាត់ខ្លួន ប៉ុន្តែផែនការរត់ការដោះលែងមិនបានជោគជ័យឡើយ ដោយអ្នកទាំង ៤៣នាក់ ត្រូវបានសមត្ថកិច្ចចាត់នីតិវិធីបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ផ្ទុយទៅវិញជនសង្ស័យចំនួន ៦នាក់ រួមមាន វ៉ន វាសនា និង តាំង សំណាង និង០៤នាក់ (គ្មានខ្លួន) ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ