ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ
អង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបញ្ជាក់ថា នៅសល់បុគ្គលជាប់កាតព្វកិច្ចចំនួន ៤រូបទៀតមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥នេះ ខណៈក្រុមការងារកំពុងព្យាយាមទាក់ទងទៅកាន់អ្នកទាំង ៤រូបនោះ។

តាមការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោយក្រុមការងាររបស់អង្គភាព ACU ទាក់ទងទៅបុគ្គលចំនួន ៧រូបមិនទាន់មកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមកដល់ពេលនេះ មានបុគ្គលចំនួន ៣រូបហើយ បានដាក់ឯសារប្រកាសជាបន្តបន្ទាប់ ដោយឡែក នៅបុគ្គល ៤រូបទៀត មិនអាចទាក់ទងបាននៅឡើយ។

អ្នកដែលដាក់ឯកសារប្រកាសទ្រព្យសម្បត្តិមានភាពយឺតយ៉ាវពីសំណាក់បុគ្គលទាំង ៣រូបខាងលើ គឺដោយសារមានបញ្ហាសុខភាព និងបានទៅសម្រាកព្យាបាលនៅក្រៅប្រទេស ដែលធ្វើឱ្យហួសកាលកំណត់នៃការដាក់ឯកសារប្រកាសមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ នេះជាការបញ្ជាក់ឱ្យដឹងដោយលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ដោយឡែក អ្នកដែលនៅសល់ ត្រូវបានអ្នកនាំពាក្យ បានបញ្ជាក់ថា ក្រុមការងារកំពុងព្យាយាមទាក់ទងទៅពួកគាត់ និងសង្ឃឹមថា នឹងអាចទាក់ទងបានក្នុងពេលឆាប់ៗ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យ បានលើកឡើងពីបទពិសោធន៍កន្លងមក ដែលមានករណីអង្គភាពមិនទាន់បានទទួល គឺអាចដោយសារអ្នកនៅបរទេសខ្លះគាត់បានដាក់ផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែឯកសារមិនទាន់មកដល់អង្គភាព។ ដូច្នេះ បើមានឯកសារ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងពិនិត្យមើលថ្ងៃខែ ដែលគាត់ផ្ញើមក។

សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ បានធ្វើរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ប៉ុន្តែបើតាមអ្នកនាំពាក្យ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺក្រុមការងារ ទទួលបានឯកសារសរុបចំនួន ២២ ៧៦៩រូប ស្មើនឹង ៩៩.៩៦% នៃចំនួនបុគ្គលត្រូវប្រកាសសរុប ២២ ៧៧៦រូប ខណៈសល់៧រូបទៀត មិនទាន់ដាក់ឯកសារប្រកាស។
យោងតាមមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ បើក្នុងករណីមិនព្រមប្រកាសទៀត នឹងត្រូវទទួលទោសទ្វេដង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


