Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ផ្តើមប្រុងជើងការខ្ពស់ និងបង្កើនកម្លាំងទ័ព ត្រៀមប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួន ភាគខាងត្បូង

បានផុស

នៅ

ប្រទេសថៃ បានដាក់ពង្រាយកម្លាំងនៅតំបន់ភាគខាងត្បូងដើម្បីពង្រឹងសន្តិសុខក៏ដូចជាត្រៀមខ្លួនប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួន ក្រោយហេតុការណ៍វាយប្រហាររោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post, កាលពីចុងសប្តាហ៍ សកម្មប្រយុទ្ធ១០ទៅ១៥នាក់ បានបើកការវាយប្រហារ រួមទាំងបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd។

ក្រោយហេតុការណ៍នោះ មេទ័ពភូមិភាគ៤ Paisal Nusang បានចេញបញ្ជាឲ្យមានការបន្ថែមកម្លាំងនិងរឹតបន្តឹងសន្តិសុខនៅតាមបណ្តាខេត្តភាគខាងត្បូង ដើម្បីទប់ទល់នឹងក្រុមផ្តាច់ខ្លួន។

ជាពិសេសលោកបញ្ជាឲ្យពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាញអគ្គិសនី ផ្លូវទឹក និងផ្លូវដឹកជញ្ជូន រួមនឹងការល្បាតយ៉ាងសកម្មនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ ខណៈកងកម្លាំងត្រូវស្ថិតក្នុងការប្រុងជើងការជានិច្ច។

សូមជម្រាបថា ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។

ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។ ជម្លោះនេះមិនមែនជាសង្គ្រាមប្រយុទ្ធដោយផ្ទាល់ទេ ប៉ុន្តែជាការវាយប្រហារតាមបែបទ័ពព្រៃ ដោយក្រុមឧទ្ទាមបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗដូចជាការបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើយោធា នគរបាល និងស៊ីវិល ព្រមទាំងការបាញ់ប្រហារនិងការដុតទីកន្លែងសាធារណៈ រោងចក្រ និងសាលារៀន។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារក្នុងខេត្ត Narathiwat

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម