វប្បធម៌ ជំនឿ
ទម្រង់កាយវិការព្រះបរមរូប ព្រះបាទ ជ័យវម៌្មនទី៧ មានអត្ថន័យខុសគ្នា
មកដល់ពេលនេះ ប្រវត្តិវិទូខ្មែរ និងបរទេស សន្និដ្ឋានថា ព្រះបរមរូប ព្រះបាទ ជ័យវម៌្មទី៧ មានកាយវិការចំនួនពីរ គឺ កាយវិការសំពះ និងកាយវិការសមាធិ។ តើទម្រង់រូបចម្លាក់របស់ ព្រះបាទ ជ័យវម៌្មនទី៧ ទាំងពីរកាយវិការនេះ មានអត្ថន័យដូចម្ដេច?

លោក ប៊ែកត្រង់ ពកត៍ ប្រធាន សាលាបារាំងចុងបូព៌ាប្រទេស ប្រចាំរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មានការពិបាកក្នុងការឆ្លើយឱ្យត្រូវនឹងសំណួរ ព្រោះចម្លើយនេះ ទាមទារការសិក្សា និងអ្នកជំនាញប្រវត្តិសិល្បៈច្បាស់លាស់។

លោក ប៊ែកត្រង់ ពកត៍ មានប្រសាសន៍បន្តថា៖ “មកដល់ពេលនេះ អ្វីដែលខ្ញុំធ្លាប់បានដឹងលឺពីអ្នកជំនាញផ្សេងៗជាសហការីរបស់ខ្ញុំ គេគិតថា ពេលដែលរូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ បង្ហាញក្នុងរូបភាពសំពះប្រណម្យ គឺប្រហែលជាពេលមួយដែលព្រះអង្គនៅមានព្រះជន្មរស់រានមានជីវិតនៅឡើយ។ ដោយឡែក ចំណែករូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ ធ្វើសមាធិនោះ ប្រហែលជារូបទម្រង់នោះសាងឡើងនៅពេលទ្រង់សោយទិវង្គត។ ប៉ុន្តែជាក់ស្ដែងយ៉ាងណានោះ យើងកំពុងសិក្សាស្រាវជ្រាវបន្តទៀត”។

ប្រធាន សាលាបារាំងចុងបូព៌ាប្រទេស ប្រចាំរាជធានីភ្នំពេញ រូបនេះ បានឆ្លើយតបបន្តថា តាមអ្វីដែលលោកបានដឹង គឺមិនទាន់រកឃើញទម្រង់កាយវិការផ្សេងពីទម្រង់ទាំង ២ នោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះរូបចម្លាក់របស់ព្រះបាទ ជ័យវម៌្មនទី៧ មានច្រើន ដូចជា ជើងទម្ររូបចម្លាក់ខ្លះមានរាងជ្រុង ខ្លះមានរាងមូល។

លោក ប៊ែកត្រង់ ពកត៍ មានប្រសាសន៍បន្តថា៖ “ហើយសំណួរដែលគួរឱ្យសង្ស័យ និងលើកយកមកពិភាក្សាគ្នាដែរនោះ គឺរូបខ្លះអាចបង្ហាញកាលព្រះអង្គនៅក្មេងនៅឡើយ ឯរូបខ្លះទៀតអាចបង្ហាញពេលព្រះអង្គមានវ័យចំណាស់។ ឧទាហរណ៍ករណីយើងប្រៀបធៀបរូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ នៅសារមន្ទីរជាតិ និងមកពីប្រាសាទព្រះខ័នកំពង់ស្វាយ គឺថា រូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ នៅសារមន្ទីរជាតិ មានទម្រង់វ័យក្មេងជាង រូបចម្លាក់មកពីប្រាសាទព្រះខ័នកំពង់ស្វាយ ហើយនៅប្រាសាទតាព្រហ្ម ក៏មានទម្រង់ក្មេងដែរ ដោយសារទម្រង់ផ្នួងសក់ហាក់ខុសគ្នាបន្តិចបន្តួច”។

ទាក់ទងទៅនឹងទម្រង់កាយវិការព្រះរមរូប ព្រះបាទ ជ័យវម៌្មនទី៧ លោក ប៊ែកត្រង់ ពកត៍ លើកឡើងថា ចម្លើយ ឬការសន្និដ្ឋាន គឺមានភាពស្មុគស្មាញ ដែលលើកឡើងដោយអ្នកស្រាវជ្រាវមួយចំនួន។ លោកបញ្ជាក់បន្ថែមថា រូបចម្លាក់ព្រះបាទ ជ័យវម៌្មនទី៧ ដែលយើងឃើញសព្វថ្ងៃនេះ គឺជារូបបង្ហាញទម្រង់ពិតប្រាកដរបស់ទ្រង់ គឺមិនមែនជាការឆ្លាក់រូបដោយស្រមើស្រមៃនៅក្នុងផ្នត់គំនិតនោះឡើយ។
លោក ប៊ែកត្រង់ ពកត៍ មានប្រសាសន៍បន្តថា៖ “រូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ នេះ មានភាពអស្ចារ្យមែនទែន ទាំងទម្រង់ នៃការបង្ហាញផ្ទាល់ដោយធម្មជាតិពិតប្រាកដ ទាំងរបៀបទ្រង់សម្លឹងមើលទៅក្រោម ហើយទម្រង់ដែលទ្រង់រាងឱនបញ្ឆិត ការលើកដៃប្រណម្យជាដើម។ ទន្ទឹមនឹងនេះ បច្ចេកទេសគ្រប់គ្រងលំនឹង នៃរូបចម្លាក់ គឺមានការរៀបចំថ្លឹងទម្ងន់បានល្អមែនទែន ដែលមិនឱ្យរូបចម្លាក់បាក់ ឬដួលរលំ គឺជារូបដ៏វិចិត្រមែនទែន”។

ប្រធាន សាលាបារាំងចុងបូព៌ាប្រទេស ប្រចាំរាជធានីភ្នំពេញ រូបនេះបានបញ្ជាក់ថា បើទោះជារូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ មានភាពវិចិត្រយ៉ាងណាក៏ដោយ ក៏មិនប្រាកដថា រូបចម្លាក់ ព្រះបាទ ជ័យវម៌្មនទី៧ ផ្សេងៗទៀត ដូចជានៅប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទតាព្រហ្ម មានលក្ខណៈវិចិត្រដូចរូបចម្លាក់នៅសារមន្ទីរជាតិដែរ។

គួរបញ្ជាក់ថា ព្រះបាទ ជ័យវម៌្មនទី៧ គឺជាព្រះមហាក្សត្រមានព្រះកត្តិនាមល្បីជាងគេក្នុងព្រះរាជពង្សាវតាខ្មែរ។ ព្រះអង្គត្រូវបានចាត់ទុកជាស្តេចធំបង្អស់នៅស្រុកខ្មែរ ដោយសារព្រះអង្គពង្រីកអាណាចក្រខ្មែរបានបំផុត។ ក្នុងរជ្ជកាលរបស់ ព្រះបាទ ជ័យវម៌្មនទី៧ នាដើមសតវត្សរ៍ទី១៣ ចក្រភពខ្មែរមានវិសាលភាពធំទូលាយ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរបច្ចុប្បន្ន រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចម្ប៉ា ប្រទេសឡាវ និងប្រទេសថៃបច្ចុប្បន្នផង រួមទាំងមួយភាគនៃជ្រោយម៉ាឡាស៊ី រហូតដល់ជ្រោយកោះក្រា និងប្រទេសភូមា រហូតដល់ទន្លេសាលវិន ថែមទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


