វប្បធម៌ ជំនឿ
លក្ខណៈពិសេស គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្លាយជាគំរូ អង្គការយូណេស្កូ
ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត នៅសប្ដាហ៍នេះ បានសម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុត និងយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់ និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក នឹងក្លាយជាគំរូ នៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។

អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ តើយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក មានលក្ខណៈពិសេសដូចម្ដេច ទើបត្រូវបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ បែបនេះ?

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងថា គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ទើបតែបន្ថែមពាក្យ សំបូរព្រៃគុក នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ ប៉ុន្តែ យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ បានដំណើរការតាំងពីឆ្នាំ១៩៩៣ ដែលដំណើរការជាលក្ខណៈកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌយូណេស្កូ ក្នុងការជួយពង្រឹងកិច្ចការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ចង់បញ្ជាក់ថា កាលពីអង្គរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ យើង (កម្ពុជា) យើងមានលុយកាក់ទេ កម្ពុជាអត់មានលទ្ធភាពទេ ខ្វះទាំងធនធានមនុស្ស ខ្វះសព្វបែបយ៉ាង។ ពេលនោះ គណៈកម្មការយូណេស្កូ គេស្នើសុំឱ្យបង្កើតយន្តការ អាយស៊ីស៊ីអង្គរ ដើម្បីជួយកម្ពុជា បានន័យថា គៀងគររកធនធានមនុស្ស បច្ចេកទេស រកធនធានហិរញ្ញវត្ថុ រកអ្វីសព្វបែបយ៉ាងដើម្បីមកជួយ ព្រោះយើងជាប្រទេសទើបងើបពីសង្គ្រាម យើងមានការលំបាកណាស់”។

អគ្គនាយរងអាជ្ញាធរជាតិអប្សរា ខាងលើបានឱ្យដឹងបន្តថា យន្តការប្រព្រឹត្តិទៅនេះ មានចំណុចពិសេស គឺមាន ៤ភាគី មាន កម្ពុជា ជាម្ចាស់ផ្ទះដែលមានសិទ្ធិសម្រេចសព្វគ្រប់បែបយ៉ាង, សហប្រធាន ដែលយើងត្រូវថ្លែងអំណរគុណប្រទេសបារាំង និងជប៉ុន ដែលស្ម័គ្រចិត្តធ្វើជាសហប្រធាន និងជួយគាំទ្រដឹកនាំយន្តការ និងត្រូវមាន តំណាងយូណេស្កូ ប្រចាំនៅកម្ពុជា។ លក្ខណៈពិសេសនៃយន្តការ គឺពិភាក្សាគ្នា ដោយមិនរំលោភទៅលើភាគីណាឡើយ បានន័យថា កិច្ចការទាំងអស់ត្រូវមានឯកភាពគ្នា ហើយក្នុងដំណើរការនៃកិច្ចការ សំខាន់មួយទៀតត្រូវមានលេខាធិការដ្ឋានដែលសំខាន់ ជាឆ្អឹងខ្នងជំរុញឱ្យរាល់ការសម្រេចចិត្ត រាល់អនុសាសន៍ដែលបានផ្ដល់ ក្នុងកិច្ចប្រជុំនីមួយៗត្រូវយកមកអនុវត្ត។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “សំខាន់ជាងហ្នឹងទៀត ជាអ្នកអនុវត្ត គឺរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិអប្សរា ដែលអនុវត្តឱ្យបានរាល់ការលើកឡើង ស្នើសុំ ពិភាក្សា និងសម្រេច ហើយតាមរយៈនៃការអនុវត្តនោះ អាជ្ញាធរជាតិអប្សរា ត្រូវសម្របសម្រួលជាមួយដៃគូរបស់ខ្លួនផ្សេងៗទៀត ក្នុងការជួសជុលប្រាសាទជាដើម ដើម្បីអនុវត្តឱ្យបាននូវរាល់ការសម្រេចរបស់ អាយស៊ីស៊ីអង្គរ។ ចំណុចពិសេស គឺឆន្ទះមោះមុតក្នុងសេចក្ដីសម្រេចចិត្ត ក្នុងការធានាឱ្យបាននូវការលើកតម្លៃភាពលេចធ្លោរជាសាកលនៃរមណីយដ្ឋានអង្គរ។

ខណៈ យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ត្រូវបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ បែបនេះ លោក ឡុង កុសល ក្នុងនាមជាមន្រ្តីអាជ្ញាធរជាតិអប្សរា លើកឡើងថា ភាពជាគំរូនេះ មានអត្ថន័យធំធេងណាស់ មិនមែនសម្រាប់តែមន្ត្រីអាជ្ញាធរជាតិអប្សរា មិនមែនសម្រាប់តែរាជរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលដែលសាកលលោកផ្ដល់តម្លៃឱ្យថាជា ប្រទេសដែលមានឆន្ទៈមោះមុតក្នុងកិច្ចការពារថែរក្សាទៅលើបេតិកភណ្ឌវប្បធម៌ជាតិរបស់ខ្លួន ដោយភាពហ្មត់ចត់ ដោយសេចក្ដីស្រឡាញ់ ការគោរពដ៏មោះមុត ទៅលើតម្លៃជាដួងព្រលឹងជាតិ នេះជាភាពអស្ចារ្យណាស់ សម្រាប់យើង។

ជាមួយគ្នានេះ លោក ឡុង កុសល សូមអំពាវនាវប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់នូវអ្វីជាសមិទ្ធិផលនៃការខិតខំ ការបូជារបស់ថ្នាក់ដឹកនាំកន្លងមក ដូចជា សម្ដេចជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចាកចេញពីសង្គ្រាម រហូតមានសុខសន្តិភាព និងក្លាយជាប្រទេសកំពុងមានសកម្មភាពយ៉ាងសំខាន់ក្នុងការជួយប្រទេសផ្សេងៗទៀតដែលរងគ្រោះដោយសង្គ្រាម តាមរយៈសកម្មភាពអង្គការសហប្រជាជាតិ។ សម្ដេចវិបុលបញ្ញា សុខ អាន ដែលលោកបានបូជាកម្លាំងកាយចិត្ត ខិតខំបំពេញធ្វើយ៉ាងណាឱ្យបេតិកភណ្ឌជាតិរបស់យើងគង់វង្ស។ ព្រមទាំងស្ថាបនិកឯទៀតក្នុងកិច្ចការងារថែរក្សាអង្គរ ដូចជា ប្រធានអាជ្ញាធរជាតិអប្សរា ដំបូងគេគឺលោក វណ្ណ ម៉ូលីវណ្ណ ហើយយើងក៏មិនអាចបំភ្លេចបាន គុណអតីតព្រះមហាក្សត្របរមរតនកោដ្ឋ ដែលទ្រង់បានខិតខំធ្វើឱ្យយូណេស្កូបញ្ចូលអង្គរជាបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៨៩ មក៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ