វប្បធម៌ ជំនឿ
សង្ក្រាន្តឆ្នាំថ្មី ២០២៥ ជាវេនបុត្រីទី២ របស់កបិលមហាព្រហ្ម សោយប្រេង (ប្រេងល្ង)
សង្ក្រាន្តឆ្នាំថ្មី ២០២៥ នេះ ជាវេនបុត្រីទី២ របស់កុបិលមហាព្រហ្ម ទ្រង់សោយប្រេង សម្តៅលើប្រេងដែលទទួលទានបាន ដូចជាប្រេងល្ង ជាដើម។ល។ នេះបើយោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំម្សាញ់ ដែលរៀបចំដោយ លោក អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រារជ្រាវហោរាសាស្ត្រ។

សង្ក្រានឆ្នាំនេះ នឹងចូលនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០២៥ វេលាម៉ោង ៤៖៤៨នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវ ធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយ សៀតផ្កាអង្គារបស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់ តេលំ (ប្រេង) ព្រះហស្តស្តាំ ទ្រង់ ព្រះខ័ន្ធព្រហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងស្តេចព្យាសៈ (ខ្លា) ជាយានពាហនៈ។
ថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៤៖៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។ ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២៥ ជាវារៈវន័បត។ ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៥វេលា ម៉ោង ៨៖២៧នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំង ៣ថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយ ត្រូវរៀបចំពលីការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមាន ក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យ សុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទ សាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ។
សម្រាប់រណ្តាប់ទទួលទេវតាវិញ តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួល ទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ ពណ៌ស ឬសំពត់តាមអម្ពរទេវធីតាក៏បាន ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់ មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត ២កែវ។
រួចហើយនៅ វេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវ មន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទី រឭក លុះចប់ពិធីទទួលទេវតា។ នៅខាងដើមរានគួរមានភ្លោះមួយបាំងផង។ គ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ