ព័ត៌មានជាតិ
ជាង ២០ ថ្ងៃ ពលករ ពលការិនី និស្សិត និងពលរដ្ឋខ្មែរ ជាង ១ ម៉ឺននាក់ ចូលរួមអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ”
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ , ក្រុមការងារ ESEA ព្រមទាំងសមាគមខ្មែរ និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” សរុបចំនួន ១០ ទីតាំង មានអ្នកចូលរួមប្រមាណជាង ១ ម៉ឺននាក់ ក្នុងរយៈពេលជាង ២០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥។

ការរៀបចំសង្ក្រាន្តនៅតាមតំបន់នានាសរុប ១០ ទីតាំងនេះ រួមមាន ៖ តំបន់មីយាំង , តំបន់ហ្វាសង់ (២ទីតាំង) , តំបន់ជេជូ , តំបន់ថេហ្គូ , តំបន់អឺយចុងប៊ូ (៣ទីតាំង) , តំបន់អានសាន (២ទីតាំង) , តំបន់ក្វាងជូតូច , តំបន់គីមហ៊េ និងតំបន់ក្វាងជូធំ (៣ទីតាំង) នៃសាធារណរដ្ឋកូរ៉េ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីអាណិកជនខ្មែរ ពលករ ពលការិនី និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសាធារណរដ្ឋកូរ៉េ។

កម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាប់ផ្ដើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។ កម្មវិធីនេះ ក៏មានការដាក់បង្ហាញនូវស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងផលិតផលខ្មែរជាច្រើនផងដែរ។

តាមការគ្រោងទុកការរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” នឹងសហការរៀបចំនៅតាមតំបន់ផ្សេងៗ ជាបន្តបន្ទាប់ទៀត ដើម្បីឱ្យពលករ ពលការិនី និស្សិត ក៏ដូចជាសហគមន៍ខ្មែរនៅទីនោះ មានឱកាសបានចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចនៅស្រុកកំណើត។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ESEA គណៈកម្មាធិការគណបក្សនៅសាធារណរដ្ឋកូរ៉េ សមាគមខ្មែរ និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ តែងតែសហការរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េជារៀងរាល់ឆ្នាំ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ក្នុងបំណងដើម្បីបង្កើននូវភាពសប្បាយរីករាយក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


