សេដ្ឋកិច្ច
អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ Cam-Paint៖ មនុស្សត្រូវការសន្សំ ៤យ៉ាងនេះទើបដុះដើមសុភមង្គលបាន
មនុស្សជាច្រើន បានកំណត់អត្ថន័យសុភមង្គលក្នុងជីវិតខុសៗគ្នា ទៅតាមផ្នត់គំនិតរៀងខ្លួន ប៉ុន្តែមនុស្សជាច្រើន នៅមានចន្លោះខ្វះខាត និងមិនអាចរកឃើញសុភមង្គលបានពេញលេញនៅឡើយ ទាំងក្នុងជីវិត សិក្សា ការងារ អាជីវកម្ម និងជីវិតគ្រួសារ។ សម្រាប់លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានកំណត់ពាក្យថា «សុភមង្គល» ក្នុងសង្គមសព្វថ្ងៃ ដោយផ្អែកលើការខិតខំប្រឹងប្រែងទាញយកចំណុចសំខាន់ៗចំនួន ៤យ៉ាង មកដាក់ក្នុងខ្លួន ទើបលេចចេញនូវសុភមង្គលពិតប្រាកដមួយសម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។

«ដើម្បីទទួលបានសុភមង្គលក្នុងជីវិត យើងត្រូវសន្សំ 4 យ៉ាង គឺសន្សំចំណេះដឹង សន្សំពេលវេលា សន្សំសុខភាព និងសន្សំលុយ»។ នេះបើតាមការឱ្យនិយមន័យរបស់លោក សោម សម្បត្តិ ដែលបានលើកឡើងក្នុងសិក្ខាសាលាមួយស្តីពី «អាថ៌កំបាំងកសាងគ្រួសារដ៏មានសុភមង្គល»។
ម្ចាស់ក្រុមហ៊ុនថ្នាំលាបពណ៌ធម្មជាតិ ដដែលរូបនេះសង្កត់ធ្ងន់ថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែមានបំណងចង់បានសុភមង្គល ហើយសុទ្ធតែអាចបង្កើតសុភមង្គលបានសម្រាប់ខ្លួនឯង គ្រាន់តែមិនទាន់ដឹងពីវិធីដើម្បីទទួលបានសុភមង្គលតែប៉ុណ្ណោះ»។
លោក បន្តថា៖ «ចំណេះដឹងសំខាន់ណាស់សម្រាប់មនុស្ស ព្រោះថាជីវិតអាចជោគជ័យទៅបានលុះត្រាតែយើងមានចំណេះទូលំទូលាយ សម្រាប់ដោះស្រាយរាល់គ្រប់បញ្ហាប្រឈមក្នុងជីវិត និងប្រើចំណេះដឹងឱ្យបានទូលំទូលាយ សម្រាប់ប្រើប្រាស់ក្នុងជីវិត និងក្នុងសង្គម»។

សហគ្រិនដែលបង្កើតរោចក្រផលិតថ្នាំលាបដំបូងគេនៅស្រុកខ្មែរ រូបនេះបន្ថែមថា៖ ពាក្យថា ចំណេះដឹង គឺមិនប្រាកដថាត្រូវរៀនតែក្នុងសាលានោះទេ យើងអាចស្វែងរកចំណេះដឹងបានពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យការងារ និងពីផ្នែកផ្សេងៗទៀតក្នុងការរស់នៅ។ បន្ថេមពីនេះ ពេលវេលាក៏សំខាន់ណាស់ដែរសម្រាប់មនុស្ស ព្រោះថាបើយើងមិនចេះគ្រប់គ្រងពេលវេលាឱ្យបានល្អទេនោះ យើងនឹងចាយជីវិតចោលដោយមិនបានធ្វើរឿងដែលមានប្រយោជន៍សម្រាប់ជីវិតនោះទេ។ ការគ្រប់គ្រងពេលវេលាបានល្អ វាអាចធ្វើឱ្យយើងទទួលបានការអភិវឌ្ឍក្នុងពេលដ៏សមប្រកប ដែលវារុញច្រានឱ្យជីវិតទទួលបានជោគជ័យរួមទាំងមានសុភមង្គលក្នុងគ្រួសារថែមទៀតផង។
ក្រៅពីនេះ សុខភាព ក៏ជារឿងចម្បងមួយទៀតដែរសម្រាប់សុភមង្គល របស់មនុស្សទូទៅគ្រប់គ្នា មិនអាចខ្វះបាន។ បើសុខភាពមិនរឹងមាំ យើងក៏គ្មានកម្លាំងឯណាទៅយកឈ្នះបញ្ហានានានោះទេ ហើយបើយើងមិនអាចឈ្នះលើអាជីវកម្ម ឬមិនអាចឈ្នះលើការតាំងចិត្តរបស់យើងនោះទេ យើងក៏មិនអាចទទួលបានសុភមង្គលនោះដែរ។

ដូច្នេះមនុស្សគ្រប់គ្នា ដាច់ខាតត្រូវតែរក្សាសុខភាពឱ្យបានល្អសម្រាប់អភិវឌ្ឍលើវិស័យការងារ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។ ចំណុចសំខាន់ចុងក្រោយ គឺមនុស្សគ្រប់គ្នាត្រូវតែសន្សំថវិកា និងបណ្ដុះនូវទម្លាប់សន្សំនេះឱ្យបាន ធ្វើយ៉ាងណាឱ្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង និងគ្រួសារមានភាពរឹងមាំ។
លោកបន្ថែមថា៖ ជាការពិតណាស់ថា លុយមិនមែនជាធាតុគ្រប់យ៉ាងរបស់សុភមង្គលនោះទេ តែការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ គឺជាធាតុសំខាន់មួយដើម្បីកសាងសុភមង្គល។ លោក សោម សម្បត្តិ បានបញ្ជាក់ថា អ្នកមានគេដកលុយសន្សំទុកសិន មុននឹងចាយ មិនមែនចាយលុយហើយបានរកវិធីទប់តាមក្រោយនោះទេ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ