ព័ត៌មានជាតិ
ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន
លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តចួលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

ការតាំងចិត្តរបស់ថ្នាក់ដឹកនាំនៃធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡាប្រទេសហ្វីលីភីន ធ្វើឡើងក្នុងជំនួបផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២០ ខែមីនានៅវិមានសន្តិភាព។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌ និងក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។
លោក Kanda បានមានប្រសាសន៍ថា៖« ខណៈពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសាទរចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។
សម្ដេចបវរធិបតីក៏បានលើកឡើង អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ។

ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Kanda បានលើកឡើងពីការគាំទ្ររបស់ ADB លើកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ដែលរួមមាន ការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនអន្តរកម្មឌីជីថល។
លោក Kanda ក៏បានជួបជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។
គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


