ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា បាញ់រ៉ុកកែតរាប់សិបគ្រាប់លើអ៊ីស្រាអែល សងសឹកឲ្យមេបញ្ជាការខ្លួន
ដើម្បីឆ្លើយតបនឹងការសម្លាប់មេបញ្ជាការម្នាក់របស់ខ្លួន ក្រុមហេសបូឡាបានចាប់ផ្ដើមបាញ់រ៉ុកកែតរាប់សិបគ្រាប់វាយប្រហារលើភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី១ខែសីហាឆ្នាំ២០២៤។

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងថា៖ ខ្លួន«បានបាញ់រ៉ុកកែត Katyusha រាប់សិបគ្រាប់ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវអ៊ីស្រាអែលដែលបានវាយលើភូមិភាគខាងត្បូង Shama (ប្រទេសលីបង់) ដែលបានសម្លាប់ជនស៊ីវិលអស់មួយចំនួន»។ ក្រសួងសុខាភិបាលលីបង់ បានប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីដើមសប្ដាហ៍ បានបណ្ដាលឲ្យជនស៊ីវិលជាជនជាតិលីបង់ស្លាប់ចំនួន៤នាក់ និងមានមនុស្ស៥នាក់ផ្សេងទៀតរងរបួស ខណៈតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត។
យ៉ាងណា ក្រុមយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអាកាសខ្លួនបានវាយបកនិងកម្ទេចកន្លែងដែលផ្លោងគ្រាប់រ៉ុកកែតទាំងនោះរបស់ក្រុមហេសបូឡារួចហើយ។
ការវាយប្រហារលើកនេះរបស់ក្រុមហេសបូឡា គឺជាការសងសឹកលើកដំបូង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាស ហើយសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ក្រុមហេសបូឡាឈ្មោះ Fuad Shukr កាលពីល្ងាចថ្ងៃទី៣០ខែកក្កដា។ លោក Sayyed Hassan Nasrallah មេដឹកនាំហេសបូឡា បានបញ្ជាក់ថា ការវាយប្រហារនឹងបន្តធ្វើឡើងនៅថ្ងៃទី២ខែសីហាថែមទៀតទៅលើប្រទេសអ៊ីស្រាអែល ដើម្បីជាការសងសឹកឲ្យលោក Shukr។
ក្រោយការសម្លាប់លោក Shukr ប៉ុន្មានម៉ោង អ៊ីស្រាអែលបានបន្តប្រតិបត្តិការរបស់ខ្លួនលើក្រុមហាម៉ាស ហើយបានប្រល័យជីវិតមេដឹកនាំកំពូលម្នាក់គឺលោក Ismail Haniyeh នៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើពិភពលោក។
ទាំងហេសបូឡា និងហាម៉ាស សុទ្ធតែជាក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រពីប្រទេសអ៊ីរ៉ង់ដូចគ្នា។ ក្រុមហេសបូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ ខណៈដែលក្រុមហាម៉ាសកំពុងឈរជើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន AFP ជម្លោះរវាងហេសបូឡានិងអ៊ីស្រាអែលដែលចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុន បានសម្លាប់មនុស្សចំនួន៥៤២នាក់នៅក្នុងប្រទេសលីបង់ ក្នុងនោះភាគច្រើនជាជនសកម្មប្រយុទ្ធហេសបូឡា និងមានជនស៊ីវិលចំនួន ១១៤នាក់។ ចំណែកភាគីអ៊ីស្រាអែលវិញ មានទាហានស្លាប់យ៉ាងហោចណាស់ ២២នាក់ និងជនស៊ីវិល ២៥នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


