ព័ត៌មានអន្ដរជាតិ
កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់សន្តិភាព ឈានដល់ភាពចម្រូងចម្រាសជាសកល
កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលឥឡូវនេះជាបញ្ហានៃការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងកិច្ចចរចាអន្តរជាតិ បានចាប់ផ្តើមជាង៦ទសវត្សរ៍មុនមកម៉្លេះ ក្រោមរូបភាពអភិវឌ្ឍខុសដាច់គ្នាទាំងស្រុងរវាងបច្ចុប្បន្ន និងអតីតកាល ខណៈដំបូងឡើយវាត្រូវបានបង្កើតឡើងក្នុងគោលបំណងជាកិច្ចសហប្រតិបត្តិការសន្តិភាពមួយជាមួយលោកខាងលិចតែប៉ុណ្ណោះ។

មហិច្ឆតានុយក្លេអែររបស់អ៊ីរ៉ង់ បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥៧ នៅពេលដែលខ្លួនបានចូលរួមកម្មវិធី «Atoms for Peace» ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក។ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយទីក្រុងវ៉ាស៊ីនតោន អ៊ីរ៉ង់បានទទួលជំនួយបច្ចេកទេស ហើយនៅឆ្នាំ១៩៦៧ មានម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវដំបូងរបស់ខ្លួនដែលបានដំឡើងនៅសាកលវិទ្យាល័យតេហេរ៉ង់ ដែលដំណើរការដោយសារធាតុអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួច ក្រោមការផ្គត់ផ្គង់ដោយអាមេរិក។

ប្រតិបត្តិការនេះបានបន្តដល់ទសវត្សរ៍ឆ្នាំ១៩៧០ ដោយអ៊ីរ៉ង់ក្រោមការដឹកនាំរបស់អធិរាជ Shah Mohammad Reza Pahlavi បានគូសបញ្ជាក់អំពីផែនការមហិច្ឆិតាក្នុងការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែររហូតដល់ ២០គ្រឿង រួមជាមួយនឹងសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នៅឆ្នាំ១៩៧០ អ៊ីរ៉ង់បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដោយប្តេជ្ញាអភិវឌ្ឍនុយក្លេអ៊ែរដោយសន្តិវិធីក្រោមការត្រួតពិនិត្យអន្តរជាតិ។
ទោះយ៉ាងណាក៏ដោយ បដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ បានផ្លាស់ប្តូរការអភិវឌ្ឍនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការគាំទ្ររបស់លោកខាងលិចបានបញ្ឈប់ គម្រោងដែលកំពុងបន្តត្រូវបានបង្កក ហើយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។ ក្នុងប៉ុន្មានទសវត្សរ៍បន្ទាប់ អ៊ីរ៉ង់បានស្វែងរកការកសាងសមត្ថភាពរបស់ខ្លួនឡើងវិញ ដោយងាកទៅរកប្រទេសដូចជា ប៉ាគីស្ថាន រុស្ស៊ី និង ចិន សម្រាប់ជំនួយកម្មវិធីនុយក្លេអ៊ែរ។
ការយកចិត្តទុកដាក់របស់ពិភពលោក បានផ្ដោតទៅលើប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំងនៅក្នុងឆ្នាំ២០០២ នៅពេលដែលក្រុមប្រឆាំងដែលត្រូវបាននិរទេសខ្លួន បានបង្ហើបឲ្យដឹងពីព័ត៌មាននៃរោងចក្រនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់នៅទីក្រុង Natanz និងទីក្រុង Arak។ ការលាតត្រដាងទាំងនេះ បានបង្កឲ្យមានការស៊ើបអង្កេតដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងនាំឲ្យមានការសង្ស័យកាន់តែខ្លាំងឡើងលើចេតនារបស់អ៊ីរ៉ង់។ ការរកឃើញជាបន្តបន្ទាប់ បានធ្វើឲ្យមានការព្រួយបារម្ភថា ក្រុងតេហេរ៉ង់កំពុងតែបន្តផលិតអាវុធនុយក្លេអ៊ែរក្រោមរូបភាពបន្លំជាកម្មវិធីស៊ីវិល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានក្លាយជាចំណុចសំខាន់នៃភាពតានតឹងការទូត ការដាក់ទណ្ឌកម្ម និងការចរចាកម្រិតខ្ពស់ ដោយក្នុងនោះអ្វីដែលគួរឲ្យយកចិត្តទុកដាក់គឺសន្ធិសញ្ញានុយក្លេអ៊ែរ JCPOA (Joint Comprehensive Plan of Action) ឆ្នាំ២០១៥ជាមួយមហាអំណាចពិភពលោកចំនួន៦ មានដូចជា អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់។ អ៊ីរ៉ង់បានយល់ព្រមកំណត់កម្រិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអន្តរជាតិដ៏រឹងមាំជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
យ៉ាងណាមិញ កិច្ចព្រមព្រៀងបានដួលរលំនៅពេលដែលអាមេរិកដកខ្លួននៅឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានអនុវត្តទណ្ឌកម្មធ្ងន់ធ្ងរឡើងវិញលើទីក្រុងតេហេរ៉ង់។
មកទល់នឹងបច្ចុប្បន្ននេះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥឡូវកំពុងឈានទៅមុខក្នុងល្បឿនដ៏លឿនមិនធ្លាប់មាន។ អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិតភាពសុទ្ធ ៦០% ខណៈកម្រិតគ្រោះថ្នាក់ដែលអាចផលិតអាវុធនុយក្លេអ៊ែរបានគឺ ៩០%។ យោងតាម IAEA ពេលនេះអ៊ីរ៉ង់មានសម្ភារៈគ្រប់គ្រាន់ហើយ ហើយបើបន្តបែបនេះទៀត នោះអ៊ីរ៉ង់នឹងអាចផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់។
ថ្វីត្បិតមានការខិតខំប្រឹងប្រែងពីសំណាក់សហរដ្ឋអាមេរិក មហាអំណាចអឺរ៉ុប និង IAEA ដើម្បីចាប់ផ្តើមកិច្ចសន្ទនាប្រកបដោយអត្ថន័យឡើងវិញក៏ដោយ ក៏កិច្ចពិភាក្សាបានជាប់គាំង។ អ៊ីរ៉ង់ទទូចថា កម្មវិធីរបស់ខ្លួននៅតែមានលក្ខណៈសន្តិភាព ប៉ុន្តែសហគមន៍អន្តរជាតិនៅតែមិនជឿជាក់ ជាពិសេសនៅពេលដែលក្រុងតេហេរ៉ង់បង្កើនសមត្ថភាពមីស៊ីលរបស់ខ្លួន និងពង្រឹងទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និង ចិន៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


