ព័ត៌មានអន្ដរជាតិ
ត្រាំ បន្ទន់ជំហរដាក់ចិនដោយប្រកាសពីការទម្លាក់ពន្ធ ក្រោយចិនសម្ដែងភាពមិនរុញរា
ក្នុងជំហានដោះស្រាយបញ្ហាដែលខ្លួនឯងបង្កើតឡើង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អត្រាពន្ធដ៏ច្រើនលើសលប់លើប្រទេសចិន នឹងត្រូវទម្លាក់ចុះជាគំហុក ដោយលោកបានអះអាងថា លោកបានចរចាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយរំពឹងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Hill។

ក្រោមអ្វីដែលគេហៅថាជាការបន្ទន់ជំហរចំពោះគោលនយោបាយពន្ធគយយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងការិយាល័យពងក្រពើ យ៉ាងដូច្នេះថា៖ «[ពន្ធគយថ្មី] ១៤៥ ភាគរយ គឺខ្ពស់ណាស់។ វានឹងមិនខ្ពស់ដូចនោះទេ វានឹងមិនមានកម្រិតខ្ពស់ក្បែរនោះទេ»។ លោកបន្តថា៖ «វានឹងធ្លាក់ចុះយ៉ាងខ្លាំងគំហុក ប៉ុន្តែវាមិនសូន្យនោះទេ»។
លោក ត្រាំ បានដាក់ពន្ធ ១៤៥ ភាគរយ ស្ទើរគ្រប់មុខទំនិញរបស់ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យមុខទំនិញរបស់ចិនមួយចំនួនជាប់ពន្ធខ្ពស់រហូតដល់ទៅ ២៤៥ ភាគរយ។ ចិនឆ្លើយតបវិញ ដោយប្រកាសដាក់ពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក ហើយថាខ្លួននឹងឈប់អើពើលើការដំឡើងពន្ធបន្ថែមទៀតរបស់ អាមេរិក។ កន្លងមក ភាគីទាំង២ បានបង្ហាញជំហរនៃការចរចារៀងៗខ្លួន ប៉ុន្តែគេមិនឃើញមានការចារចាកម្រិតខ្ពស់ជាសាធារណៈណាមួយកើតឡើងនោះទេ។
ចំពោះលក្ខណៈបែបណានៃការចរចារវាងលោក ត្រាំ និងលោក ស៊ី ប្រធានាធិបតីអាមេរិកដដែល មិនបានបញ្ជាក់ឱ្យច្បាស់ ឬថាតើលោកបានសន្ទនាជាមួយលោក ស៊ី ដោយផ្ទាល់ឬអត់នោះទេ។

លោក ត្រាំ បាននិយាយដោយសំដៅដល់ប្រទេសចិនថា៖ «យើងនឹងធ្វើឱ្យល្អជាមួយគ្នា។ ពួកគេក៏នឹងល្អជាមួយយើង ហើយយើងនឹងឃើញ ថាអ្វីនឹងកើតឡើង។ ប៉ុន្តែនៅទីបំផុត ពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀងមួយ ព្រោះបើមិនដូច្នេះទេ ពួកគេនឹងមិនអាចដោះស្រាយជាមួយសហរដ្ឋអាមេរិកបានទេ»។ លោកបន្តថា៖ «យើងនឹងរស់នៅជាមួយគ្នាដោយរីករាយ និងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ»។
លោកបានលើកឡើងពី «ទំនាក់ទំនងដ៏អស្ចារ្យ» របស់លោកជាមួយលោក ស៊ី ថាជាហេតុផលសម្រាប់សុទិដ្ឋិនិយមរបស់លោក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
កាលពីថ្ងៃអង្គារផងដែរ សេតវិមានបាននិយាយថា ខ្លួនកំពុង «រៀបចំដំណាក់កាលសម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសចិន» ដើម្បីធានាឡើងវិញនូវទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាទំនុកចិត្តរបស់អ្នកវិនិយោគ។

ចំណែកឯរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់កិច្ចប្រជុំឯកជនមួយរបស់វិនិយោគិននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា លោករំពឹងពីការ «បន្ថយភាពតានតឹង» នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ព្រោះមិនមានភាគីណាមួយក្នុងជម្លោះ ដែលគិតថា «ស្ថានភាពបច្ចុប្បន្នមាននិរន្តភាពនោះទេ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គួរគូសបញ្ជាក់ថា ការបន្ទន់ជំហររបស់រដ្ឋបាល ត្រាំ ដាក់ចិននាពេលនេះ ធ្វើឡើងក្រោយប្រទេសចិនកាលពីថ្ងៃចន្ទ បានព្រមានប្រទេសផ្សេងទៀតប្រឆាំងនឹងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលបង្កការខូចខាតដល់ប្រយោជន៍ចិន។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រសិនបើវាកើតឡើង ចិននឹងមិនទទួលយកវាឡើយ ហើយនឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់។ ចិនប្តេជ្ញា និងមានសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន»។
ការប្រកាសយ៉ាងដូច្នេះរបស់ចិន ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា រដ្ឋបាល ត្រាំ អាចដាក់សម្ពាធលើប្រទេសដទៃ ឱ្យកម្រិតពាណិជ្ជកម្មជាមួយចិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


