KPT+
អ្នកស្រាវជ្រាវ ៖ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅសម័យអង្គរ មិនពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុងនោះទេ
លោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តាមការស្រាវជ្រាវដែលមានទិន្នន័យ និងភស្តុតាងថ្មីៗជាច្រើនបង្ហាញថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅសម័យអង្គរ មិនពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុងនោះទេ ពោលគឺទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬជំនួញដែលជួយជំរុញផ្នែកសេដ្ឋកិច្ចដល់អាណាចក្រដ៏ពិសិដ្ឋនេះ។

លើកឡើងនៅក្នុងបាឋកថាសាធារណៈជាស៊េរី ស្ដីពី មរតកវប្បធម៌តាមបណ្ដោយបឹងទន្លេសាប និងទន្លេមេគង្គ នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បុរាណវិទូ អ៊ឹម សុខរិទ្ធី អះអាងថា ទោះបីជារាជធានីអង្គរដែលកាលនោះ នៅកណ្ដាលប្រទេសក៏ពិតមែន។ ប៉ុន្តែរាជធានីដ៏អស្ចារ្យនៃចក្រភពខ្មែរ បានបើកមុខឆ្ពោះទៅកាន់សមុទ្រ តាមរយៈផ្លូវពិសេសមួយតម្រង់ភ្ជាប់ជាមួយសមុទ្រចិនខាងត្បួង ដែលសព្វថ្ងៃនៅក្នុងទឹកដីវៀតណាម និងជាអតីតរាជធានីរបស់ប្រទេសចាម្ប៉ា គឺក្រុងវិជ័យ និងមួយផ្លូវទៀតនៅទិសខាងលិចឆ្ពោះទៅមហាសមុទ្រឥណ្ឌា។
អ្នកស្រាវជ្រាវរូបនេះ បន្តទៀតថា អាណាចក្រអង្គរមានផ្លូវមួយខ្សែទៀត រត់ពីជើងទៅត្បូង ដែលជាសរសៃឈាម តភ្ជាប់ចរន្តសេដ្ឋកិច្ចមកកាន់រាជធានី ខណៈរាជធានីជំនាន់នោះ គឺមានតួនាទីជាបេះដូង ក្នុងការចែកចាយឈាម ឬចែកចាយផលិតផលទៅកាន់គ្រប់តំបន់ទូទាំងប្រទេស។
លោក អ៊ឹ សុខរិទ្ធី អះអាងថា ខ្មែរបុរាណ និងប្រទេសដ៏ទៃទៀតសុទ្ធតែមានរបៀបរបប នៅក្នុងការធ្វើជំនួញ ឬដោះដូរផលិតផល ដោយប្រើបា្រស់ផ្លូវដើម្បីធ្វើចរាចរណ៍លើផ្នែកសេដ្ឋកិច្ច ខណៈការធ្វើកសិកម្ម គឺសម្រាប់ចិញ្ចឹមខ្លួនតែប៉ុណ្ណោះ ហើយផលចម្រើនដ៏ទៃទៀត គឺកើតចេញពីការធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក។
លោកបញ្ជាក់ថា «យើងឧទាហរណ៍មួយពីសិលាចារិកដែលនិយាយអំពីថ្នាំ ថ្នាំដែលប្រើក្នុងមន្ទីរពេទ្យក្នុងសម័យបុរាណ គឺថ្នាំច្រើនណាស់ដែលនាំមកពីស្រុកចិន ហើយថ្នាំមួយប្រភេទធំទៀតនាំមកពីស្រុកឥណ្ឌា ថ្នាំនេះទៀតសោតមិនអាចទុកយូរបានទេ គឺអាយុកាលបានត្រឹម ៤ខែប៉ុណ្ណោះ ដូចនេះបើសិនជាមិនមានផ្លូវគមនាគមន៍ផ្លាស់ប្ដូរទំនិញ សំពៅទៅមកឲ្យទៀងទាត់ទេ គឺមិអាចផ្គត់ផ្គង់ឱសថទៅក្នុងមន្ទីរពេទ្យទាំង ១០២ ក្នុងសម័យនោះបានទេ»។
មន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរារូបនេះ ឲ្យដឹងទៀតថា ក្រៅពីការដោះដូរផលិតផលមួយចំនួន ការជួញដូរអំបិល ពីតំបន់មួយទៅតំបន់មួយក៏ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងការធ្វើពាណិជ្ជកម្មរវាងចក្រភពខ្មែរ និងប្រទេសជាមិត្តផ្សេងទៀតដែរ។ លោកបន្ថែមថា ការយកពន្ធដារទៅលើអ្វីដែលមនុស្សផលិតបាន ហើយនឹងការយកពន្ធពីកម្លាំងពលកម្ម គឺកត្តាសំខាន់មួយ ដែលជួយឲ្យសម័យអង្គរអភិវឌ្ឍបានរីកចម្រើនឆាប់រហ័ស។
តាមការសិក្សាស្រាវជ្រាវ ចក្រភពអង្គរមានបណ្ដាញគមនាគមន៍ធំៗ ដែលចេញពីរាជធានីភ្ជាប់ទៅកាន់តំបន់ ឬនគរផ្សេងៗមានចំនួនសរុបប្រហែលជា ៤០០០គីឡូម៉ែត្រ ដោយមិនទាន់គិតពីបណ្ដាញផ្លូវក្នុងរាជធានីអង្គរ។ អ្នកជំនាញដដែលបន្ថែមថា ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកាលពីជា ១ពាន់ឆ្នាំមុន គឺជាប្រព័ន្ធគ្រប់គ្រងបែបមណ្ឌល ដែលមានអំណាចកណ្ដាលមួយ និងមានរដ្ឋរណបនៅទីតាំងផ្សេងៗគ្នា ចន្លោះពី ១០ទៅ ២០រដ្ឋ។ រដ្ឋរណបទាំងនេះ ចាំបាច់ត្រូវនាំយកសួយសារអាករ ឬផលិតផលដែលខ្លួនផលិតបានមករាជធានី ហើយបន្ទាប់មករាជធានី នឹងចែកចាយទៅតំបន់ផ្សេងៗ ដើម្បីជាទុននៅក្នុងការគ្រប់គ្រងរដ្ឋ។
បើតាមអ្នកស្រាវជ្រាវរូបនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសម័យអង្គរ មានកត្តារួមផ្សំច្រើនយ៉ាងដូចជា៖ កត្តាច្បាប់ទម្លាប់ កត្តាកិច្ចការងារការទូត វីទ្យាសាស្រ្ត វេជ្ជសាស្រ្ត ស្ថាបត្យកម្ម វិស្វកម្ម ដែលកើតចេញពីការអប់រំ ការប្រមូលចំណូលរបស់រដ្ឋ ដែលមានតួឯកជា វិស័យកសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម និងដែលយើងទាំងអស់គ្នាចាត់ទុកថាជា អារ្យធម៌អង្គរដ៏ល្បីល្បាញកាលពីជាង១ពាន់ឆ្នាំមុន៕
អត្ថបទ៖ លន់ សេនី
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


