ព័ត៌មានជាតិ
ខេត្តបាត់ដំបង សេសសល់ប្រាសាទបុរាណ ៤ កន្លែង កម្របរទេសទៅដល់ មិនបានទៅទស្សនា
ជាខេត្តផលិតស្រូវដ៏ធំមួយនៅក្នុងប្រទេស ខេត្តបាត់ដំបងសេសសល់សំណង់ប្រាសាទបុរាណ និងសំណង់បេតិកភណ្ឌជាតិមានផ្ទះខ្មែរបុរាណ វត្តចំណាស់ៗ ក៏ដូចជាសំណង់អគារសាងសង់សម័យអាណានិគមជាច្រើនទៀត។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្រៅពីរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង ខេត្តបាត់ដំបងក៏ជាទីតាំងភូមិសាស្ត្រដែលសម្បូរទៅសំណង់បេតិកភណ្ឌជាតិមានប្រាសាទបុរាណ ផ្ទះខ្មែរអាយុរាប់រយឆ្នាំ ក៏ដូចជាសំណង់អាគារចាស់ៗសម័យអាណានិគមបារាំង។

លោកគឹម សោភ័ណឲ្យដឹងថា ខេត្តបាត់ដំបងបន្សល់ទុកសំណង់ប្រាសាទបុរាណចំនួន ៤ ដែលនៅមានរូបរាងល្អ មានប្រាសាទស្នឹង ប្រាសាទបាណន់ ប្រាសាទបាសែត និងប្រាសាទឯកភ្នំ។ ក្រៅពីប្រាសាទបុរាណ ជាគោលដៅទេសចរណ៍ ទូទាំងខេត្តមានសំណង់បេតិកភណ្ឌជាច្រើន មានវត្តបុរាណចំនួន ១៣៩ កន្លែង ទួលបុរាណជាង ៥០០ កន្លែង សំណង់អាគារសម័យបារាំង ៨២៦ កន្លែង រួមទាំងផ្ទះខ្មែរបុរាណជាង ១០០ កន្លែង និងរាប់រយទៀតដែលមិនទាន់ស្រាវជ្រាវអស់។
បើប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបង តំបន់ប្រាសាទបុរាណជាកន្លែងដ៏សំខាន់ដែលទេសចរណ៍ជាតិនិងអន្តរជាតិកម្រខកខានពេលមកលេងខេត្តបាត់ដំបង ហើយដែលអាជ្ញាធរបានរៀបចំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ។
ប្រាសាទបុរាណទាំង ៤ ដែលសេសសល់ក្នុងខេត្តបាត់ដំបង សាងសង់ឡើងក្នុងសម័យអង្គរ។
បើតាមឯកសាររបស់រដ្ឋបាលខេត្តបាត់ដំបង ប្រាសាទស្នឹងមានទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចទីរួមខេត្តបាត់ដំបង ដែលមានចម្ងាយជាង ២២ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧។ ប្រាសាទនេះកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ ដោយបែងចែកជាពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។

ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង កសាងអំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈដូចជាចេតិយចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទដែលកសាងក្នុងសតវត្សន៍ទី១២។ នៅពីខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបកាសាងថ្មី ហើយស្ថិនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាការវត្ត។
ប្រាសាទឯកភ្នំវិញ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧ គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយប្រហែល ១២ គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។

ប្រាសាទឯកភ្នំ កសាងឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា។
ប្រាសាទចំណាស់នេះមានទីធ្លាប្រមាណ ៣០ម៉ែត្រ ហើយមានថែវព័ទ្ធជុំវិញប្រាសាទពីទិសខាងកើតទៅទិសខាងលិចមានប្រវែង ២៥ ម៉ែត្រ។ ពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។
ប្រាសាទនេះមានដើមពោធិ៍ដុះជុំវិញជាច្រើនដើម បង្កើតជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសម្រាបប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។

ចំណែកប្រាសាទបាណន់ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ សាងសង់ឡើងនៅលើកំពូលភ្នំបាណន់ ស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបង ចម្ងាយប្រមាណ ២០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវលេខ ៨០០ អមតាមមាត់ស្ទឹងសង្កែ។ វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។
ប្រាសាទបាណន់ សាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ ព្រះរាជាដែលបាន កសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។ ប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់។
នៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងមួយឈ្មោះ ល្អាងអង្គរបិទមាស មានន័យថាជពា្ជាំងគ្របដណ្ដប់ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ អាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និងល្អាងមួយទៀតឈ្មោះល្អាងឈូង ហៅថាឈូងអាជ័យ។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់។
អី្វដែលសំខាន់ជាងនេះនៅក្នុងល្អាង នៅលើភ្នំ ជ្រលងភ្នំ ក្រៅពីព្រៃឈើក្រាស់ៗ ក៏មានសត្វជាច្រើនប្រភេទរស់នៅផងដែរ។

រីឯប្រាសាទបាសែតជាប្រាសាទចុងក្រោយ សង់លើទីទួលស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចំងាយ ១៤ គ.ម ដោយគិតចាប់ពីសាលាខេត្ត។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២។
នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំងខួបវស្សា៕
អត្ថបទ៖ ប៊ុណ្ណរ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ